ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បងប្អូនជនជាតិដើមភាគតិចខេត្តរតនគិរី ទទួលការបណ្តុះបណ្តាលផ្នែកចំណេះដឹងហិរញ្ញវត្ថុ ដើម្បីចៀសផុតពីបំណុលវ័ណ្ឌ ក

8 ខែ មុន

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋនៅភូមិដាច់ស្រយាលដែលជាជនជាតិដើមភាគតិច គ្រឹង, ព្រៅ, ទំពួន និងចារ៉ាយ ក្នុងខេត្តរតនគិរី ទទួលបានការបណ្តុះបណ្តាលផ្នែកចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឱ្យពួកគាត់ចៀសផុតពីបំណុលវ័ណ្ឌ…

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋនៅភូមិដាច់ស្រយាលដែលជាជនជាតិដើមភាគតិច គ្រឹង, ព្រៅ, ទំពួន និងចារ៉ាយ ក្នុងខេត្តរតនគិរី ទទួលបានការបណ្តុះបណ្តាលផ្នែកចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឱ្យពួកគាត់ចៀសផុតពីបំណុលវ័ណ្ឌ ក ។ ធនាគារ ABA និងក្រុមហ៊ុនរបស់កាណាដា Angkor Resources Corp. ដែលជាដៃគូអនុវត្តកិច្ចការទំនួលខុសត្រូវសង្គមរបស់ ABA បានរៀបចំ និងបង្កើត «កម្មវិធីពង្រឹងសមត្ថភាពប្រជាសហគមន៍នៅតំបន់ដាច់ស្រយាល តាមរយៈថ្នាក់ចំណេះដឹងហិរញ្ញវត្ថុ» ក្នុងគោលបំណងអភិវឌ្ឍន៍ចំណេះដឹង និងជំនាញរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងនោះ ហើយអាចឱ្យពួកគាត់ពង្រឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រួសារប្រកបដោយ ភាពឈ្លាសវៃ និងក្នុងឥរិយាបថល្អប្រសើរ ។

លោក Gordon Paterson ប្រធានអភិវឌ្ឍន៍គម្រោងឯករាជ្យក្នុងខេត្តរតនគិរី មានប្រសាសន៍ថា «ពីដំបូងប្រជាពលរដ្ឋជាច្រើនមិនបានដឹងអំពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះទេ ។ ប៉ុន្តែ ក្រោយមកពួកគាត់បានប្រាប់គ្រូបណ្តុះបណ្តាលថា អ្នកភូមិទាំងឡាយបានយល់ជ្រួតជ្រាបពី ខ្លឹមសារមេរៀន ហើយពួកគាត់ពិតជាសប្បាយចិត្តណាស់» ។ «ឥឡូវនេះពួកគាត់ស្គាល់ច្បាស់អំពីអនាគតសហគមន៍របស់ពួកគាត់ ហើយបានលើកទឹកចិត្តដល់គ្រូបង្គោលឱ្យបន្តវគ្គបណ្តុះបណ្តាល និងចែករំលែកមេរៀន ក៏ដូចជាសារគន្លឹះសំខាន់ៗទៅកាន់សហគមន៍ផ្សេងទៀត ដើម្បីឱ្យពួកគាត់កាន់តែមានភាពជឿជាក់ និងទំនុកចិត្តក្នុងការធ្វើឱ្យជីវភាព បស់ប្រជាពលរដ្ឋ ក្នុងសហគមន៍របស់គាត់កាន់តែប្រសើរឡើង» ។ យើងបានបង្រៀនពួកគាត់នូវមេរៀន តើលុយជាអ្វី ? របៀបចាយលុយ ការគ្រប់គ្រងថវិកាក្នុងគ្រួសារ និងពាកព័ន្ធទៅនឹងកម្ចី ? ការគ្រប់គ្រងកម្ចី និងការរៀបចំផែនការគ្រួសារសម្រាប់ថ្ងៃអនាគត ។

