ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ​៖ ចិន​-​កម្ពុជា បាន​ព្រមព្រៀង​គ្នា​បញ្ជូន​អត្ត​ព​លិ​ក​ម៉ា​រ៉ា​តុង​អាជីព និងស្ម័គ្រចិត្ត ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុងទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ឆ្នាំ

3 អាទិត្យ មុន

ទីក្រុង​តា​លី ខេត្ត​យូ​ណា​ន ប្រទេស​ចិន ​៖ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋបាល​ក្រុង​តា​លី ខេត្ត​យូ​ណា​ន ប្រទេស​ចិន និង​ដោយ​បានការ​អនុញ្ញាត​ច្បាប់​ពី​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី ​១៧…

ទីក្រុង​តា​លី ខេត្ត​យូ​ណា​ន ប្រទេស​ចិន ​៖ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋបាល​ក្រុង​តា​លី ខេត្ត​យូ​ណា​ន ប្រទេស​ចិន និង​ដោយ​បានការ​អនុញ្ញាត​ច្បាប់​ពី​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី ​១៧ ខែឧសភា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ទៅ​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​តា​លី​ម៉ា​រ៉ា​តុង​ឆ្នាំ​ ២០២៤ ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៩ ខែឧសភា ឆ្នាំ ២០២៤ នៅ​ទីក្រុង​តា​លី ខេត្ត​យូ​ណា​ន ប្រទេស​ចិន ​។

ក្រោយ​ពី​បាន​ចូលរួម​ព្រឹត្តិការណ៍​តា​លី​ម៉ា​រ៉ា​តុង​រួច​មក នា​ល្ងាច​ថ្ងៃ​ទី​ ១៩ ខែឧសភា ឆ្នាំ ​២០២៤ គណៈប្រតិភូ​កម្ពុជា និង​ភាគី​ចិន បាន​ជួប​ពិភាក្សា​ការងារ និង​ចុះហត្ថលេខា​លើ​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី “​កា​រត់ប្រណាំង​ទីក្រុង​ភ្លោះ​” រវាង “​ចក្រភព​អង្គរ​ម៉ា​រ៉ា​តុង​” និង “​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង តា​លី​ម៉ា​រ៉ា​តុង​” ដែល​កន្លង​មក​បាន​ចុះហត្ថលេខា​រវាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​រដ្ឋបាល​កីឡា​ខេត្ត​យូ​ណា​ន កាលពី​ថ្ងៃ​ទី ០៧ ខែឧសភា ឆ្នាំ ​២០២៣ នៅ​រាជធានី​ភ្នំពេញ ​។

បើ​តាម​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បញ្ចា​ក់ថា ក្នុង​ជំ​ហ៊ាន​ទី ​១ នេះ ភាគី​ចិន​នឹង​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​អាជីព ចំនួន​ ១០០​ នាក់ និង​អត្ត​ព​លិ​ក​ស្ម័គ្រចិត្ត ចំនួន ៥០០​ នាក់ ឬ​អាច​ច្រើន​ជាង​នេះ មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ ៤២​ គម (Angkor Empire Marathon) នៅ​ខេត្តសៀមរាប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ០៤ ខែសីហា ឆ្នាំ​ ២០២៤ ខាង​មុខ​នេះ​ ។

ជាង​នេះ​ទៀត ភាគី​ចិន​នឹង​ជួយ​បណ្តុះបណ្តាល​ដល់​អត្ត​ព​លិ​ក និង​មន្ត្រី​កីឡា​កម្ពុជា និង​ត្រៀម​បញ្ជូន​គ្រូបង្វឹក​មក​ជួយ​កម្ពុជា តាម​សំណូមពរ​របស់​ភាគី​កម្ពុជា ​។ ម្យ៉ាងទៀត ភាគី​ចិន​មាន​បំណង​យក​ព្រឹត្តិការណ៍​កីឡា​ម៉ា​រ៉ា​តុង​នេះ​ដើម្បី​នាំមុខ​ក្នុង​ការ​ជំរុញ​កិច្ចសហការ​ផ្នែក​វប្បធម៌ ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន ពិសេស​រវាង​ក្រុង​តា​លី (​ខេត្ត​យូ​ណា​ន​) និង​ខេត្តសៀមរាប ដែល​ជាទី​ក្រុង​សម្ព័ន្ធមេត្រី​ ។ ចំពោះ​ករណី​នេះ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​គាំទ្រ​នូវ​អ្វី​ដែល​ភាគី​ចិន​បាន​លើក​ឡើង ហើយ​សន្យា​ថា នឹង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល ដើម្បី​សុំ​គោលការណ៍​អនុញ្ញាត​ជា​បន្តបន្ទាប់ ​។

គួរ​បញ្ជាក់​ថា ទីក្រុង​តា​លី គឺជា​ទីក្រុង​ដ៏​ស្រស់​ស្អាត មានសម្បត្តិ​បេតិកភណ្ឌ វប្បធម៌ និង​ធម្មជាតិ​ដ៏​សំបូរ​បែប ពិសេស​មាន​អំណោយផល​ដល់​ការ​រៀបចំ​កីឡា​ម៉ា​រ៉ា​តុង និង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ផ្សេង​ៗ​ទៀត (​ដោយ​មាន​អាកាសធាតុ​ទាប​ជាង ២៦​អង្សា​សេ​)​។ ដូច្នេះ​ការ​រៀបចំ​កិច្ចព្រមព្រៀង និង​ផែនការ​សកម្មភាព​នេះ គឺ​ពិតជា​សក្តិ​សម​ណាស់​ក្នុង​កា​រត​ភ្ជាប់​រវាង​ទីក្រុង​តា​លី​របស់​ចិន ជាមួយ​ទីក្រុង​សៀមរាប​អង្គរ​របស់​កម្ពុជា ហើយ​ដែល​បច្ចុប្បន្ន​នេះ​ក៏​មាន​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​គុន​មីង មក​ភ្នំពេញ និង​មក​សៀមរាប​អង្គរ​ផង​ដែរ​ ៕ អត្ថបទសហការ