ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​ការងារ​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ព្រែក​ត្នោត

2 ឆ្នាំ មុន

ថ្ងៃ​ទី ១៩ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

ថ្ងៃ​ទី ១៩ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្ដម ជួន ប៊ិ​ត​ថុ​ល អនុរដ្ឋលេខាធិការ ឯកឧត្ដម ម៉ៅ ហាក់ ប្រធាន​មុខព្រួញ រាជធានី​ភ្នំពេញ មន្ត្រី​បច្ចេកទេស​និង​តំណាង​ក្រុមហ៊ុន GDFC បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ព្រែក​ត្នោត ស្ថិត​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ និង​ខេត្តកំពង់ស្ពឺ ដែល​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

តាម​របាយការណ៍​ពី​ក្រុមការងារ​បច្ចេកទេស​ក្នុង​ពេល​ចុះ​ពិនិត្យ បាន​ឲ្យ​ដឹង​ថា​ ការងារ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ខាងលើ​នេះ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ​០១ ខែធ្នូ ឆ្នាំ ​២០២១ ដែល​រហូត​មក​ដល់​ពេល​នេះ គឺ​សម្រេច​បាន​ប្រមាណ ២២% លើ​ផែនការ​កំណត់ ។
គោលបំណង​របស់​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ព្រែក​ត្នោត គឺ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ទឹកជំនន់​យាយី​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ជា​ពិសេស​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ព្រមទាំង​បង្កើន​ផ្ទៃដី​ដាំ​ដុះ ដែល​មាន​លទ្ធភាព​ជួយ​ការពារ និង​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ២៤៥ ​គីឡូម៉ែត្រ​ក្រឡា ហើយ​មាន​លទ្ធភាព​ស្រោចស្រព​ដីស្រែ​ប្រាំង ១០.១៥០​ ហិ​កតា និង​ស្រូវ​វស្សា ១៧.៧៣០ ​ហិ​កតា ។

សូម​បញ្ជាក់​​ថា ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ព្រែក​ត្នោត ស្ថិត​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ និង​ខេត្តកំពង់ស្ពឺ​នេះ ត្រូវ​បាន​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុង​ការ​រៀបចំ​ផែនការ និង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ប្រទេស​ជា​មិត្ត ដើម្បី​ឆាប់​អនុវត្ត​គម្រោង​ដ៏​មាន​អត្ថប្រយោជន៍​នេះ ក្នុង​ការ​បន្ថយ​ផល​ប៉ះពាល់ និង​បញ្ជៀ​ស​គ្រោះ​មហន្តរាយ​នានា​តែងតែ​យាយី​ដល់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​ដែល​កំពុង​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ។

ក្មុ​ង​ឱកាស​ចុះ​ពិនិត្យ​ជាក់ស្តែង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ការងារ​ដែល​សម្រេច​តាម​ផែនការ​គ្រោងទុក ក្រោម​កិច្ចសហការ​ល្អ​ប្រសើរ​រវាង​ក្រុមការងារ​អនុវត្ត​គម្រោង មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​បន្ថែម​នូវ​បច្ចេកទេស​អនុវត្ត​ការងារ ដើម្បី​ធានា​គុណភាព​សំណង់​ខាងលើ ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត ​៕ ដោយសហការ