លោក Gordon Paterson ប្រធានអភិវឌ្ឍន៍គម្រោងឯករាជ្យក្នុងខេត្តរតនគិរី

លោក Gordon Paterson ឱ្យដឹងទៀតថា ប្រមាណ ៧ ឆ្នាំមកនេះការជំពាក់បំណុលជាហានិភ័យមួយដល់សុវត្ថិភាពនៃការកាន់កា.ប់ដីធ្លីរបស់អ្នកក្រីក្រដាច់ស្រយាល ជាពិសេសជនជាតិដើមភាគតិច ដោយសារតែការអប់រំរបស់ពួកគាត់មានកម្រិតទាបជាងជនជាតិដទៃទៀត ជាពិសេសចំណេះដឹងពីការគ្រប់គ្រងលុយ និងកម្ចី ។ បន្ទាប់ពីពឹងផ្អែកលើចំណូលបែបធម្មជាតិ ពួកគាត់ត្រឡប់មកពឹងផ្អែកលើទីផ្សារដែលអត់មានមូលដ្ឋានក្នុងការគ្រប់គ្រងលុយ ។ ទាក់ទងទៅនឹងកម្ចី ទំនៀមទម្លាប់កន្លងមកពេលណាខ្ចីលុយ ខ្ចីស្រូវ ឬអ្វីៗ គឺសងវិញក៏បាន មិនសងក៏បាន ហើយគ្មានការប្រាក់ទេ ដោយសារអ្នកសហគមន៍ជាមួយគ្នាចេះតែយោគយល់គ្នា ប៉ុន្តែចាប់ពីឆ្នាំ ២០១៦ ឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាប់ផ្តើមមកដល់ខេត្តរតនគិរី ទើបបង្កើតកម្មវិធីតូចមួយដើម្បីបង្រៀនពួកគាត់ពីការគ្រប់គ្រងលុយក្នុងគ្រួសារ ។ ហើយយើងបានដាស់តឿនពួកគាត់ឱ្យប្រយ័ត្នក្នុងការខ្ចីលុយ តែពួកគាត់មិនជឿទេរហូតមានអ្នកខ្លះបានលក់ដីដើម្បីសងគេ ។

លោក ឈាន វុទ្ធី ប្រធានបណ្តុះបណ្តាលឥណទានរបស់ធនាគារ ABA កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ មកនេះក៏បានឱ្យដឹងដែរថា យើងបានធ្វើការបណ្តុះបណ្តាលនេះតាំងពីជំហានទី ១ បន្តមកដល់ជំហានទី ២ ហើយអាចមានបន្តទៀត ។ គោលដៅ គឺផ្សព្វផ្សាយអំពីសិទ្ធរបស់អ្នកខ្ចី ទាក់ទងអត្រាការប្រាក់ តម្លាភាព ឯកជនភាព ។ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី នេះគាត់មិនសូវយល់ដឹងពីផ្នែកនេះទេ ហេតុដូច្នេះហើយបានជា យើងបង្រៀនគាត់ឱ្យចេះជ្រើសរើសធនាគារ ឬមីក្រូហិរញ្ញវត្ថុណាមួយដែលស្របច្បាប់ មានក្រមសិលធម៌ក្នុងការផ្តល់កម្ចី ។

លោក ឈាន វុទ្ធី ប្រធានបណ្តុះបណ្តាលឥណទានរបស់ធនាគារ ABA

កញ្ញា ជ តាប់ អាយុ ១៥ ឆ្នាំ ជាជនជាតិភាគតិចព្រៅ រស់នៅភូមិរាងវិញ ភូមិត្បែងលើ ស្រុកតាវែង ខេត្តរតនគិរី ដែលមានចូលវៀនវគ្គបណ្តុះបណ្តាលផ្នែកចំណេះដឹងហិរញ្ញវត្ថុ បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលនេះរួចធ្វើឱ្យខ្ញុំយល់ដឹងពីប្រាក់កម្ចី ពីបំណុល និងយល់ដឹងពីចំណូល និងការចំណាយនៅក្នុងគ្រួសារ គឺចេះសន្សំសំចៃ យល់ដឹងពីការចាយវាយតាមខ្ទង់ និងមិនតាមខ្ទង់ ។ កញ្ញាថា ការបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឱ្យយើងដឹងពីការខ្ចីលុយដោយប្រុងប្រយ័ត្ន ព្រោះខ្ចីលុយគេត្រូវតែសងវិញ ។

ដោយឡែកលោក សឿង ឡត អាយុ ២៩ ឆ្នាំ មានកូនពីរនាក់ រស់នៅភូមិទុន ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី បានឱ្យដឹងដែរថា លោកបានខ្ចីលុយពីមីក្រូហិរញ្ញវត្ថុចំនួន ៣ លើកមកហើយយកមកធ្វើចម្ការដាំស្វាយចន្ទី និងដាំកៅស៊ូ ។ លោកថា ក្រោយទទួលបានការបណ្តុះបណ្តាលធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ថា យើងខ្ចីលុយដើម្បីអ្វី ? យើងត្រូវចាយវាយសន្សំសំចៃ ដើម្បីទុកលុយសងគេ ។

