ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា សហការ​បង្កើតកម្មវិធី​អភិវឌ្ឍន៍សម្រាប់​ទាំងអស់​គ្នា ដើម្បី​ជួយ​ដល់​កុមារ​ខ្វះខាត

11 ខែ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា និង​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ដ៏​សកម្ម បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)…

រាជធានីភ្នំពេញ ៖ ធនាគារ ABA ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា និង​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ដ៏​សកម្ម បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ដើម្បី​បង្កើត កម្មវិធី​អភិវឌ្ឍន៍​សម្រាប់​ទាំងអស់​គ្នា ក្នុង​គោលដៅ​ជួយ​ដល់​កុមារ​ជួប​ការ​លំបាក ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ CCF ​។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA និង​លោក ស្កុ​ត នី​សិន ស្ថាបនិក​អង្គការ និង​នាយក​ប្រតិបត្តិ​អង្គការ CCF កាលពី​ថ្ងៃ​ទី 17 ខែឧសភា ឆ្នាំ 2023 នៅ​មជ្ឈមណ្ឌល​សិក្សា CFF ស្ថិត​នៅ​អតីត​តំបន់​គំនរ​សំរាម ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​ ។

ភាព​ជា​ដៃគូ​នេះ ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ស្ថាប័ន​ទាំង​ពីរ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ជីវភាព​រស់នៅ​របស់​កុមារ​ជួប​ការ​លំបាក តាម​រយៈ​ការ​បង្កើន​សមត្ថភាព ចំណេះដឹង និង​ការ​អភិវឌ្ឍ​ផ្នែក​អប់រំ​។ ក្រោម​លក្ខខណ្ឌ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ គំនិត​ផ្ដួចផ្ដើម​មួយ​ចំនួន ត្រូវ​បាន​ព្រមព្រៀង​ដូច​ខាងក្រោម ​៖

ឱកាស​ការងារ និង​ឱកាស​ហាត់​ការ
ABA នឹង​ផ្ដល់​ឱកាស​ការងារ និង​ឱកាស​ហាត់​ការ ដល់​សិស្ស និស្សិត​ពី CCF ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ ហើយ​មាន​បំណង​ចង់​បម្រើ​ការងារ​ជាមួយ​ធនាគារ និង​កសាង​អាជីព​ការងារ នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ ។

អាហារូបករណ៍
ABA នឹង​ផ្ដល់​អាហារូបករណ៍​ជូន​កុមារ​របស់​អង្គការ CCF ដែល​មាន​សមត្ថភាព និង​ឆន្ទៈ​ក្នុង​ការ​រៀនសូត្រ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​ 12 និង​មាន​បំណង​បន្ដ​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស ​។

ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាលារៀន
ABA នឹង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​កែ​លម្អ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាលារៀន ដូច​ជា​ថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា រួម​ទាំង​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​របស់​អង្គការ CCF ​។

កិច្ចសហការ​ផ្សព្វផ្សាយ​ឆ្លង​ស្ថាប័ន
ABA និង​អង្គការ CCF នឹង​សហការ​គ្នា ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​យល់​ដឹង​របស់​អតិថិជន ABA អំពី​គុណ​តម្លៃ​ស្នូល គោលដៅ និង​បេសកកម្ម​របស់ CCF ។ សកម្មភាព​ទាំងនេះ នឹង​លើកទឹកចិត្ត​អតិថិជន ឲ្យ​ចូលរួម​ចំណែក និង​បរិច្ចាគ​ជូន​អង្គការ ដែល​នឹង​ទ្រទ្រង់​ដល់​ជីវភាព​របស់​កុមារ​ជួប​ការ​ខ្វះខាត​ ។

កម្មវិធី​ស្ម័គ្រចិត្ត
ABA និង​អង្គការ CCF នឹង​បង្កើត​កម្មវិធី​ស្ម័គ្រចិត្ត ដើម្បី​ឲ្យ​បុគ្គលិក ABA គ្រប់​ជាន់ថ្នាក់ និង​គ្រប់​នាយកដ្ឋាន បាន​ចុះ​ទៅ​មើល​បរិក្ខារ CCF ដើម្បី​ចែករំលែក​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន និង​ផ្ដល់​នូវ​កា​រប​ស្វែង​យល់​បន្ថែម​អំពី​កុមារ និង​របៀបរបប​រស់នៅ​របស់​ពួក​គេ ​។

លោក Askhat Azhikhanov បាន​មាន​ប្រសាសន៍​ថា៖ «​នេះ​គឺជា​កិច្ចសហការ​ជា​ដៃគូ​ដ៏​ថ្មី​សន្លាង​មួយ ដែល​នឹង​មាន​ឥទ្ធិពល​រួមចំណែក​កែប្រែ​ជោគវាសនា​របស់​កុមារ ដោយ​ផ្តល់​ឲ្យ​ពួក​គេ​នូវ​លទ្ធភាព​ទទួល​បានការ​អប់រំ ឱកាស​ការងារ និង​លទ្ធភាព​ចាក​ផុត​ពី​ជីវភាព​ក្រីក្រ​» ។

