ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

CCAWDU​ និង ​CUMW ហៅ​របាយការណ៍​របស់ សង់​ត្រា​ល់​ មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាពពិត​ នៃវិស័យ​កាត់ដេរ​ នៅ​កម្ពុជា​ដោយ​គ្រាន់តែ​ជា​ទស្សនៈ​មួយ​ជ្រុង​ប៉ុណ្ណោះ

3 ខែ មុន

រាជធានីភ្នំពេញ ៖ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​(CCAWDU) និង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​(CUMW) បាន​ចេញ​សេចក្តីថ្លែងការណ៍ និង​ប្រតិកម្ម​ឆ្លើយ​តប​ហៅ​ការ​រក​ឃើញ​របស់​សង់​ត្រា​ល់ ​ថា គ្មាន​ភាព​ជា​តំណាង…

រាជធានីភ្នំពេញ ៖ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​(CCAWDU) និង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​(CUMW) បាន​ចេញ​សេចក្តីថ្លែងការណ៍ និង​ប្រតិកម្ម​ឆ្លើយ​តប​ហៅ​ការ​រក​ឃើញ​របស់​សង់​ត្រា​ល់ ​ថា គ្មាន​ភាព​ជា​តំណាង មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​ នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា និង​គ្រាន់តែ​ជា​ទស្សនៈ​មួយ​ជ្រុង​ប៉ុណ្ណោះ ​។ ការ​ចេ​ញេ​សេចក្តីថ្លែងការណ៍ និង​ប្រតិកម្ម​បែប​នេះ បន្ទាប់​ពី​អង្គការ​សង់​ត្រា​ល់​បាន​ចេញ​របាយការណ៍​កាលពី​ថ្ងៃ​ទី​ ៤ ​ខែមិថុនា​កន្លង​ទៅ​ស្តី​ពី​សេរីភាព​សហជីព​នៅ​កម្ពុជា ​។

ក្នុង​សេចក្តីថ្លែងការណ៍​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​ ៩ ខែមិថុនា ឆ្នាំ ​២០២៤ ​នេះ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​(CCAWDU) បាន​សង្កត់ធ្ងន់​ថា​របាយការណ៍​សង់​ត្រា​ល់ ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ព័ត៌មាន​បន្ថែម​ក្នុង​ការ​ជំរុញ​ឲ្យ​សេរីភាព​សហជីព​កាន់តែ​ប្រសើរ​ប៉ុណ្ណោះ​ដែល​មិន​អាច​តំណាង​ឱ្យ​ស្ថានភាព​នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នោះ​ឡើយ​ព្រោះ​សហជីព​នៅ​កម្ពុជា​រួម​ទាំង CCAWDU និង​សហជីព​ជាង​ ៦០០០ ​ផ្សេង​ទៀត​កំពុង​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ ទៅ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ជា​ធម្មតា ​។

សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ​៖ «​សហជីព​ទូទៅ​នៅ​ប្រទេស​កម្ពុជា អាច​អនុវត្ត​សកម្មភាព​របស់​ខ្លួន​បាន​ទៅ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ យើង​អាច​បញ្ជាក់​ភស្តុ​តាង​បាន​តាម​វត្តមាន​របស់​ស៊ី​ខៅ​ឌូ និង សកម្មភាព​របស់​ខ្លួន ហើយ​ក៏​មាន​សហជីព និង​សហព័ន្ធ​ដែល​បម្រើ​ផលប្រយោជន៍​ ជូន​កម្មករ និយោជិត​កំពុង​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដែរ ​។ ចំពោះ​បញ្ហា សេរីភាព​សហជីព​យើង​បាន និង​កំពុង​ជួប​ឧបសគ្គ​ខ្លះ​ៗ​ ដែល​ប្រទេស​ផ្សេង​ៗ​ក៏​ជួប​ដូច​គ្នា​ដែរ ប៉ុន្តែ​យើង​កំពុងធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ដូច​ជា​រាជរដ្ឋាភិបាល និយោជក ម្ចាស់​ម៉ាក និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ (ILO-BFC) ជាដើម ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ជា​បន្តបន្ទាប់​ ។ ចំពោះ​កិច្ចការ​ទំនាក់ទំនង​វិជ្ជាជីវ​:​នៅ​ក្នុង​ឧស្សាហកម្ម​កម្ពុជា​មាន​ស្ថាន​ភាពល្អ និង អាច​គ្រប់គ្រង​បាន​ដើម្បី​លើកកម្ពស់​សិទ្ធិ​និង​ផលប្រយោជន៍​កម្មករ និយោជិត ឲ្យ​ប្រសើរ​ឡើង​» ​។

ទន្ទឹម​នឹង​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មក ​(CUMW) លោក​ប៉ាវ ស៊ី​ណា វិញ​ហៅ​របាយការណ៍​របស់​សង់​ត្រា​ល់​ថា គ្មាន​ភាព​ជា​តំណាង​ដោយ​ធ្វើការ​តែ​ជាមួយ​សហជីព​ចំនួន​ពីរ និង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​រោងចក្រ ​១០ ​ប៉ុណ្ណោះ ដូចនេះ​មិន​អាច​ចាត់​ទុក​ត្រឹមត្រូវ​ឡើយ ​។ លោក​ប៉ាវ ស៊ី​ណា​ ៖ «ក្នុងរបាយការណ៍ ប្រើ​ឈ្មោះ តែ ២ ស្ថាប័ន​ប៉ុណ្ណោះ CATU & CCAWDU ហើយ យក​គោលដៅ​តែ ១៤ រោងចក្រ ក្នុង​ចំណោម ជាង ៧០០ រោងចក្រ ជា​សមាជិក BFC» ។

សម្រាប់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មក របាយការណ៍​ដែល​មិន​ឆ្លុះ​បញ្ចាំង​ស្ថានភាព​ពិត​បែប​នេះ មិន​ត្រឹមតែ​វាយប្រហារ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ ​(BFC)​ ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​កំពុង​តែ​ធ្វើ​ឱ្យ​មាន​ក្តី​ព្រួយបារម្ភ​ដល់​អ្នកបញ្ជា​ទិញ ​។

ជាមួយ​គ្នា​នេះ សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​(CCAWDU) ​ព្រមាន​អង្គការ​សង់​ត្រា​ល់​មិន​អាច​យក​របាយការណ៍​ ដែល​ខ្លួន​សហការ​ធ្វើ​ជាមួយ​នេះ​ប្រើប្រាស់ ​ក្នុង​គោលបំណង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ភាគី​ណាមួយ​ឡើយ ​៕ អត្ថបទសហការ