លោក ភឿក ត្រួក ជនជាតិដើមភាគតិចព្រៅ និងជាគ្រូបង្គោលនៅភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង បានមកបង្រៀននៅសហគមន៍ភូមិរាងវិញ ភូមិត្បែងលើ បានឱ្យដឹងថា យើងបានបង្រៀនពួកគាត់ពីការប្រើប្រាស់លុយ ពីប្រភពលុយចូល និងការចំណាយ ចំណូល និងបង្រៀនពីការខ្ចីលុយ ទាំងខ្ចីពីបងប្អូន ពីខាងអនាគារ ទាំងក្នុង និងក្រៅប្រព័ន្ធ ជាពិសេសខ្ចីលុយយកមកធ្វើអ្វី ជាដើម ។ លោក ភឿក ត្រួក ដែលទទួលការបណ្តុះបណ្តាលជាគ្រូបង្គោល ពីធនាគារ ABA បានយកចំណេះដឹងរបស់ខ្លួនមកបណ្តុះបណ្តាលដល់បងប្អូនក្នុងសហគមន៍ ឱ្យបានយល់ថា អ្វីទៅជាបំណុល ហើយត្រូវមានកាតព្វកិច្ចសងវិញ ។ លោកថា ពួកគាត់បានយល់កាន់តែច្បាស់ ទោះបីជាបងប្អូនជនជាតិភាគតិចខ្លះមិនចេះភាសាខ្មែរ យើងមានវិធីសាស្ត្រដើម្បីបង្រៀនពួកគាត់ ដូចជាប្រើភាសាជនជាតិ ឬរប្រើប្រាស់រូបភាពដើម្បីបង្រៀនជាដើម ។

ក្នុងនាមអាជ្ញាធរ លោក យោល សៀម មេភូមិរៀងវិញ ឃុំតាវែងលើ ស្រុកតាវែង បានឱ្យដឹងថា ភូមិនេះមាន ១០៤ គ្រួសារ ហើយមានតែ ៤ គ្រួសារប៉ុណ្ណោះដែលបានចូលរៀនវគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុនេះ ។ ពួកគាត់បានយល់ដឹងខ្លះៗហើយ ហើយភាគច្រើនជាបុរសៗ ។ លោកថា ភូមិរបស់លោកមានគ្រួសារជំពាក់បំណុលគេតិចតួចណាស់ ដូច្នេះគម្រោងនេះសំខាន់សម្រាប់ចំណេះដឹងបន្តដល់កូនចៅ ។

លោក សូ វណ្ណធិន អភិបាលស្រុកតាវែង ខេត្តរតនគិរី បានឱ្យដឹងថា ស្រុកតាវែង គឺជាស្រុកមួយដែលមានប្រជាពលរដ្ឋជាជនជាតិដើមភាគតិចភាគច្រើន ហើយជាតំបន់ដាច់ស្រយាលជាងគេក្នុងចំណោមស្រុកទាំងអស់ក្នុងខេត្តរតនគិរី ។ ស្រុកនេះមានប្រជាពលរដ្ឋជាង ២៤០០ គ្រួសារ ស្មើនឹងជាង ៨០០០ នាក់ ក្នុងនោះស្ត្រីមាន ៥០% ។ ប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិចព្រៅ ក្រៅពីនេះមានអ្នកចំណូលថ្មីប្រហែល ១០% ប៉ុណ្ណោះ ។ ជីវភាពរស់នៅរបស់ពួកគាត់ គឺជាអ្នកធ្វើចម្ការ ដាំស្រូវ ដាំបន្លែរួមផ្សំ និងស្រែមួយចំនួន ដែលពីដើមឡើយ ពឹងផ្អែកលើអនុផលព្រៃឈើ ។

លោក សូ វណ្ណធិន អភិបាលស្រុកតាវែង ខេត្តរតនគិរី

លោកអភិបាលស្រុកបន្តថា អក្ខរកម្មហិរញ្ញវត្ថុ គឺជារឿងមួយល្អ ព្រោះនេះជាផ្នែកមួយជំរុញការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចៀសផុតពីបំណុលវ័ណ្ឌ ក បើសិនជាពួកគាត់បានចូលរួមរៀនសូត្រ ។ អ៉ីចឹងពេលគាត់ខ្ចីបំណុល ពួកគាត់នឹងយកបំណុលនោះប្រើប្រាស់ឱ្យចំគោលដៅ ។ លោកថា មុនពេលមានការបណ្តុះបណ្តាល ពួកគាត់ចាប់អារម្មណ៍ខ្លាំងទៅលើការខ្ចីធនាគារយកមកប្រើប្រាស់ស្រួល ប៉ុន្តែពួកគាត់មិនមានលទ្ធភាពសងវិញទេ ដោយសារចំណូលពីអនុផលព្រៃឈើថយចុះដែលនាំឱ្យមានបញ្ហាច្រើន ។ ក្រោយពីទទួលបានការបណ្តុះបណ្តាល ពួកគាត់បានយល់ជ្រាប ពួកគាត់អាចដោះស្រាយបញ្ហាបាន ។