លោក​បាន​បន្ថែម​ថា៖ «​យើងខ្ញុំ​ប្ដេជ្ញា​សហការ​ជាមួយ​អង្គការ CCF ដើម្បី​រួមចំណែក​កែប្រែ​ជីវភាព​របស់​សិស្សានុសិស្ស និង​គ្រួសារ​របស់​ពួក​គេ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះខាត​។ ភាព​ជា​ដៃគូ​នេះ ជា​ការ​គាំទ្រ​លើស​ពី​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ ពោល វា​គឺជា​ការ​វិនិយោគ​ដែល​រួមចំណែក​ដល់​ការ​កសាង​អនាគត​របស់​ប្រទេស​កម្ពុជា​ទាំងមូល​» ​។

CCF គឺជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ ដែល​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ 2004 ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ជីវភាព​រស់នៅ​របស់​កុមារ និង​គ្រួសារ តាម​រយៈ​ការ​អប់រំ ការ​ថែទាំ​សុខភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​។

អង្គការ CCF បាន​បង្កើត​សាលារៀន​, ម​ត្តេ​យ្យ​សិក្សា​, ទារកដ្ឋាន​, គ្លីនិក​វេជ្ជសាស្ត្រ​, គ្លីនិក​ធ្មេញ និង​មជ្ឈមណ្ឌល​ថែទាំ​មាតា ​។ បន្ថែម​លើ​នេះ​ទៀត អង្គការ CCF បាន​សាងសង់​ផ្ទះ​ជាង 500 ខ្នង​នៅ​ក្នុង​សហគមន៍​ក្រីក្រ​បំផុត​ផង​ដែរ ​។

លោក នី​សិន មាន​ប្រសាសន៍​ថា៖ «​យើង​មាន​សេចក្ដី​សោមនស្ស ចំពោះ​ការ​គាំទ្រ​របស់​ធនាគារ ABA​។ ភាព​ជា​ដៃគូ​នេះ នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ជួយ​កុមារ និង​គ្រួសារ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ យើង​ប្ដេជ្ញា​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថានភាព​រស់នៅ​របស់​កុមារ​កម្ពុជា កាន់តែ​ប្រសើរ​ឡើង ហើយ​យើង​ជឿ​ថា​ភាព​ជា​ដៃគូ​នេះ កំពុង​ដើរ​ក្នុង​ទិស​ដៅ​ដ៏​ត្រឹមត្រូវ​បំផុត​» ។

លោក ស្កុ​ត នី​សិន មាន​អាជីព​ជា​ផលិតករ​ហូ​លី​វូ​ដ​មួយ​រូប ប៉ុន្ដែ ក្នុងអំឡុងពេល​មក​លេង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ 2003 លោក​បានឃើញ​ពី​ទុក្ខ​លំបាក​របស់​ក្មេង​ៗ​មួយ​ចំនួន​។ ភាព​អំណត់​អត់ធន់ និង​ការ​តស៊ូ​ព្យាយាម​របស់​ក្មេង​ៗ​ទាំងនោះ បាន​បំផុសគំនិត​ឲ្យ លោក ស្កុ​ត ចាប់ផ្ដើម​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​ជួយ​ដល់​កុមារ​កម្ពុជា ​។

ការ​លះបង់​របស់ លោក ស្កុ​ត ក៏​ដូច​ជា​ធនធាន​របស់​លោក ធ្វើ​ឲ្យ​អង្គការ​មូលនិធិ​កុមារ លេច​ចេញ​ជា​រូបរាង ដោយ​ផ្ដល់​ឲ្យ​កុមារ​នូវ​ការ​អប់រំ​, ការ​ថែទាំ​សុខភាព និង​ការ​គាំទ្រ​ផ្សេង​ៗ ​។

ភាព​ជា​ដៃគូ​រវាង​ធនាគារ ABA និង​អង្គការ CCF គឺជា​គំរូ​ដ៏​មាន​ឥទ្ធិពល​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​កិច្ចការ​ដែល​អាច​សម្រេច​ទៅ​បាន នៅ​ពេល​ដែល​ស្ថាប័នឯកជន និង​ស្ថាប័ន​មិន​រក​ប្រាក់​កម្រៃ ធ្វើការ​រួម​គ្នា ដើម្បី​បង្កើត​ភាព​រីក​ចម្រើន​នៅ​តាម​សហគមន៍​។ តាម​រយៈ​កិច្ចសហការ​នេះ ស្ថាប័ន​ទាំង​ពីរ សហការ​គ្នា​ជួយ​ដល់​កុមារ ដើម្បី​ធានា​ថា កុមារ​គ្រប់​រូប​នៅ​ក្នុង​សហគមន៍ មានឱកាស​អភិវឌ្ឍ​សក្ដានុពល​របស់​ខ្លួន​បាន​ពេញលេញ​ ៕ អត្ថបទសហការ