ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ រំលឹក​ថា​ ភាព​ជោគជ័យ​នៃ​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​ប្រវេសន៍ ត្រូវការ​ការ​ចូលរួម​យ៉ាង​ជិត​ស្និទ្ធ​ពី​ភាគី​ប្រទេស​ទទួល និង​ប្រទេសបញ្ជូន

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​ ២០ ខែឧសភា ឆ្នាំ​…

រាជធានីភ្នំពេញ ៖ ឯកឧត្តម​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​ ២០ ខែឧសភា ឆ្នាំ​ ២០២៤​ នេះ បាន​ថ្លែង​រំលឹក​ថា​ភាព​ជោគជ័យ​លើ​កិច្ច​គាំពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេស​ន្ត​ប្រវេសន៍ ត្រូវការ​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​និង​ជិត​ស្និទ្ធ​បំផុត​ ពី​ភាគី​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​ដែល​ក្នុង​នោះ​ក៏​មាន​ដែរ​វិស័យ​ឯកជន​ដែល​ទទួល​សិទ្ធិ​ជ្រើសរើស​និង​បញ្ជូន​ពលករ​ដែល​ជា​ភាគី​ប្រតិបត្តិ​ផ្ទាល់​ជាមួយ​ពលករ ​។

ឯកឧត្តម ថ្លែង​យ៉ាងដូច​នេះ គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ចូលរួម ​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ និង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​គម្រោង “​ការ​ធានា​ឱ្យ​បាន​ការងារ​សមរម្យ និង​ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​សម្រាប់​ស្ត្រី និង​កុមារ​ក្នុង​បរិបទ​ទេស​ន្ត​ប្រវេសន៍​ការងារ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​”​ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល តំណាង​សហគមន៍​អឺរ៉ុប និង​បណ្តា​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ​។

ឯកឧត្តម​រដ្ឋមន្ត្រី សង្កត់ធ្ងន់​ថា កម្ពុជា​ដែល​ជា​ប្រទេស​ឈានមុខ​គេ​លើ​កិច្ច​គាំពារ​សិទ្ធិ​ពលករ​ដែល​បាន​ចង​ភ្ជាប់​ដោយ​ច្បាប់ បាន​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ពលករ​របស់​ខ្លួន​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​បរទេស ប៉ុន្តែ​ដើម្បី​ឱ្យ​ពលករ​ត្រូវ​បានការ​គាំពារ​សិទ្ធិ​យ៉ាង​ពេញលេញ ត្រូវការ​កិច្ច​គាំពារ​ពី​ប្រទេស​ទទួល​ដែល​ពលករ​ស្នាក់​នៅ និង​ភាគី​ឯកជន​នៃ​ប្រទេស​ទទួល​ផង​ដែរ​ព្រោះ​ជា​អ្នកគ្រប់គ្រង និង​ធ្វើការ​ផ្ទាល់​ជាមួយ​ពលករ​ ។

ត្រង់​ចំណុច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​ដៃគូ​អន្តរជាតិ​បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​សារ​ធារ​ណ​ជន​ឱ្យ​បាន​យល់​ថា​ញ្ហា​ពលករ​ទេសន្តរប្រវេសន៍ គឺជា​ការ​ទទួលខុសត្រូវ​រួម​គ្នា​រវាង ភាគី​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​ដោយ​បូក​បន្ថែម​នូវ​ភាគី​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មិន​គួរតែ​ជា​បន្ទុក​របស់​ប្រទេស​បញ្ជូន ឬ​ភាគី​ណាមួយ​នោះ​ឡើយ​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បន្ថែម​ថា ភាព​ជោគជ័យ​នៃ​ពលករ​ទេស​សន្តរ​ប្រវេសន៍ ត្រូវការ​គ្រប់​ភាគី​សប្បាយចិត្ត​និង​ទទួលយក ពោល​គឺ ប្រទេស​បញ្ជូន​រីករាយ​ព្រោះ​ផ្តល់​ជម្រើស​ការងារ​ជូន​ប្រជាជន​ខ្លួនឯង​, ប្រទេស​ទទួល​ក៏​មាន​កម្លាំង​ពលករ​ដើម្បី​គាំទ្រ​កំណើនសេដ្ឋកិច្ច​, ក្រុមហ៊ុន​បញ្ជូន និង​ទទួល​ក៏​រីករាយ​ចំពោះ​ប្រតិបត្តិការ​របស់​ខ្លួន ហើយ​ពលករ និង​ក្រុម​គ្រួសារ ក៏​រីករាយ​ជាមួយ​ចំណូល និង​ទទួល​បាន​កិច្ច​គាំពារ​ដោយ​សុវត្ថិភាព គ្មាន​កា​រើស​អើ​ស និង​គ្មាន​បញ្ហា​ប្រឈម​ណាមួយ​ក្នុង​ប្រទេស​ទទួល ​៕ អត្ថបទសហការ