ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្លិបហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងគុនខ្មែរ ដាក់ឱ្យដំណើរការសង្វៀន​ប្រដាល់​ថ្នាល​ និង​សង្វៀន​​​កម្រិត​អន្តរជាតិ​​​​

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Galaxy Navatra Group សម្ពោធដាក់ដំណើរការក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Galaxy Navatra Group សម្ពោធដាក់ដំណើរការក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ ដែលជាសង្វៀន​ប្រដាល់​ថ្នាល​ និង​សង្វៀន​​​កម្រិត​អន្តរជាតិ​​​​ កាល​ពី​​រសៀល​ថ្ងៃ​ទី ​៧ ខែ​កក្កដា ​ឆ្នាំ ​២០២៣ នៅ​ក្រោយ​ផ្សារ​​ព្រៃទទឹង​​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៣ ​។

ពិធីសម្ពោធក្លិបប្រដាល់គុនខ្មែរដ៏ធំមួយនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯកឧត្តម និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ជា លីសែ ជំនួុយការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្តេចប្រដាល់ អេភូថង រួមទាំងភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន កីឡាករ-កីឡាការិនីគុនខ្មែរជាច្រើនរូប ។

នៅក្នុងឱកាសសន្និសីទសារព័ត៌មាន ឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា ក្លិប​ប្រដាល់​គុន​ខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេ​ភូថង ​​បាន​​កំណត់​គោលដៅ​ច្បាស់លាស់​​​​​ និង​​មាន​ទស្សនវិស័យ​យ៉ាង​វែង​ឆ្ងាយ​ ដោយ​កំណត់​គោលដៅ​ធ្វើ​យ៉ាង​ណា​ពង្រីក​វិសាលភាព​នៃ​ក្បាច់​គុន​បុរាណ​ដូនតា​ខ្មែរ ​​ឆ្ពោះ​ទៅ​កម្រិត​ស្តង់ដារ​អន្តរជាតិ និង​ឲ្យ​ពិភព​លោក​​ស្គាល់​កាន់​តែ​ច្បាស់​​ ។

លោកឧកញ៉ាបន្តថា ជា​ការ​ពិត​ទស្សនវិស័យ​របស់​ក្លិប​ប្រដាល់​ កាឡាក់ស៊ី ណារ៉ាត្រា អេ​ភូថង ​គឺ​មាន​​ច្បាស់​លាស់ដើម្បី​លើក​កម្ពស់​ដល់​វិស័យ​គុន​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន ដែល​​​មាន​​ដូច​ជា​​​​ហេដ្ឋារចនាសម្ពន្ធ​​​​សមរម្យ ​សង្វៀន​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ មាន​​​បន្ទប់​​សម្រាក​​​សម្រាប់​​កីឡាករ​-​កីឡា​ការិនី​ស្រស់​ស្អាត និង​​អនាម័យ ​ព្រម​ទាំង​មាន​​ការ​​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​កីឡាករ​ ដោយ​ផ្ដល់​​​ការ​​ហូប​ចុក​​​គ្រប់​គ្រាន់​​​ ថែម​ទាំង​មាន​ប្រាក់​បៀវត្ស​​ប្រចាំ​ខែ​ថែម​ទៀត​ផង ។ 

បើតាមលោកឧកញ៉ា ដើម​ហេតុ​នៃ​ការ​ចុច​យក​ក្លិប​ប្រដាល់​អេភូថង ជា​ដៃ​គូ​​ ព្រោះ​លោក​​មាន​គោលបំណង​រក្សា​នូវ​តម្លៃ​ និង​ស្នាដៃ​​របស់​លោក​អេ​ ភូថង ក្នុង​នាម​ជា​ស្ដេច​ប្រដាល់​​របស់​​កម្ពុជា​ ។ លោក​ពិត​ជា​ស្រលាញ់ និង​ស្ងើចសរសើរ​ដល់​លោក អេ ភូថង កាល​នៅ​ជា​កីឡាករ​​ គឺ​​​កម្រ​​​​មាន​ដៃ​គូ​យក​ឈ្នះ​លោក​បាន​​ណាស់​ ​ហេតុ​ដូច្នេះ​ក្នុង​នាម​ជា​​​​អ្នក​ដែល​ស្រលាញ់​ដល់​ក្បាច់​គុន​ដូនតា​​​ខ្មែរ ​​និង​មើល​ឃើញ​​​ពី​ស្នាដៃ​ដ៏​ល្អ​របស់​លោក អេ ភូថង ​ទើប​​ក្រុម​ហ៊ុ​ន កាឡាក់ស៊ី សម្រេច​ចុច​យក​ក្លិប​​​អេ​ភូថង ជា​ដៃ​គូ​សហការ​តែ​ម្ដង​ ។ 

​ជុំ​វិញ​ការ​ចាប់​ដៃ​គូ​​​រវាង​​​ក្រុម​​ហ៊ុន និង​លោក អេ​ភូថង បាន​កំណត់​យ៉ាង​ហោច​ណាស់​មាន​រយៈ​ពេល​​ ៥​ ឆ្នាំ ហើយ​ក្នុង​​កំឡុង​ពេល​នេះ​​លោក​ឧកញ៉ា​ ឡេង​ ប្រុស ជឿ​ថា នឹង​អាច​​ពង្រីក​វិសាលភាព​នៃ​ក្បាច់​គុន​ប្រដាល់​​​​ និង​ជួយ​​​ពង្រឹង​ដល់​​ក្មេង​ៗ​ជំនាន់​ក្រោយ​ឲ្យ​កាន់​តែ​ខ្លាំង​ពូកែ​​ ដើម្បី​ប្រជែង​ប្រទេស​ជិត​ខាង​ ។ 

ជា​មួយ​គ្នា​នោះ​ដែរ​លោក អេ ភូថង ក្នុង​នាម​ជា​បុគ្គល​ដែល​មាន​បទ​ពិសោធ​ជោគជាំ​នៅ​លើ​វិថី​ប្រដាល់​គុន​ខ្មែរ​ លោក​មើល​ឃើញ​ថា ការ​លូក​ដៃ​របស់​​អ្នកឧកញ៉ា​ ឡេង ណារ៉ាត្រា ​និង​ក្រុម​ហ៊ុ​ន​​​ កាឡាក់ស៊ី​ ​​ក្នុង​វិថី​ប្រដាល់​​នេះ​ពិត​ជា​​អាច​ជួយ​ដល់​វិស័យ​គុន​ខ្មែរ​​មួយ​ផ្នែក​ធំ​​ ពិសេស​នោះ​លោក​ជឿ​ថា ​ប្រដាល់​គុន​ខ្មែរ​នឹង​កាន់​តែ​ល្បី​សុះសាយ​ជាក់​ជា​មិន​ខាន​ឡើយ​។ 

ទន្ទឹមនេះ លោក​បាន​ធ្វើ​ការ​សន្យា​ថា នឹង​​​​ជ្រើស​រើស​យក​កីឡាករ​ពិសេស​ៗ​ និង​ខ្លាំង​ៗ មក​ប្រកួត​នៅ​សង្វៀន ព្រៃទទឹង ​ដែល​ធ្វើ​ការ​ប្រកួត​នៅ​រៀងរាល់​ចុង​សប្ដាហ៍​ សៅរ៍-​អាទិត្យ ​រាល់​ខែ​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សង្វៀន​ប្រដាល់​មួយ​នេះ​​​ក្លាយ​ជា​សង្វៀន​​ល្បី​មួយ​នៅ​កម្ពុជា និង​អន្តរជាតិ​នា​ពេល​អនាគត​​ ៕ អត្ថបទសហការ