ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភាពជោគជ័យមួយទៀត នៃកម្មវិធីបណ្តុះបណ្តាលរបស់សហគ្រិនខ្មែរ តាមរយៈ​ធុរកិច្ចថ្មី ឌីឡៃថ៏ថេក សហគ្រិន​ដែលបញ្ចប់ការសិក្សា ពីកម្មវិធីអង្គរ 500 ទទួលបានការវិនិយោគពីក្រុមហ៊ុន អាយ ជី គ្រុប

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សហគ្រិន​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ក្នុង​កម្មវិធី សហគ្រិន​ខ្មែរ លោក ឡាយ វីឡា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ឌី​ឡៃ​ថ៏​ថេ​ក ទទួល​បានការ​វិនិយោគ​ពី​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ​៖ សហគ្រិន​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ក្នុង​កម្មវិធី សហគ្រិន​ខ្មែរ លោក ឡាយ វីឡា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ឌី​ឡៃ​ថ៏​ថេ​ក ទទួល​បានការ​វិនិយោគ​ពី​ក្រុមហ៊ុន អាយ​ជី​គ្រុប​ ។ ពិធី​ចុះហត្ថលេខា​វិនិយោគ​វាង​ក្រុមហ៊ុន អាយ​ជី​គ្រុប និងឌី​ឡៃ​ថ៏​ថេ​ក ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២០ ខែមករា ឆ្នាំ ​២០២២ នៅ​សាល​ប្រជុំ​ សហគ្រិន​ខ្មែរ ក្នុង​ឱកាស​អបអរសាទរ​ការ​ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​រវាង អាយ​ជី​គ្រុប និង ឌី​ឡៃ​ថ៏​ថេ​ក​ ។ ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​តំណាង​វិស័យ​សាធារណៈ និងឯកជន​ដែល​ក្នុង​នោះ​មាន​តំណាង​ពី DQD ផង​ដែរ ។

ឯកឧត្ដម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ​ បាន​មាន​ប្រសាសន៍​ថា​៖ «​សហគ្រិន​ខ្មែរ មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​មាន​សហគ្រិន​បញ្ចប់​វគ្គ​សិក្សា​ពី​កម្មវិធី ដែល​បាន​រៀបចំ​ដោយ សហគ្រិន​ខ្មែរទទួល​បានការ​វិនិយោគ ហើយ​នេះ​ជា​ការ​វិនិយោគ​លើក​ទី​ពីរ​ក្នុង​ដើមឆ្នាំ 2022​ ។ សហគ្រិន​ខ្មែរ ក៏​សង្ឃឹមថា​សហគ្រិន​របស់​យើង​ជា​ច្រើន​ទៀត​នឹង​មាន​លទ្ធភាព​ចាប់​យក​ឱកាស​វិនិយោគ មក​អភិវឌ្ឍ​គំរូ​អាជីវកម្ម បង្កើត​ជា​ផលិតផល ឬ សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​លើកកម្ពស់​ភាព ប្រកួតប្រជែង​ក្នុង​ប្រទេស ដើម្បី​ទាញ​យក​ការ​វិនិយោគ​ក្នុងស្រុក និងក្រៅ​ស្រុក​បន្ថែម​»​ ។

លោក គឹ​ម ពុធ​គី​រី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អាយ​ជី​គ្រុប បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​វិនិយោគ​របស់ អាយ​ជី​គ្រុប ទៅ​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​គឺជា​ឆ្អឹងខ្នង​របស់​ក្រុមហ៊ុន​ទាំងមូល ​។ អស់​រយៈពេល​មួយ​ទស​វត្ស​មក​ទល់​នឹង​ពេល​នេះ អាយ​ជី​គ្រុប បាន​និង​កំពុង​គាំទ្រ​ដល់​វិស័យ​ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជា​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ទូ​ទាំង​តំបន់​មេគង្គ​តាម​រយៈ​ការ​ផ្គត់ផ្គង់ និង​អភិវឌ្ឍ​ដំណោះស្រាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាំង​ផ្នែក​សម្ភារ​បរិក្ខា និង​សូ​ហ្វ​វែ​រ​ ។ ការ​វិនិយោគ​របស់​យើង​ទៅ​ក្នុង​ដំណោះស្រាយ​ឆ្លាត​វៃ ផ្តល់​ប្រាក់​កម្ចី​រហ័ស គឺជា​ភស្តុ​តាង​ដែល​បង្ហាញ​ថា​ វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​កំពុង​តាម​ទាន់​ពិភពលោក​តាម​រយៈ​ការ​អភិវឌ្ឍ និង​ប្រតិបត្តិការ​ដំណោះស្រាយ​សេវា​ធនាគារ​ឌី​ជី​ថ​ល​បែប​ថ្មី ​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ ដោយ​ការ​ផ្តល់​បច្ចេកវិទ្យា​ទំនើប ដែល​ត្រូវ​បាន​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​សម្រាប់​ការ​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស ទាំង​តាម​តំបន់​ជនបទ និង​ទីក្រុង​» ​។

