
ការតាំងចិត្តខ្ពស់ ការយកចិត្តទុកដាក់ ជាគន្លឹះនាំឱ្យយុវសិស្ស គី តុង ទទួលបាននិទ្ទេស A
រាជធានីភ្នំពេញ ៖ « អំឡុងពេលរៀនថ្នាក់ទី ១២ បើនិយាយពីឧបសគ្គក្នុងការសិក្សា គឺតែងតែមាន ដូចជា បញ្ហាសុខភាព ការហត់អស់កម្លាំង…
រាជធានីភ្នំពេញ ៖ « អំឡុងពេលរៀនថ្នាក់ទី ១២ បើនិយាយពីឧបសគ្គក្នុងការសិក្សា គឺតែងតែមាន ដូចជា បញ្ហាសុខភាព ការហត់អស់កម្លាំង…
រាជធានីភ្នំពេញ ៖ « អំឡុងពេលរៀនថ្នាក់ទី ១២ បើនិយាយពីឧបសគ្គក្នុងការសិក្សា គឺតែងតែមាន ដូចជា បញ្ហាសុខភាព ការហត់អស់កម្លាំង ប៉ុន្តែខ្ញុំត្រូវតាំងចិត្ត តស៊ូខំរៀនឱ្យអស់ពីសមត្ថភាព បំណាច់ឪពុកម្ដាយខំតស៊ូពុះពារឱ្យកូនបានរៀន ជាពិសេសលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់បង្រៀនយើង» ។ នេះបើតាមការលើកឡើងរបស់យុវសិស្ស គី តុង ជាសិស្សសាលាវ៉េស្ទឡាញន៍ សាខាច្បារអំពៅ និងជាបេក្ខជនមួយរូបទើបប្រឡងជាប់និទ្ទេស A ឆ្នាំសិក្សា ២០២១-២០២២ លំដាប់ពិន្ទុ ៩៩,៨៥៨ ។
យុវសិស្ស គី តុង ជាកូនទី ១ ក្នុងគ្រួសារដែលមានសមាជិកចំនួន ៥ នាក់ បាននិយាយថា មុនពេលប្រឡងបាក់ឌុប រូបគេមិនធ្លាប់រំពឹងថា អាចទទួលបាននិទ្ទេស A នោះទេ ប៉ុន្តែរូបគេនៅតែបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយនៅទីបំផុតក៏ទទួលបានលទ្ធផលល្អប្រសើរ ។
«ចំពោះការប្រឡង ខ្ញុំអត់រំពឹងថា បាននិទ្ទេស A នោះទេ ប៉ុន្តែនៅពេលទទួលបាននិទ្ទេស A មានអារម្មណ៍ថា សប្បាយរីករាយ ដោយសារមានការខិតខំបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ការខំប្រឹងប្រែងរបស់ប៉ាម៉ាក់ គួបផ្សំនឹងការខិតខំប្រឹងប្រែងរបស់ខ្លួនឯង គឺពិតជាទទួលបានជោគជ័យដូចការខំប្រឹងនោះមែន» ។
យុវសិស្សវ័យ ១៨ ឆ្នាំរូបនេះ បន្ថែមថា ដើម្បីទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខ្លួនបានរៀបចំផែនការសិក្សា និងរៀនតាមការបង្ហាត់បង្រៀនរបស់គ្រូនៅក្នុងសាលា ។ លើសពីនេះ រូបគេរៀននៅផ្ទះបន្ថែម ដោយដាក់កាលវិភាគរៀនដូចទៅនឹងកាលវិភាគរបស់សាលា និងរៀនច្បិចយកតែមេរៀនដែលផ្ដោតលើមុខវិជ្ជាប្រឡងច្រើនជាងផ្ដោតលើមុខវិជ្ជាមិនប្រឡង ។
ចំពោះរយៈពេលមុនប្រឡង យុវសិស្ស គី តុង ក្រៅពីទៅសាលារៀន គឺមកផ្ទះចំណាយពេលវេលារំលឹកមេរៀន យកវិញ្ញាសាចាស់ៗដែលលោកគ្រូ អ្នកគ្រូធ្លាប់បង្រៀន និងវិញ្ញាសាចាស់ៗធ្លាប់ចេញប្រឡង យកមកហ្វឹកហាត់តាមកាលវិភាគដែលបានកំណត់ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃប្រឡង ។ ដោយសារការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ហើយនិងការខិតខំអស់ពីសមត្ថភាពរូបគេក៏ទទួលបានលទ្ធផលល្អក្នុងការប្រឡង ។
