រាជធានីភ្នំពេញ ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជ ឈានមុខមួយក្នុងប្រទេសកម្ពុជា បានផ្តោតសំខាន់ទៅលើការនាំមកនូវភាពងាយស្រួល និងពង្រឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុទៅកាន់អតិថិជន ជាមួយនឹងការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវទីតាំងថ្មី នៃធនាគារ កាណាឌីយ៉ា សាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ ៦ ។ ទីតាំងថ្មីនេះស្ថិតនៅផ្សារទំនើប ប៊ីកទ្រីម៉ល ជាន់ផ្ទាល់ដី និងជាន់ទី ១ ដែលស្ថិតនៅលើផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវទីតាំងថ្មីនៃសាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ ៦ បង្ហាញអំពីការប្តេជ្ញារបស់ធនាគារ កាណាឌីយ៉ា លើការបន្តនាំមកនូវសេវាកម្មធនាគារដ៏ល្អប្រសើរ ដើម្បីសម្របទៅតាមតម្រូវការ នឹងតម្រូវការរបស់អតិថិជន ។
ជាមួយនឹងទីតាំងកាន់តែធំទូលាយ ទំនើប និងមានផាសុខភាព មិនតែប៉ុណ្ណោះបុគ្គលិកដ៏រួសរាយរបស់ធនាគារ កាណាឌីយ៉ា ត្រៀមរួចជាស្រេចក្នុងការបម្រើសេវាកម្មធនាគារជូនអតិថិជនគ្របតម្រូវការ ។ អតិថិជនអាចស្វែងរកផលិតផល និងសេវាកម្មធនាគារគ្រប់ប្រភេទ រួមមាន សន្សំប្រាក់ ហិរញ្ញប្បទានធុរកិច្ច ផ្ទេរប្រាក់ចេញ និងចូលពីក្រៅប្រទេស សេវាកម្មទូទាត់ប្រាក់ផ្សេងៗ ដូចជា កាតឥណពន្ធ ឬឥណទាន ម៉ាស៊ីន POS និង KHQR ក៏ដូចជាសេវាកម្មឌីជីថលផ្សេងៗផងដែរ ។
បន្ថែមពីលើនេះ សាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ ៦ ក៏បានបំពាក់នូវម៉ាស៊ីនស្វ័យសេវាធនាគារដែលមានដូចជា ម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនដាក់ប្រាក់ និងដកប្រាក់ (CRM) ដែលអតិថិជនអាចប្រើប្រាស់ ២៤/៧ ។ ធនាគារ កាណាឌីយ៉ា សាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ បើកបម្រើការថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ រសៀល និងថ្ងៃសៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១១ និង ៣០ នាទីព្រឹក ។
លោក Raymond Sia អគ្គនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា មានក្តី សោមន្សរីករាយក្នុងការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៃទីតាំងថ្មី របស់សាខាប្ញស្សីកែវ ។ លោកមានប្រសាសន៍ថា ៖« វត្តមានដ៏រឹងមាំជាង ៣៣ ឆ្នាំ របស់ធនាគារ កាណាឌីយ៉ា អាចកើតឡើងទៅបានដោយសារតែការទទួលនូវការគាំទ្រយ៉ាងមុតមាំ ពីសំណាក់អតិថិជនរបស់យើង ។ គោលដៅចំបងរបស់យើងខ្ញុំ គឺពង្រីកវត្តមានទៅកាន់ទូទាំងប្រទេស ធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការទទួលបាននូវផលិតផល ដំណោះស្រាយ និងសេវាកម្មធនាគាររបស់យើងខ្ញុំ ។ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយជាខ្លាំង ក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងថ្មីរបស់សាខាខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ ៦ ដែលទីតាំងថ្មីនេះ ប្រាកដជានឹងធ្វើឱ្យការទទួលសេវាកម្ម និងផលិតផលហិរញ្ញវត្ថុកាន់ តែងាយស្រួលសម្រាប់អតិថិជនយើងខ្ញុំ» ។
លោកបន្តថា ខណ្ឌប្ញស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ ៦ គឺជាតំបន់មួយដែលរីកចម្រើនយ៉ាងឆាប់រហ័ស ប្រកបដោយសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើក ។ ជាមួយទីតាំងដ៏ប្រណិតរបស់សាខាថ្មី ក្នុង Bigtree Community Mall ព្រមទាំងសេវាកម្មហិរញ្ញវត្ថុពេញលេញ យើងសង្ឃឹមថាធនាគារ កាណាឌីយ៉ា នឹងបន្តជាដៃគូហិរញ្ញវត្ថុ ជាទីទុកចិត្តរបស់លោកអ្នក មិនថាជាអតិថិជនរបស់ផ្សារទំនើប ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងម្ចាស់សហគ្រាសផ្សេងៗ ។ យើងតែងតែងបើកទ្វារជានិច្ចសម្រាប់អាជីវកម្ម និងសូមស្វាគមន៍អតិថិជនទាំងអស់គ្នា មកទទួលយកសេវាកម្មហិរញ្ញវត្ថុ និងពិភាក្សាជាមួយបុគ្គលិកដ៏ជំនាញរបស់យើង គ្រប់តម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក ។
អំពីធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩១ ។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ឧត្តមភាព ពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក៏ដូចជាឈ្នះពានរង្វាន់ពីថ្នាក់តំបន់ និងអន្តរជាតិជាច្រើនក្នុងឆ្នាំ ២០២៣ ដូចជា “ធនាគារក្នុងស្រុកឆ្នើមបំផុត” ពីស្ថាប័ន International Finance “ ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម” ពីស្ថាប័ន The Digital Banker “ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្ម” ពីស្ថាប័ន Asiamoney “ធនាគារឆ្នើមបំផុតសម្រាប់រូបវន្តបុគ្គល” ពីស្ថាប័ន The Asian Banker ក៏ដូចជារង្វាន់ពានរង្វាន់ឧត្តមភាពបច្ចេកវិទ្យាកម្ពុជា សម្រាប់ធនាគារឌីជីថល ពីស្ថាប័ន Asian Business Review ។
គិតត្រឹមដើមឆ្នាំ ២០២៤ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន ៦៨ ទូទាំង ២៥ ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថល និងធនាគារស្វ័យប្រវត្តិ ជាង ៥០០ កន្លែង ទូទាំងប្រទេស ។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ៨៦៨ ២២២ ឬចូលទៅកាន់គេហទំព័រ ៖ www.canadiabank.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