ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ​២០២២ បើក​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​ !

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​( YEAC) និង សភា​យុវ​ពាណិជ្ជករ​អន្ដរជាតិ​កម្ពុជា (JCI Cambodia)…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​( YEAC) និង សភា​យុវ​ពាណិជ្ជករ​អន្ដរជាតិ​កម្ពុជា (JCI Cambodia) បាន​រៀបចំ​កម្មវិធី​បើក​ទទួល​ពាក្យ​ប្រកួតប្រជែង​លើ ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា (CYEA) ២០២២ ដែល​ការ​ទទួល​ពាក្យ​នេះ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ ។

កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​លើកកម្ពស់​សហគ្រិនភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការ​ប្រមាញ់​យក​សហគ្រិន​ឆ្នើម​ជា​គំរូ​ដល់​សហគ្រិន​ទាំងអស់ និង​ការ​លើក​ត​ម្កើ​ន​នូវ​ភាតរភាព​របស់​សហគ្រិន​ឆ្នើម ទាំងនោះ ទៅ​កាន់​ពិភពលោក​តាម​រយៈ​អ្នកដឹកនាំ​ធុរៈកិច្ច​ ។

លោក​ជំទាវ ស្រួ ណា​រី​យ៉ា ប្រធាន​ថ្នាក់​ជាតិ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ។ រូបភាព ៖ ស្រី គំនិត

នា​ឱកាស​ថ្ងៃ​បើក​ទទួល​ពាក្យ​ប្រកួតប្រជែង​នេះ​ផង​ដែរ លោក​ជំទាវ ស្រួ ណា​រី​យ៉ា ប្រធាន​ថ្នាក់​ជាតិ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា​៖ «​ក្នុង​កម្មវិធី​នេះ​ដែរ ពួក​យើង​នឹង​ជួយ​លើកទឹកចិត្ត បង្ហាត់បង្រៀន​បន្ថែម​នៃ​សហគ្រិន ដើម្បី​អោយ​ការ​ធ្វើ​អា​ជី​កម្ម​របស់​ពួក​គាត់​កាន់តែ​មាន​ស្តង់ដារ​ខ្ពស់​ជាង​មុន ហើយ​ក៏​មានការ​ទទួលស្គាល់​ពី​សំណាក់​សាធារណជន ដែល​សមត្ថភាព​អ្នកចូលរួម​នឹង​ត្រូវ​បង្ហាញ និង​ជា​ការ​លើកទឹកចិត្ត​ក្នុង​ចូលរួម​កម្មវិធី​នេះ​» ​។

រូបភាព ៖ ស្រី គំនិត

លោក​ជំទាវ ស្រួ ណា​រី​យ៉ា បន្ត​ថា ការ​ទទួល​ពាក្យ​នេះ គឺ​ខាង​គម្រោង​នៃ​កម្មវិធី​លើកទឹកចិត្ត​អោយ​សហគ្រិន​វ័យក្មេង​ចូលរួម​អោយ​បាន​កាន់តែ​ច្រើន ព្រោះ​ប្រសិនបើ​អ្នកចូលរួម​ប្រកួតប្រជែង​បាន​ជាប់ នោះ​ពួក​គាត់​មិន​ត្រឹមតែ​មានឱកាស​បង្ហាញ​សមត្ថភាព​ក្នុងស្រុក​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​នឹង​មានឱកាស​ដើម្បី​បង្ហាញ​ទៅ​លើ​ឆាក​អន្តរជាតិ ដែល​នេះ​គឺជា​ការ​តំណាង​អោយ​ប្រទេស​កម្ពុជា​ផង​ដែរ ​។

កញ្ញា ទុ​យ មុនី​រ៉េ​ត ប្រធាន​គម្រោង​កម្មវិធី ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ។ រូបភាព ៖ ស្រី គំនិត

តាម​រយៈ​ប្រធាន​គម្រោង​កម្មវិធី ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា កញ្ញា ទុ​យ មុនី​រ៉េ​ត បានឱ្យ​ដឹង​ថា​៖ «​កន្លង​មក​ពុំ​សូវ​មាន​សហគ្រិន​ដាក់​ពាក្យ​ចូលរួម​អោយ​បាន​ច្រើន​កុះករ​នោះ​ទេ ក៏​ព្រោះថា​អាច​មក​ពី​កត្តា​ខ្លះ​ៗ​ផង​ដែរ ដូច​ជា​សហគ្រិន​ខ្លះ​គាត់​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ពាក្យ​ប្រកួតប្រជែង ហេតុផល​មួយទៀត ប្រហែលជា​សហគ្រិន​ខ្លះ​គាត់​មិនដឹង​ព័ត៌មាន ​។ ហើយ​ក៏​អាច​មាន​ហេតុផល​ថា សហគ្រិន​ខ្លះ​គាត់​មិន​ហ៊ាន​ដាក់​ពាក្យ​ប្រកួត ព្រោះ​គាត់​គិត​ថា​ខ្លាច​ធ្លាក់​ចឹ​ង​គាត់​នឹង​ខ្មាស់​គេ​ ។ ទាំងនេះ​គឺជា​ហេតុផល​ដែល​ខ្ញុំ​គិត​ថា មិនសូវ​មាន​សហគ្រិន​ច្រើន​ចូលរួម​ក្នុង​កម្មវិធី​» ។

