ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទីបំផុត​តារាចម្រៀង មាស សុខ​សោភា រក​ឃើញ​ទ្រនំ​ថ្មី គឺ​ផលិតកម្ម «​រាម​» ជាមួយ​ការ​ទទួលស្វាគមន៍​យ៉ាង​កក្រើក ! (វីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​កំពូល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ មាស សុខ​សោភា បាន​ចុះ​កុងត្រាជាមួយ​ផលិតកម្ម រាម (Ream Production Co.,LTD)…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​កំពូល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ មាស សុខ​សោភា បាន​ចុះ​កុងត្រាជាមួយ​ផលិតកម្ម រាម (Ream Production Co.,LTD) ដែល​ជា​ទ្រនំ​ថ្មី​របស់​នាង​នៅ​ក្នុង​ពិធី​សម្ពោធ ផលិតកម្ម​ជា​ផ្លូវការ​ជាមួយ​និង​ការ​ស្វាគមន៍​តារាចម្រៀង​សំឡេង​ផ្អែម មាស សុខ​សោភា កាលពីរាត្រី​ថ្ងៃ​ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស តារាចម្រៀង ​និងសម្តែង​ជា​ច្រើន​រូប ។

នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ផលិតកម្ម «​រាម​» និង​ចុះ​កិច្ចសន្យា​ជា​ផ្លូវការ​នេះ​តារាចម្រៀង​ល្បីឈ្មោះ មាស សុខ​សោភា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ «​ក្នុង​ការ​សម្រេចចិត្ត​ចូល​ក្នុង​ផលិតកម្ម រាម អាចនិយាយ​បាន​ថា ជា​និស្ស័យ ជា​ពេលវេលា​ដែល​ឱ្យ​ពួក​យើង​បាន​ជួប​គ្នា រួម​សហការ​ជាមួយ​គ្នា និង​ដោយសារ​ពួក​យើង​មាន​បេះដូង គោលដៅ គោលបំណង​តែ​មួយ ។ បើ​ទោះបី​ផលិតកម្ម រាម មិន​ទាន់​មាន​ប្រជាប្រិយភាព​ក៏​ដោយ ក៏​ប៉ុន្តែ​អាច​និយាយ​ថា មាន​គោលដៅ​ដូច​ខ្ញុំ​ដែល​ជា​អ្នកសិល្បៈ​រៀមច្បង​ត្រូវការ​អ្នក​ដែល​ជួយ​គាំទ្រ ការ​លើកទឹកចិត្ត និង​ផ្លូវចិត្ត​របស់ខ្ញុំ និង​ការងារ​សិល្បៈដែល​ខ្ញុំ​ចង់​ធ្វើ​» ។

ដោយ​បង្ហាញ​អារម្មណ៍​របស់​ពិត​កញ្ញា មាស សុខ​សោភា បន្ត​ថា អាច​និយាយ​បាន​ថា វា​ជា​រឿងចៃដន្យ​ដែល​ពួក​យើង​ទាំង​ពីរ​មិន​បាន​ស្គាល់គ្នា​សោះ (​កញ្ញា មាស សុខ​សោភា និង​លោកស្រី នួន ស៊ុ​ន្ទ​រី​) ស្គាល់​គាត់​តែ​តាម Facebook ដែល​ខ្ញុំ​ឃើញ​គាត់​ធ្វើ​កិច្ចការ​សង្គម ដល់​ថ្ងៃមួយ​គាត់​ក៏អញ្ជើញ​ខ្ញុំ​មក​និយាយ​គ្នា​ដើម្បី​ពិភាក្សា ហើយ​នាង​ខ្ញុំ​ក៏​គិត​ថា ជួប​គ្នា​លេង​តែ​ប៉ុណ្ណោះ នៅ​ពេលដែល​បាន​ជួប​គាត់ ការ​សំណេះសំណាល​របស់​យើងដូច​ជា​មនុស្ស​ដែល​បាន​ស្គាល់គ្នា​យូរ ឆ្នាំ​មក​ហើយចិត្តថ្លើម​របស់​គាត់​គឺ​ស្រឡាញ់​សិល្បៈ​ដោយ​មិន​ទាមទារ​ការ​តបស្នង​ពី​សិល្បៈ​វិញនោះ​ទេ គឺ​វា​ដូច​គោលដៅ​របស់ខ្ញុំ​ដែរ ដែល​ខ្ញុំ​ជា​មនុស្ស​ស្រឡាញ់​សិល្បៈ និង​ការងារ​សិល្បៈ ។ ដូចនេះ​នៅ​ពេល​ខ្ញុំ​បាន​ជួប​ជាមួយ​ផលិតករ ផលិតកម្ម​ដែល​មាន​ទុន​សម្រាប់​លើកកម្ពស់​លើ វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ​របស់​យើង ភ្លាម​ៗ​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​មិន​ត្រូវ​បោះបង់​ចោល​ឱកាសមាស​របស់ខ្ញុំ​ក្នុង​ការ​សហការ​ជាមួយ​ផលិតកម្ម រាម នោះ​ទេ ។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សន្តិភាព មាន​សុវត្ថិភាព នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​គាត់​តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ ។