យុវសិស្ស គី តុង បានប្រាប់ឱ្យដឹងថា ក្រោយប្រឡងបាក់ឌុបជាប់ រូបគេបានសម្រេចចិត្តបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យ លើមុខជំនាញរដ្ឋបាលសាធារណៈ និងជួយការងារប្រកបរបរអាជីវកម្មរបស់ម្ដាយឱ្យកាន់តែរីកចម្រើន ។ យុវសិស្ស គី តុង បន្តថា បានជារូបគេសម្រេចចិត្តចាប់យកមុខជំនាញរដ្ឋបាលសាធារណៈ នៅថ្នាក់សាកលវិទ្យាល័យដោយសាររូបគេមានចំណាប់អារម្មណ៍ផ្នែករដ្ឋបាល ព្រោះផ្នែកនេះ សិក្សាផ្អែកលើប្រព័ន្ធច្បាប់ និងការងារទូទៅ ហើយមុខវិជ្ជាដែលត្រូវការសំខាន់ រួមមាន មុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងប្រវត្តិវិទ្យាដែលជាមុខវិជ្ជាដែលគេចូលចិត្ត ។
សិស្សនិទ្ទេស A ឆ្នាំ ២០២២ រូបនេះ បន្ថែមថា ឪពុកម្តាយរបស់គេផ្ទាល់ បានយល់ស្របតាមការសម្រេចចិត្ត និងចំណង់ចំណូលចិត្តរៀនជំនាញជំនាញរដ្ឋបាលសាធារណៈ នៅថ្នាក់សាកលវិទ្យាល័យ ដោយគ្មានការបង្ខិតបង្ខំឱ្យកូនត្រូវតែរៀន និងធ្វើការតាមបំណងឪពុកម្ដាយនោះឡើយ គឺពួកគាត់តែងតែលើកទឹកចិត្តកូន ជួយជំរុញ ជួយឧបត្ថម្ភ និងលើកទឹកចិត្តកូនសព្វគ្រប់បែបយ៉ាង ។
«ខ្ញុំចង់អរគុណដល់ប៉ាម៉ាក់ លោកគ្រូ អ្នកគ្រូ ដែលបានពុះពារសព្វគ្រប់បែបយ៉ាង ដើម្បីឱ្យខ្ញុំជាកូន ជាសិស្សបានទទួលលទ្ធផលល្អនៅថ្ងៃនេះ ហើយក៏អរគុណសាលា ជាពិសេសគណៈគ្រប់គ្រងសាលាវ៉េស្ទឡាញន៍សាខាច្បារអំពៅ ដែលបានយកចិត្តទុកដាក់ចំពោះសិស្សគ្រប់រូប ជាពិសេសសិស្សឆ្នាំប្រឡង មិនថាតែខ្ញុំនោះទេ គឺមិត្តភ្ដិរួមថ្នាក់ទាំងអស់សាលាតែងតែយកចិត្តទុកដាក់ ស៊ើបសួរព័ត៌មានផ្សេងៗមិនដែលខកខាន» ។
យុវសិស្ស គី តុង ក៏បានផ្ដល់ដំបូន្មានសម្រាប់សិស្សប្អូន ដែលត្រូវត្រៀមខ្លួនប្រឡងបាក់ឌុបនៅឆ្នាំក្រោយ ហើយប្រសិនជាចង់ទទួលបាននិទ្ទេសល្អ ត្រូវខិតខំតាំងពីដើមឆ្នាំ ព្រោះការរៀននេះមិនមែនដើម្បីខ្លួនឯងតែម្នាក់នោះទេ ប៉ុន្តែរៀនដើម្បីគ្រួសារ ក៏ដូចជារៀនដើម្បីសង្គមជាតិផងដែរ។ ចំពោះគន្លឹះការរៀនទទួលលទ្ធផលល្អ គឺការតាំងចិត្តខ្ពស់ អំឡុងពេលរៀនត្រូវយកចិត្តទុកដាក់ និងត្រូវចេះបង្ករបរិយាកាសរៀនកុំឱ្យតប់ប្រមល់ មានន័យថា យើងរៀនតាមលទ្ធភាព កុំដាក់សម្ពាធចំពោះខ្លួនឯងខ្លាំងពេក ត្រូវសម្រាកបន្តិចសិន ចាំខំប្រឹងបន្តទៀត ។
សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍នឹងបើកវគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធី ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការ សិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាង លើនេះមានសុពលភាពត្រឹមថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