លោក ឈ សុ​ផា​ណា​ក់ អគ្គនាយករង​ផ្នែក​បច្ចេកវិទ្យា និង​នវានុវត្តន៍​នៃ​ក្រុមហ៊ុន អាយ​ជី​គ្រុប បាន​ធ្វើការ​កត់​សម្គាល់ថា​៖ «​ជាមួយនឹង​ការ​គាំទ្រ​ពី អាយ​ជី​គ្រុប ឌី​ឡៃ​ថ៍​ថេ​ក មិន​ត្រឹមតែ​អាច​ពង្រីក​ដំណោះស្រាយ​ប្រាក់​កម្ចី​ភា្ល​ម​ៗ ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ពង្រីក​បន្ថែម​នូវ​ប្រព័ន្ធ​វាយតម្លៃ​ឥណទាន​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​បរិ​យា​បន្ន​សម្រាប់​អតិថិជន​របស់​ខ្លួន ក៏​ដូច​ជា​អតិថិជន​នៃ​ស្ថាប័ន​ដទៃ​ទៀត ក្នុង​ពេល​ដំណាលគ្នា​នោះ​ក៏​អាច​ពង្រីក​ដែន​សហប្រតិបត្តិការ​ ក្នុង​ភាព​ជា​ដៃគូ​ក្នុង​ចំណោម​ស្ថាប័នហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ប្រទេស​ផង​ដែរ​» ​។

អាយ​ជី​គ្រុប បាន​កំពុង​ពង្រីក​គម្រោង​វិនិយោគ​របស់​ខ្លួន ដោយ​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ គាំទ្រ​ដល់​ធុរកិច្ច​ថ្មី​ដែល​ក្នុង​នោះ​មាន ក្រុមហ៊ុន ឌី​ឡៃ​ថ៏​ថេ​ក ទទួល​បាន​មូលនិធិ​ពេញលេញ រួម​ទាំង​ការ​ជ្រោមជ្រែង​លើ​ការ​អភិវឌ្ឍន៍​បច្ចេកទេស និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​អាជីវកម្ម ដើម្បី​បន្ត​ការ​លូតលាស់ រួម​បញ្ចូល​ជាមួយ​ដំណោះស្រាយ​ផ្សេង​ៗ​ទៀត​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ ។

កិច្ចព្រមព្រៀង​វិនិយោគ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក ឈ សុ​ផា​​ណា​ក់ អគ្គនាយករង​ផ្នែក បច្ចេកវិទ្យា និង​នវានុវត្តន៍​របស់ អាយ​ជី​គ្រុប ជាមួយនឹង សហ​ស្ថាបនិក ឌី​ឡៃ​ថ៏​ថេ​ក លោក សៅ សា​រ៉​ន និង លោក ឡាយ វីឡា ដោយ​មាន លោក គឹ​ម ពុធ​គី​រី ប្រធាន​ក្រុមប្រឹក្សាភិបាល អាយ​ជី​គ្រុប ជាស​ក្សី​ ។

លោក ឡាយ វីឡា សហ​ស្ថាបនិក ឌី​ឡៃ​ថ៏​ថេ​ក បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​បាន​ចាប់ផ្តើម​ពី​តូច ដោយ​មិន​មានការ​គាំទ្រ​ពី​ក្រុមហ៊ុន​ធំ​ៗ ឬ​សេដ្ឋី​ណាមួយ​ទេ គឺ​យើង​បាន​មក​ដល់​ពេល​នេះ​តាម​រយៈ​ដំណើរ​ធុរកិច្ច​ថ្មី​សុទ្ធសាធ ដោយ​ប្រើប្រាស់​ធនធាន​ដែល​យើង​មាន ទទួល​ការ​ណែនាំ​ពី​សហគ្រិន​ខ្មែរ អង្គរ​ 500 មិត្តភក្តិ និង​ក្រុម​គ្រួសារ និង​ការ​ប្រឹ​ប្រែង​រៀនសូត្រ និង​រីក​លូតលាស់​ជា​បណ្តើរ​ៗ​ ។ ជាមួយនឹង​បទ​ពិសោធន៍​ការងារ​ផ្ទាល់ និង​ការ​គ្រប់គ្រង​មាគ៌ា​នៃ​ធុរកិច្ច​ថ្មី​របស់​យើង​តាំងពី​ដំបូង ក្រុមការងារ​យើង​ឈ្វេងយល់​គ្រប់យ៉ាង ​ពី​អ្វី​ដែល​យើង​ត្រូវការ​ដើម្បី​បន្ត​វឌ្ឍនភាព​របស់​យើង ហើយ អាយ​ជី​គ្រុប ក៏​ដូច​ជា​ដៃគូរ និង​អ្នក​ដែល​បាន​គាំទ្រ​យើង​រហូត​មក​ដល់​ពេល​នេះ កំពុង​ជួយ​ឱ្យ​យើង​មាន​ភាព​ប្រាកដ​ថា ឌី​ឡៃ​ថ៍​ថេ​ក ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បម្រើ​ទីផ្សារ​ទូទៅ​ជាមួយនឹង​មធ្យោបាយ​នានា ​ដែល​នាំ​ទៅ​ដល់​បរិ​យា​បន្ន​ផ្នែក​ហិរញ្ញវត្ថុ​តាម​រយៈ​ការ​ផ្តល់​ឱ្យ​ប្រជាជន​នូវ​ភាព​ងាយស្រួល​ ក្នុង​ការ​ឈ្វេងយល់​និង​ប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​រហ័ស​ក្នុង​ការ​ខ្ចី សង និង​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ទាំងមូល នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​»​ ។