រូបភាព ៖ ស្រី គំនិត

ជាមួយនឹង​លក្ខខណ្ឌ​ក្នុង​ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង កញ្ញា ទុ​យ មុនី​រ៉េ​ត ក៏​បាន​បន្ត​ទៀត​ថា អ្នក​ដាក់​ពាក្យ​ចូលរួម​តម្រូវ​អោយ​មាន​អាយុ​ក្រោម ៤៥ ឆ្នាំ​។ អា​ជី​កម្ម​របស់​ពួក​គាត់​ត្រូវ​តែ​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង និង​មាន​បុគ្គលិក​ធ្វើការ​យ៉ាង​ហោច​ណាស់​ក៏ ៥​ នាក់​ដែរ ​។ មួយវិញទៀត អាជីវកម្ម​របស់​ពួក​គាត់​ត្រូវ​តែ​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ ប៉ុន្តែ​ប្រសិនជា​គាត់​ដែល​ជនជាតិ​ខ្មែរ​មិន​បាន​បង្កើត​អាជីវកម្ម​នោះ​ទេ ក៏​គាត់​ត្រូវ​តែ​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​នោះ ៥១ ​ភាគរយ ដែរ ។

រូបភាព ៖ ស្រី គំនិត

កញ្ញា ទុ​យ មុនី​រ៉េ​ត បាន​បន្ថែម​ថា​ ៖ «​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អ្នកចូលរួម​នឹង​ទទួល​បាន ទី​១ គឺ​ពានរង្វាន់ ទី​២ គឺ​គាត់​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា​គាត់​គឺជា​សហគ្រិន​ឆ្នើម ​។ និង​ទី​ ៣ គឺ​មេដាយ​សម្រាប់​អ្នក​ឈ្នះ បន្ថែម​ពី​ពាន​ទាំងនេះ អាជីវកម្ម​របស់​ពួក​គាត់​ត្រូវ​បាន​ផ្សព្វផ្សាយ ទាំង​នៅ​លើ​ទូរទស្សន៍ និង​សារព័ត៌មាន​ជា​ច្រើន ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ផង​ដែរ» ។

រូបភាព ៖ ស្រី គំនិត

កញ្ញា មុនី​រ៉េ​ត ក៏​បាន​លើកទឹកចិត្ត​ដល់​សហគ្រិន​ទាំងអស់​ថា ការ​ដាក់​ពាក្យ​ប្រកួតប្រជែង​លើ​កម្មវិធី​នេះ គឺ​មិនមែន​ជា​ការ​ប្រកួតប្រជែង​យកឈ្នះ​យក​ចាញ់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បើ​ទោះ​សហគ្រិន​ណា​ដែល​មិន​បាន​ឈ្នះ​ និង​ទទួល​ពាន​ក្តី ប៉ុន្តែ​គំរូ​អា​ជី​កម្ម​របស់​ពួក​គាត់​ត្រូវ​បាន​ផ្សព្វផ្សាយ ការ​និយាយ​ជា​សាធារណៈ​របស់​ពួក​គាត់​នឹង​មានការ​រីក​ចម្រើន ដោយសារ​តែ​កម្មវិធី ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា គឺ​មានការ​បណ្តុះបណ្តាល​លើ​ជំនាញ​ទាំងអស់​នឹង​ ។

រូបភាព ៖ ស្រី គំនិត

សូម​ជម្រាប​ផង​ដែរ​ថា កម្មវិធី ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០១៥ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) និង​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) ដែល​មានការ​ចូលរួម​គាំទ្រ​របស់​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​កិច្ចការ​នារី ។

សម្រាប់​ព័ត៌មាន​ន្ថែ​ម​សូម​ទំនាក់ទំនង​៖ កញ្ញា ទុ​យ មុនី​រ៉េ​ត តាម​រយៈ​ទូរស័ព្ទ ៖ ០១៧ ៧២ ៨៨ ៩៥ ៕ អត្ថបទ​សហការ

រូបភាព ៖ ស្រី គំនិត
រូបភាព ៖ ស្រី គំនិត