រាជធានីភ្នំពេញ ៖ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំបានចូលរួមចំណែកអភិវឌ្ឍធនធានជាង ២៣០០ នាក់ សម្រាប់ក្រុមហ៊ុនដៃគូជាង ៣០ ក្នុងឆ្នាំ ២០២២ លើជំនាញទន់មានដូចជាការគ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងធុរៈកិច្ច ជំនាញផ្នែកលក់និងទីផ្សារ ភាពជាអ្នកដឹកនាំ គណនេយ្យ និងហិរញ្ញវត្ថុ ការគ្រប់គ្រងគំរោង និងស្រាវជ្រាវ ការបណ្តុះបណ្តាលនិងអភិវឌ្ឍបុគ្គលិក ។ នេះជាការលើកឡើងរបស់លោក គុជ សាវាត នាយកវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ក្នុងពិធីប្រកាសផែនការបណ្តុះបណ្តាល និងអភិវឌ្ឍឆ្នាំ ២០២៣ និងពិធីជប់លៀងថ្លែងអំណរគុណដៃគូអាជីវកម្ម កាលពីពេលថ្មីកន្លងមកនេះ ។
លោកបានថ្លែងបន្តទៀតថា កម្មវិធីខាងលើនេះរៀបចំឡើង ក្នុងគោលបំណងថ្លែងអំណរគុណជាពិសេសដល់ម្ចាស់អាជីវកម្មក្រុមហ៊ុនដៃគូដែលតែងតែគាំទ្រសេវាបណ្តុះបណ្តាលរបស់វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ។
សូមជម្រាបថា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ចាប់ដំណើរការតាំងពីឆ្នាំ ២០០៨ ក្នុងការផ្តល់នូវសេវាកម្មអប់រំ សេវាកម្មប្រឹក្សាយោបល់ សេវាកម្មបណ្តុះបណ្តាលផ្នែកជំនួញ និងសេវាស្រាវជ្រាវ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រង និងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានបានទទួលនូវសិទ្ធផ្តាច់មុខក្នុងការប្រើប្រាស់ និងចែកចាយនូវកម្មវិធីអប់រំ “ទម្លាប់ទាំង ៧ របស់បុគ្គលឆ្នើម” នៃក្រុមហ៊ុន Franklin Covey Education ផងដែរ ។
ឆ្លៀតក្នុងឱកាសនេះដែរ វិទ្យាស្ថានបានរៀបចំឲ្យមានសិក្ខាសាលាមួយក្នុងពេលតំណាលគ្នាស្តីពី ”ប្រកាសផែនការបណ្តុះបណ្តាលនិងអភិវឌ្ឍឆ្នាំ ២០២៣” ជូនដល់ភ្ញៀ្កវកិត្តិយសដែលបានចូលរួម ដោយកម្មវិធីសិក្ខាសាលានេះ ទទួលបានការចូលរួមពីវាគ្មិនកិត្តិយសជាច្រើនរូប ដើម្បីបងស្រាយពីប្រធានបទទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស និងវិធីសាស្ត្រក្នុងការបណ្តុះបណ្តាលបុគ្គលិកជំនាញ និងជំនាញទន់ក្នុងឆ្នាំ ២០២៣ ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