សូមជម្រាបថា នៅក្នុងស្រុកដាច់ស្រយាលមួយចំនួនក្នុងខេត្តរតនគិរី ប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិច ដែលប្រកបរបរដាំដំណាំសម្រាប់ចិញ្ចឹមជីវិតដូចជា ៖ ស្វាយចន្ទី សណ្តែកសៀង សណ្តែកខៀវ ដំណាំស្រូវ និងដំឡូងឈើជាដើម ។ ការដាំដំណាំនេះ គឺជាប្រភពចំណូលបន្ថែមលើចំណូលដែលបានមកពីការអាស្រ័យអនុផលព្រៃឈើ កសិកម្មពនេចរ និងការចិញ្ចឹមសត្វ ដែលជាមុខរបរប្រពៃណីរបស់ពួកគាត់ ។ ជាធម្មតាប្រភពចំណូលពីមុខរបរទាំងនេះអាចផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារពួកគាត់បានគ្រប់គ្រាន់ ប៉ុន្តែបច្ចុប្បន្នគ្រប់យ៉ាងបានផ្លាស់ប្ដូរនៅពេលដែលក្រុម គ្រួសារភាគច្រើនប្រាថ្នាចង់បានការរស់នៅបែបសម្ភារនិយម ដូចអ្នករស់នៅទីប្រជុំជនដែរ ។

ពួកគាត់ចាប់ផ្តើមចំណាយប្រាក់កាសលើសម្ភារមួយចំនួនដូចជា ៖ ម៉ូតូ ឡាន និង សម្លៀកបំពាក់ម៉ូដថ្មីៗ ហើយតែងមានការជួបជុំជប់លៀងជាញឹកញាប់ ។ នៅពេលពួកគាត់ខ្វះខាតលុយ ដើម្បីផ្គត់ផ្គង់ការរស់នៅបែបថ្មីនេះ ពួកគាត់បានចាប់ផ្ដើមខ្ចីបុលពីអ្នកចង.ការប្រាក់ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅស្រុកភូមិ ។ ខណៈដែលពួកគាត់អាចរកខ្ចីប្រាក់គេបាន ហើយ បញ្ហាពាក់ព័ន្ធនឹងកម្ចីក៏កើតមានឡើងផងដែរ ដូចជាកម្ចីមានអត្រាការប្រាក់ខ្ពស់ និងបំណុលកើនឡើង ។

សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលទាំងនេះមានលក្ខណៈបែបគ្រួសារសាមញ្ញ ដែលមិនសូវចាយវាយប្រាក់ច្រើនប៉ុន្មានទេ ដូច្នេះពួកគាត់មានបទពិសោធ និងការយល់ដឹងតិចតួច អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ។ ជាលទ្ធផលពួកគាត់មានបំណុលវ័ណ្ឌ ក ដែលមិនអាចរ៉ាប់រងទូទាត់ការប្រាក់ប្រចាំខែបាន ។ បងប្អូនប្រជាពលរដ្ឋខ្លះខ្វះទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទាំងជំនាញក្នុងការរៀបចំផែនការរយៈពេលវែង និងទាំងជំនាញរៀបចំកញ្ចប់ថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ ដែលនាំឱ្យពួកគាត់ជំពាក់បំណុលច្រើន ហើយត្រូវបង្ខំចិត្តលក់ដីធ្លី និងទ្រព្យសម្បត្តិផ្សេងៗ ដើម្បីទូទាត់សងបំណុលទាំងនោះ ។

តាមរយៈកម្មវិធីនេះ ABA បានបង្ហាញអំពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង ដំណើរការធុរកិច្ចដែលយកចិត្តទុកដាក់លើអនាគតរបស់ប្រជាពលរដ្ឋកម្ពុជា និងសង្គមជាតិ ។ ABA មានប្រវត្តិដ៏ល្អក្នុងការអនុវត្តវិធីសាស្ត្រផ្ដល់ជូនតែកម្ចីណាដែលមានផលិតភាពល្អ ហើយគាំទ្រដល់វិស័យសេដ្ឋកិច្ចពិតប្រាកដ និងយកចិត្តទុកដាក់ចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនកម្ចី ។ ការជំពាក់បំណុលវ័ណ្ឌ ក គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលត្រូវការដំណោះស្រាយ ស្របទៅនឹងគុណតម្លៃរបស់ ABA ហើយក៏ជាមូលហេតុដែលធ្វើឱ្យធនាគារ ចូលរួមបង្កើតកម្មវិធីបណ្តុះបណ្តាលនេះផងដែរ ។