ដោយឡែក​លោកស្រី នួន ស៊ុ​ន្ទ​រី ដែល​ជា​អគ្គ​នាយិកា​ផលិតកម្ម​រាម បានឱ្យ​ដឹង​ថា ៖ «​ជា​ការ​ពិត ផលិតកម្ម រាម មិនមែន​ដើម្បី​អាជីវកម្ម​នោះ​ទេ ពីព្រោះ​ខ្ញុំ​បាន​ដាក់​ដើមទុន​ច្រើន​ណាស់ មិន​ទាន់បាន​ចំណេញ​មក​វិញ​នោះ​ទេ ។ ហើយ​ផលិតកម្ម​បាន​ដាក់​ទុន​លើ​សម្ភារៈ​ទំនើប​ៗ និង​ស្ទូ​ឌី​យោ​ធំណាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យើង​ក៏​មាន​កន្លែង​សម្រាប់​បណ្តុះបណ្តាល​អ្នក​ដែល​ស្រឡាញ់​ខាងសិល្បៈ​ផង​ដែរ ។ យើង​ក៏​បាន​បណ្តាក់ទុន​ដើម្បី​បង្កើត​រឿង​ខ្នាត​ធំ ព្រោះ​យើង​ចង់​នាំ​ភាពយន្ត របស់​យើង​ចេញ​ទៅ​ក្រៅប្រទេស ហើយ​យើង​បាន​ធ្វើ​រួចរាល់​ហើយ នៅ​តែ​រង់ចាំ​ថ្ងៃ​ចេញ​នោះ​ទេ ។ រីឯ​បទ​ចម្រៀង​ដែល​យើង​បាន​ផលិត​រួច​ហើយ​របស់​បងស្រី មាស សុខ​សោភា គឺជា​បទ​ដែលមានគុណ​ភាព ដូចនេះ​ការ​បង្កើត​ផលិតកម្ម​នេះ​ឡើង គឺ​យើង​លើក​ស្ទួយ​សិល្បៈ ជាក់ស្តែង គឺយើង​ផ្តោត​លើ​សិល្បៈ​បុរាណ​ជា​ធំ អុីចឹង​យើង​មាន​ច្រើន​ចំណុច​ដែល​លើក​ស្ទួយ យើង​ចាយ​ទុន ជា​ច្រើនដោយ​ក្តី​ស្រឡាញ់​» ។ លោកស្រី នួន ស៊ុ​ន្ទ​រី បាន​បញ្ជាក់​ថា ការ​ផលិត​ចម្រៀង គឺ​សំដៅលើ​គុណភាព មិន​យក​បរិមាណនោះ​ទេ ដោយ​ការ​ផលិត​អាច​ប្រើ​រយៈពេល​យូរ​បន្តិច ដូចនេះ​នៅ​ពេល​ដែល​យើង​មានបទ​ច​ម្រៀង​ដែល​ពីរោះ ល្អ បទ​ភ្លេង​ដែល​ល្អ បូក​រួម​ជាមួយ​តារាចម្រៀង​ដែល​មានបទពិសោធន៍ និង​មាន​ប្រជា​ប្រិយភាព​ស្រាប់ ។

នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​នេៈ​ផង​ដែរ តារាចម្រៀង​សំឡេង​ផ្អែម មាស សុខ​សោភា ក៏​ត្រូវ​បាន​ម្ចាស់ផលិតកម្ម រាម បំពាក់​មកុដ​ជូនដែល​មកុដ​នោះ​មានឈ្មោះ​ថា «​តារាចម្រៀង​ស្រី​សំឡេង​ធម្មជាតិ​» ធ្វើ​ឱ្យ​នាង​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ។ ជាមួយ​គ្នា​នេះ​គេ​ក៏​បានឃើញ​តារាចម្រៀង​ប្រុស​ល្បីឈ្មោះ​លោក ដួង វី​រៈ​សិទ្ធ បង្ហាញខ្លួន ហើយ​ក៏​ជា​តារាចម្រៀង​ប្រុស​នៅ​ក្នុង​ផលិតកម្ម រាម នេះ​ផង​ដែរ ។ ចំពោះ​បទ​ចម្រៀង​ដំបូង​របស់​កញ្ញា មាស សុខ​សោភា នៅ​ក្នុង​ផលិតកម្ម រាម មាន​ចំណ​ង​ជើង​ថា «​ត្រឡប់​» ដែល​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង​បំផុត ហើយ​ក៏​បានបញ្ចេញ​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​សម្ពោធ​នោះ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផលិតកម្ម រាម គឺ​ផ្តោត​សំខាន់​លើ​គុណភាព​ជា​ចំបង ប្រយោជន៍​រួម ការងារ​ជា​ក្រុម ដំណោះស្រាយ​ជា​ធំ និង​លើកកម្ពស់​ជនជាតិ​កម្ពុជា​ជា​អតិ​ភាព ។ ហើយ រាម ជា​ផលិតកម្ម​បែប​កម្សាន្ត​ដែល​នឹង​នាំ​វិស័យ​នេះ​ទៅ​កាន់​ទីផ្សារ​ពិភពលោក ។ រាម ដឹកនាំ​វិស័យផលិតកម្ម​ដោយ​ប្រើ​នូវ​បច្ចេកវិជ្ជា​ទំនើប​ទាន់សម័យ​ចុង​ក្រោយ​របស់​ពិភពលោកមក​ផលិតភាពយន្ត​ខ្នាត​តូច ធំ វី​ដេ​អូ​ឯកសារ ចម្រៀង ស្ប៉ត​ពាណិជ្ជកម្ម និង​កម្មវិធី​ផ្សេង​ៗ​ប្រកបដោយ​គុណភាព​ស្តង់ដារ ។ រាម ជា​ផលិតកម្ម​ដែល​មាន​សេវាកម្ម​ពេញលេញ ពី​ដើម​ដល់​ចប់​សម្រាប់​បំពេញតម្រូវការ​របស់​អាជីវករ និង​ម្ចាស់​ផលិតផល​ទាំងអស់​បាន ៕ ដោយ​សហការ