លោក Tomas Pokorny សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ CAFT ទីប្រឹក្សា​ក្រុមហ៊ុន អាយ​ជី​គ្រុប នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផាយ ផេ ស្ថាបនិក​ក្រុមហ៊ុន D.Q.D ខន​សាល់​ធី​ង និង​ជា​សមាជិក​ឯករាជ្យ​នៃ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន FWD អ៉ិន​ស៊ូ​រិ​ន (​ខេ​ម​បូ​ឌា​) បាន​ចូលរួម​អបអរសាទរ​ផង​ដែរ​ដល់ ឌី​ឡៃ​ថ៍​ថេ​ក ដោយ​មាន​ប្រសាសន៍​ថា​៖ «​នៅ​ពេល​ដែល​អ្នក​បាន​ចូលរួម​ក្នុង​កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម​របស់ អង្គរ​ 500 អ្នកមាន​អាជីវកម្ម​រួច​ទៅ​ហើយ និង​ថែម​ទាំង​មាន​មូលដ្ឋាន​គ្រឹះ​នៃ​បច្ចេកវិទ្យា​ផង​ដែរ​ ។ មិន​ដល់​មួយ​ឆ្នាំ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​កម្មវិធី វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បានឃើញ​អ្នក​ពេល​នេះ​មិន​មាន​ត្រឹមតែ​អាជីវកម្ម​នោះ​ទេ ប៉ុន្តែ​ជា​អាជីវកម្ម​ដែល​មាន​មហិច្ឆតា​រីក​លូតលាស់​ពេញ​ប្រទេស ក៏​ដូច​ជា​ការ​ពង្រីក​ដល់​អន្តរជាតិ​ផង​ដែរ ​។ សូម​បន្ត​ប្រឹងប្រែង​តទៅ​ទៀត និង​សូម​ចង​ចាំ​ជា​និច្ច​ពី​របៀប​ដែល​អ្នក​បាន​ចាប់ផ្តើម វា​នឹង​ជួយ​អ្នក​ឱ្យ​បន្ត​សម្រេច​បាន​នូវ​អ្វី ​ដែល​អ្នក​បាន​កំណត់​ធ្វើ តាម​គោលបំណង​ដែល​អ្នក​បាន​កំណត់​ពី​ដំបូង​គឺ ដើម្បី​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់​គ្នា ​។ សូម​ឱ្យ​សំណាងល្អ ហើយ​បន្ត​ទៅ​មុខ​ទៀត​» ។

អំពី​សហគ្រិន​ខ្មែរ
សហគ្រិន​ខ្មែរ ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​គោលបំណង​កៀរគរ វិនិយោគ និង​គ្រប់គ្រង​ធនធាន ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន​ដ៏​រស់​រវើក​នៅ​កម្ពុជា ដោយ ហេតុនេះ​ជំរុញ​សកម្មភាព​សហគ្រិន ទៅ​ដល់​ការ​ច្នៃប្រឌិត និង​ការ​បង្កើត​តម្លៃបន្ថែម​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ។ សហគ្រិន​ខ្មែរ​ មាន​ចក្ខុវិស័យ ក្លាយជា​វេទិកា​ថ្នាល​ជាតិ ​សម្រាប់​ការ​លើកកម្ពស់​សកម្មភាព​សហគ្រិន​ក្នុង​វិស័យ អាទិភាព​បួន​ ៖ វិស័យ​បច្ចេកវិទ្យា ផ្តោត​លើ​បច្ចេកវិទ្យា​ក្នុង​ធុរកិច្ច​ថ្មី វិស័យ​សេវាកម្ម​ផ្តោត​លើ ផ្នែក​បដិសណ្ឋារកិច្ច និង​ផ្នែក​ដឹក​ជញ្ជូន វិស័យ​កសិកម្ម​ផ្តោត​លើ​ផលិតផល​កែ​ច្នៃ​សម្រាប់ ការ​ប្រើប្រាស់​ក្នុងស្រុក និង ការ​នាំ​ចេញ និង​វិស័យ កម្មន្តសាល​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ផលិតកម្ម ជំនួស​ការ​នាំ​ចូល និង​បណ្តុំ​ឧស្សាហកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម​ ។