កម្មវិធី ចំណេះដឹងហិរញ្ញវត្ថុ បានចាប់ផ្តើមដោយការបណ្តុះបណ្តាលគ្រូបង្គោលចំនួន ១៤ រូប ក្រោមការគាំទ្រពីក្រុមការងារឥណទានរបស់ ABA ។  ការបណ្តុះបណ្តាលដំណាក់កាលទីមួយ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ ២០២២ ដោយមាន ៩ វគ្គ ចូលរួមដោយក្រុមជនជាតិ ភាគតិចចំនួន ៤ ក្រុម (គ្រឹង, ព្រៅ, ទំពួន និងចារ៉ាយ) ។ វគ្គបណ្តុះបណ្តាលនេះ បានធានាឱ្យមានការចូលរួម និងការយល់ដឹងជាអតិបរមា ពិសេសពីស្ត្រី និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលពុំសូវមានឱកាសទទួលបានការរៀនសូត្រ ។ អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះសរុប មានចំនួន ២០៤ រូប ដែលក្នុងនោះជាង ៥០% គឺជាស្ត្រី ។

ការបណ្តុះបណ្តាលកន្លងទៅ បានផ្ដល់ផលវិជ្ជមានដល់ប្រជាពលរដ្ឋដែលបានចូលរួម ។ ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើកម្ចីដើម្បីបានប្រាក់យ៉ាងឆាប់រហ័សនោះ ពួកគាត់បានរកឃើញមធ្យោបាយសម្រាប់បង្កើនចំណូលជាច្រើនផ្សេងទៀត និងចេះអំពីរបៀបគ្រប់គ្រងការចំណាយប្រចាំថ្ងៃរ ។ ឥឡូវនេះអ្នកភូមិចាប់ផ្តើមស្វះស្វែងរកវិធីសាស្ត្រដើម្បីបង្កើនចំណូល ជាជាងអង្គុយរង់ចាំប្រមូលផលតែពីដំឡូងឈើ និងស្វាយចន្ទីតែមួយមុខ ។ គ្រួសារខ្លះបានផ្លាស់ទីលំនៅបណ្តោះអាសន្ន ដើម្បីធ្វើស្រែប្រវាស់ និងស្វែងរកឱកាសការងារបន្ថែម ។ ហើយអ្នកភូមិខ្លះទៀតចាប់ផ្តើមបង្កបង្កើនផលបន្ថែម ដូចជាដំណាំកាកាវ និងទុរនជាដើម ។

ការតាំងចិត្តរបស់អ្នកភូមិដែលបានចូលរួមកម្មវិធីនេះពិតជាមានខ្ពស់ ហើយដើម្បីឱ្យឆន្ទៈនេះនៅតែបន្ត ធនាគារ ABA និងក្រុមហ៊ុន Angkor Resources Corp. គ្រោងរៀបចំបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុដំណាក់កាលបន្ទាប់ក្រោយខែប្រមូលផលដំណាំរួចរាល់  ។

ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនកាណាដា Angkor Resources Corp. ធនាគារ ABA នឹងបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុដំណាក់កាលទី ៣ នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី ។ ដោយទទួលបានជោគជ័យក្នុងការអនុវត្តកម្មវិធីនេះកន្លងមក កម្មវិធីដំណាក់កាលទីបីនេះ នឹងបន្តផ្តល់នូវវគ្គបណ្តុះបណ្តាលពេញលេញលើប្រធានបទហិរញ្ញវត្ថុជាច្រើនទៀត ។ អ្នកចូលរួមនឹងយល់ដឹងកាន់តែច្បាស់អំពីគោលគំនិតមេរៀនជាមូលដ្ឋាន ដូចជា ៖ ការរៀបចំ ផែនការហិរញ្ញវត្ថុ, ការចាត់ចែងលុយកាក់, ការកំណត់គោលដៅហិរញ្ញវត្ថុ និងសន្សំ និងការប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបំណុលវ័ណ្ឌ ក ជាដើម ។ កម្មវិធីចំណេះដឹងហិរញ្ញវត្ថុនេះ នឹងមានថ្នាក់សរុបចំនួន ២២ ដែលមានអ្នកចូលរួមចំនួន ៥០០ នាក់នៅតាមភូមិស្រុកដាច់ស្រយាលមួយចំនួន ៕ អត្ថបទសហការ