រាជធានីភ្នំពេញ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ប្រទេសកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗចំនួន២ ដែលនឹងរៀបចំឡើងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅកម្ពុជា ។ ធនាគារ FTB “ក្នងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា” ក៏បានបង្ហាញកាយវិការយកចិត្តទុកដាក់ និងប្ដេជ្ញាចិត្តគាំទ្រព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ តាមរយៈការចូលរួមឧបត្ថម្ភដោយផ្ទាល់ ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃប្រទេសកម្ពុជា លើឆាកនៃវេទិកាអន្តរជាតិ ។

ព្រឹត្តិការណ៍អន្តរជាតិទី១គឺ កិច្ចប្រជុំកំពូល Francophonie Summit Cambodia 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ ធនាគារ FTB ក្នុងនាមជាអ្នកឧបត្ថម្ភ ទៅលើព្រឹត្តិការណ៍អម Francophonie Village ជឿជាក់យ៉ាងមុតមាំថា វេទិកាកំពូលអន្តរជាតិនេះ នឹងក្លាយជាទីជួបជុំដ៏សំខាន់ សម្រាប់ការផ្លាស់ប្តូរវប្បធម៌ ភាសា និងបទពិសោធរវាងសហគមន៍អ្នកនិយាយភាសាបារាំង និងសាធារណជនទូទៅ ។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះដែរ ធនាគារ FTB ក៏នឹងមានការចូលរួមដាក់ស្តង់តាំងបង្ហាញពីផលិតផលរបស់ខ្លួន និងរៀបចំសកម្មភាពកម្សាន្តជាច្រើន ជូនដល់អ្នកចូលរួម ដើម្បីទទួលបានបទពិសោធថ្មីៗ និងមានឱកាសឈ្នះរង្វាន់ជាច្រើនពីធនាគារផងដែរ ។
ទន្ទឹមនឹងព្រឹត្តិការណ៍នេះ ធនាគារ FTB ក៏បានចូលរួមគាំទ្រដល់ការសហការរវាង ស្ថាប័នបណ្ដាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសាកល (GFTN) និង ធនាគារជាតិនៃកម្ពុជា តាមរយៈការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ Black Swan Summit Cambodia 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ។ វេទិកាលំដាប់កំពូលនេះ នឹងក្លាយជាកន្លែងប្រមូលផ្ដុំដ៏មានឥទ្ធិពល ក្នុងការផ្លាស់ប្តូរគំនិត បទពិសោធន៍ ការយល់ដឹងស៊ីជម្រៅ និងការពិភាក្សាអំពីនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងបញ្ហាប្រឈមនាពេលអនាគត ។

អ្វីដែលកាន់តែពិសេសនោះគឺ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិនៃធនាគារ FTB នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកានេះ នាថ្ងៃទី១៦ ខែវិច្ឆិកា ក្រោមប្រធានបទ “The Corridor Economy: Connecting Payments Across Borders” ដើម្បីចែករំលែកទស្សនៈ និងបទពិសោធពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដែលជាកត្តាសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ ។
ការចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ មិនត្រឹមតែបង្ហាញពីការគាំទ្ររបស់ធនាគារ FTB ចំពោះការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតួនាទីរបស់ធនាគារក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនង ការផ្លាស់ប្តូរចំណេះដឹង និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហគមន៍អន្តរជាតិ ។

ធនាគារ FTB ជាធនាគារពាណិជ្ជក្នុងស្រុកទី១ នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ 1979 ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ និងសេដ្ឋកិច្ច និងសង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករ។ គិតមកត្រឹមឆ្នាំ ២០២៦ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ជាង ២,៥ ពាន់លានដុល្លារអាមេរិក ។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