អំពី​ក្រុមហ៊ុន អាយ​ជី​គ្រុប
អាយ​ជី​គ្រុប គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពាណិជ្ជកម្ម កសិកម្ម បរិវត្ត​កម្ម ន​វា​នុ​ត្តន៍ និង​ធុរកិច្ច​ថ្មី​ ។ ក្ដី​សុបិន​របស់​យើង​គឺ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី (Ecosystem) និង​ជា​ផ្នែក​មួយ​របស់​វា ​។ ប្រព័ន្ធ​អេកូឡូស៊ី​នេះ ដែល​ក្នុង​នោះ​អាជីវកម្ម​នានា នឹង​ជួយ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ និង​សង្គម ជួយ​ដល់​ការ​ត្រៀម​ប​ង្កើ​ម​ថាមវន្ត​រវាង​តំបន់​ជនបទ​និង​តំបន់​ប្រជុំជន ជួយ​ជំរុញ​ដល់​ការ​បង្កើត​អន្តរ​សហការ រវាង​មនុស្ស​វ័យ​ចំណាស់ ​ជាមួយ​ប្រជាជន​សម័យ​ឌី​ជី​ថ​ល ជួយ​ដល់​ការ​ត្រៀមខ្លួន​របស់​កម្លាំង​សម្រាប់ ស្វ័យប្រវត្តិកម្ម និង​ឧស្សាហកម្ម ៤.០ ព្រមទាំង​ជួយ​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍ ក្លាយទៅជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​ នៅ​ក្នុង​ពិភពលោក​ផង​ដែរ​ ។ យោង​តាម​សញ្ញាណ​ចុង​ក្រោយ​ពី​មេដឹកនាំ ពិភពលោក ដែល​កំពុង​រៀបចំ​សម្រាប់​វិស័យ​ឌី​ជី​ថ​ល និង​ពិភពលោក​ក្រោយ​កូ​វី​ដ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន អាយ​ជី​គ្រុប គឺ​កា​គាំទ្រ​នូវ​មូលធននិយម​ប្រមូលផ្ដុំ​បែប​ថ្មី និង​សេដ្ឋកិច្ច​បរិ​យា​ប័ន្ន ​។

អំពី ឌី​ឡៃ​ថ៏​ថេ​ក
ឌី​ឡៃ​ថ៏​ថេ​ក បាន​បង្កើត​កម្មវិធី លុយ​លឿន ដែល​ជា​វេទិការ​ផ្តល់​សេវា​កម្ចី​សាច់ប្រាក់​រហ័ស តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​ផ្តល់​ពិន្ទុ​ឥណទាន សម្រាប់​អតិថិជន​ដែល​ពិបាក​ទទួល​បាន​សេវា​ពី​សា្ថ​ប័ន​ផ្តល់​ហិរញ្ញវត្ថុ​ផ្លូវការ​ដូច​ជា ធនាគា ​។ វេទិការ​នេះ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្នើ​សុំ​សេវា​ហិរញ្ញវត្ថុ​ភ្លាម​ៗ​តាម​តម្រូវការ ដោយ​មិន​តម្រូវ​អោយ​មាន​ឯកសារ​ស្មុគស្មាញ ហើយ​អាច​ស្នើ​សុំ​បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា នៅ​លើ​ឧបករណ៍​ទូរស័ព្ទ​ដៃ​ចល័ត ជាមួយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ព្រមទាំង​ការ​ការពារ ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​យ៉ាង​មុត​មាំ ​។ លើស​ពី​នេះ អ្នក​ប្រើប្រាស់​របស់​យើង អាច​កសាង​ប្រវត្តិ​ឥណទាន​របស់​ពួក​គេ​កាន់តែ​ប្រសើរ និង​ផ្តល់​ជម្រើស​ដើម្បី​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ល្អ​ជាង​មុន ព្រមទាំង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អេកូឡូស៊ី របស់​ធនាគារ ដែល​បម្រើ​តម្រូវការ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ និង​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​អ៊ីនធឺណិត​ជា​ជាង​ទៅ​កាន់​បញ្ជរ​ផ្ទាល់​ ៕ ដោយ​សហការ