ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យុវជន​ជា​កម្លាំង​បន្តវេន និង​ជា​ធនធានមនុស្សយ៉ាង​សំខាន់​ នៃ​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ

3 ខែ មុន

រាជធានីភ្នំពេញ ៖ យុវជន​គឺជា​កម្លាំង​បន្តវេន និង​ជា​ធនធានមនុស្ស​យ៉ាង​សំខាន់ និង​ប្រកបដោយ​សក្តានុពល​របស់​ស្ថាប័ន និង​ប្រទេស​ជាតិ សម្រាប់ ការ​ចូលរួម​ចំណែក​ក្នុង​បុព្វហេតុ​ការពារ កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ​…

រាជធានីភ្នំពេញ ៖ យុវជន​គឺជា​កម្លាំង​បន្តវេន និង​ជា​ធនធានមនុស្ស​យ៉ាង​សំខាន់ និង​ប្រកបដោយ​សក្តានុពល​របស់​ស្ថាប័ន និង​ប្រទេស​ជាតិ សម្រាប់ ការ​ចូលរួម​ចំណែក​ក្នុង​បុព្វហេតុ​ការពារ កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ ឱ្យ​សម្បូរ​រុងរឿង​ ។

លោក​ជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​នៅ​ក្នុង​ពិធី​សម្ភោ​ធ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​ថ្មី​វិទ្យាល័យ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពុងធំ នៅ​ថ្ងៃ​ទី ៩ ខែ មិថុនា ឆ្នាំ ២០២៤ នេះ​ថា នៅ​ក្នុង​យុគសម័យ​នៃ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ផ្អែក​លើ​មូលដ្ឋាន​ចំណេះដឹង បច្ចុប្បន្ន​នេះ​, យុវជន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​ជាតិ ​។ ដូច​ពាក្យ​ខ្មែរ​យើង​ថា “​ទំពាំង​ស្នង​ឫស្សី​” មាន​ន័យ​ថា យុវជន​គឺជា​កម្លាំង​បន្តវេន និង​ជា​ធនធានមនុស្ស​យ៉ាង​សំខាន់ និង​ប្រកបដោយ សក្តានុពល​របស់​ស្ថាប័ន ឬ​ប្រទេស​ជាតិ​មួយ សម្រាប់​រួមចំណែក​ក្នុង​បុព្វហេតុ ការពារ កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ខ្លួន​ឱ្យ សម្បូរ​រុងរឿង ក្នុង​នោះ​បើ​ប្រទេស​ជាតិ​ណា​ដែល​សម្បូរ​យុវជន​-​យុវនារី ដែល​មានចំណេះ​ដឹង​ច្រើន ប្រកបដោយ​សក្តានុពល គឺជា​ប្រភព ធនធាន​សម្បូរ​បែប សម្រាប់​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ ។

លោក​ជំទាវ​បណ្ឌិត បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​និង​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​ស្វាហាប់ និង​បន្ត​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ទៅ​លើ​វិស័យ​សំខាន់​ៗ​នានា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជាតិ​។ ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ជា​អាទិភាព​ទី ​១ នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់ កាល​ទី​១ ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ​។

ជាក់ស្តែង​សម្តេច​ធិ​បតី​នាយក​រដ្ឋ​មន្តី បាន​ផ្ដល់​អនុសាសន៍​គន្លឹះ​៤​ចំណុច សំដៅ​លើកកម្ពស់​គុណភាព​អប់រំ​ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹងគុណភាព​សាលារៀន​រដ្ឋ រួម​មាន ៖ ទី​១. ការ​ពង្រឹង​អភិបាលកិច្ច​សាលារៀន​, ទី ​២. ការ​ពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យ​ស្របទៅ​តាម​តម្រូវការ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបថ​របស់​សិស្ស​, ទី​ ៣. ការ​យកចិត្តទុកដាក់​លើ​សុខភាព​របស់ សិស្ស តាម​រយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការ​ត្រួតពិនិត្យ​គុណភាព ចំណីអាហារ​នៅ​តាម​សាលា​, និង​ទី​ ៤. ការ​ជំរុញ និង​លើក ទឹកចិត្ត​ការ​ចូលរួម​របស់​មាតាបិតា អាណាព្យាបាល​និង​សហគមន៍​ក្នុង​ការ​អប់រំ ស្រប​តាម​ពាក្យស្លោក “​ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​ការ​អប់រំ​”​ ។

លោក​ជំទាវ​បណ្ឌិត ជា សិរី លើក​ឡើង​បន្ថែម​ថា ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ឱ្យ​បាន​រីក​ចម្រើន​ទៅ​មុខ គឺ​ពឹងផ្អែក​លើ​កត្តា​សំខាន់​ៗ ចំនួន​២​រួម​មាន​៖ ទី ​១. កត្តា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រួម​មាន​ផ្លូវថ្នល់ សាលារៀន បណ្ណាល័យ បរិក្ខា​សាលា និង​សម្ភារ​សិក្សា​ជាដើម​, និង ទី ​២. កត្តា​គុណភាព​នៃ​ការ​អប់រំ​សំដៅលើ​គុណភាព​កម្មវិធី​សិក្សា ការ​ពង្រឹង​វិន័យ​សិក្សា និង​គ្រូបង្រៀន ដែល​មានចំណេះ​ដឹង​ខ្ពស់​ផ្នែកឯកទេស និង​គរុកោសល្យ​ក្នុង​ការ​បង្រៀន​, ជាក់ស្តែង​សមិទ្ធផល​អគារសិក្សា​ថ្មី​នេះ គឺ​បាន​បង្ហាញ​ពី​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​តែ​ម្តង​ ។

សូម​បញ្ជាក់​ថា អគារសិក្សា​មួយ​ខ្នង មាន​កម្ពស់​ ២ ​ជាន់ ស្មើនឹង ១២ ​បន្ទប់ និង​មាន​បំពាក់​គ្រឿង​បរិក្ខារ​តាម​បន្ទប់​នីមួយ​ៗ, គាំទ្រ​ឧបត្ថម្ភ ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​កសាង​ដោយ​ធនាគារ​ឯកទេស ខេ​ប៊ី ដេ​ហាន ម​.​ក​, ក្នុង​ពិធី​នេះ​ដែរ ធនាគារជាតិ​នៃ​កម្ពុជា នឹង​មាន​ឧបត្ថម្ភ​វគ្គ​រៀន បំប៉ន​ជូន​សិស្ស​ថ្នាក់​ទី​ ១២ នៅ​ក្នុងស្រុក​ស​ន្ទុ​ក និង​ផ្ដល់​អាហារូបករណ៍​ជូន​សិស្ស​និទ្ទេស A ឱ្យ​បាន​សិក្សា​នៅ​មណ្ឌល​សិក្សា​បច្ចេកទេស ធនាគារ ​។ ក្រៅពី​នេះ​ក៏​បាន​នាំ​យក​នូវ​អំណោយ និង​ប្រាក់​ឧបត្ថម្ភ ដើម្បី​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៨៥៧​នាក់ រួម​មាន នាយក​-​នាយករង លោកគ្រូ​-​អ្នកគ្រូ​, ក្រុមប្រឹក្សា​ឃុំ និង​ភូមិ​តាំងក្រសាំង​, ស​.​ស​.​យ​.​ក​, យុវជន​កាកបាទក្រហម​, សិស្ស​កាយ​រឹទ្ធ​, សិស្សានុសិស្ស​, តំណាង​មាតាបិតា និង​ប្រជាពលរដ្ឋ​ផង​ដែរ​ ៕ អត្ថបទសហការ