ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឡូយ​មែន​ ! ក្រុមហ៊ុន Ford និង Google សហការ​គ្នា​យក​ប្រព័ន្ធ​ប្រតិបត្តិការ Android មក​បំពាក់​លើ​រថយន្ត Ford នៅឆ្នាំ​ ២០២៣

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Ford និង Google បាន​ប្រកាស​ជា​ផ្លូវការ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ​២០២៣ ខាង​មុខ​នេះ…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Ford និង Google បាន​ប្រកាស​ជា​ផ្លូវការ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ​២០២៣ ខាង​មុខ​នេះ ​។ ក្រុមហ៊ុន Ford នឹង​នាំ​យក​ប្រព័ន្ធ​ប្រតិបត្តិការ Android មក​ដាក់​ដំណើរការ​លើ​រថយន្ត Ford អម​មក​ជាមួយនឹង​មុខងារ​ផ្សេង​ៗ​ដូច​ជា ​៖ Google Apps, និង Service Built-In ​។ ជាមួយ​គ្នា​នេះ​ដែរ Ford នឹង​ប្រើប្រាស់​សេវាកម្ម Google ផ្សេង​ទៀត​ដែល​មាន​ដូច​ជា ​៖ សេវាកម្ម Google Cloud, កម្មវិធី Artificial Intelligence (AI), កម្មវិធី Machine Learning (ML) ផង​ដែរ​ ។

ចាប់ពី​ឆ្នាំ​ ២០២៣ អតិថិជន​រថយន្ត Ford និង Lincoln នឹង​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ប្រសើរ​ទាក់ទង​ជាមួយនឹង​កម្មវិធី​ផ្សេង​ៗ​ដែល​ជួយ​សម្រួល​ដល់​ការ​បើកបរ ហើយ​ជា​ពិសេស​នោះ​ គឺ​ប្រព័ន្ធ​កម្សាន្ត​បែប​ថ្មី​ដែល​អាច​ប្រើប្រាស់​ផ្ទាល់​នៅ​លើ​អេ​ក្រង់ Touch Screen របស់​រថយន្ត​ដោយ​ពុំ​ចាំបាច់​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​នោះ​ទេ​ ។

លោក Jim Farley អគ្គនាយក​ក្រុមហ៊ុន Ford បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Ford បាន​បន្ត​ធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​នេះ និង​នា​ពេល​អនាគត តួយ៉ាង​ដូច​ជា​រថយន្ត​អគ្គិសនី និង​រថយន្ត​ដែល​អាច​បើកបរ​បាន​ដោយ​ខ្លួនឯង ហើយ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន Ford និង Google បាន​រួម​គ្នា​ដើម្បី​បង្កើត​នូវ​ការ​ច្នៃប្រឌិត​ថ្មី​ដែល​អាច​ផ្តល់​នូវ​បទ​ពិសោធន៍​ល្អ​ប្រសើរ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ថ្មី​ៗ​ចុង​ក្រោយ ​។

លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google និង Alphabet បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Ford បាន​ឈរជើង​នៅ​លើ​វិស័យ​យានយន្ត​អស់​រយៈពេល​ជិត​ ១២០​ឆ្នាំ​មក​ហើយ ថ្ងៃនេះ​ដែរ​យើង​ពិតជា​មាន​មោទនៈភាព​ដែល​អាច​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន Ford ដែល​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ក្នុង​ការ​គណនា វិភាគ​ទិន្នន័យ​ក្នុង Cloud ដើម្បី​ជួយ​ផ្លាស់​ប្តូរ និង​បង្កើន​ល្បឿន​អាជីវកម្ម​តរបស់ Ford ឲ្យ​កាន់តែ​ប្រសើរ និង​កាន់តែ​ផ្តល់​សុវត្ថិភាព​ជូន​អ្នកបើកបរ​រថយន្ត Ford ទាំងអស់​ថែម​ទៀត​ផង​ ។

តាម​រយៈ​ការ​ប្រើ Android និង​សេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹង​អាច​ធ្វើការ​ផ្ញើ​សារ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​បាន ទាក់ទង​ការ​ស្នើរ​ឲ្យ​យក​យានយន្ត ទៅ​ធ្វើការ​ថែទាំ ឬ​ត្រួតពិនិត្យ​ផ្សេង​ៗ ក៏​ដូច​ជា​ការ​ជូនដំណឹង​សំខាន់​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android លើ​រថយន្ត Ford នា​ឆ្នាំ​២០២៣ ខាង​មុខ​នោះ​វា​មិន​ដូច​គ្នា​ទៅ​នឹង​កម្មវិធី Android Auto នា​ពេល​សព្វ​ថ្ងៃនេះ​ទេ ព្រោះថា Android Auto គ្រាន់​ជា​កម្មវិធី​មួយ​ប៉ុណ្ណោះ មិនមែន​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ឡើយ ហេតុ​ដូច្នេះ​មុខងារ​របស់​វា​មាន​ដែន​កំណត់ ហើយ​មួយវិញទៀត អ្នក​អាច​ប្រើ​បាន​លុះត្រាតែ​ភ្ជាប់​វា​ជាមួយ​ទូរស័ព្ទ Smart Phone ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ Android ទើបបាន ​។ តែ​សម្រាប់​រថយន្ត Ford នា​ពេល​អនាគត​ដែល​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ស្រាប់​វិញ​នោះ​គឺ វា​ដូច​ជា​ទូរស័ព្ទ Smart Phone ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ Android អ​ញ្ចឹ​ង ដែល​អ្នក​ប្រើប្រាស់​អាច​បញ្ជា​មុខងារ​សំខាន់​ៗ ឬ​បើក​កម្មវិធី​ផ្សេង​ៗ​បាន​ដោយ​ខ្លួនឯង​នៅ​ក្នុង​នោះ​ផ្ទាល់​តែ​ម្ដង​ដែល​មាន​ដូច​ជា ​៖
•​ ​មុខងារ Google Assistant ជួយ​ឲ្យ​អ្នកបើកបរ​អាច​ផ្តោតអារម្មណ៍​ក្នុង​ការ​បើកបរ​ទៅ​មុខ និង​បញ្ជា​មុខងារ​ផ្សេង​ៗ​របស់​រថយន្ត​តាម​រយៈ​ការ​ប្រើ​សម្លេង​តែ​ប៉ុណ្ណោះ​ ។
•​ ​មុខងារ Google Map បង្ហាញ​ផែនទី និង​ទីតាំង​បាន​ច្បាស់លាស់​ដែល​អាច​ជួយ​ឲ្យ​អ្នកបើកបរ​ទៅ​ដល់​គោលដៅ​បាន​ឆាប់រហ័ស​ជាង​មុន​ជាមួយនឹង​ការ​បង្ហាញ​ស្ថានភាព​ចរាចរណ៍​ជាក់ស្តែង និង​ធ្វើការ​ណែនាំ​ពី​គន្លង​ផ្លូវ​ដែល​យើង​ត្រូវ​បើកបរ​ ។
•​ ​មុខងារ Google Play ផ្តល់​នូវ​ការ​កម្សាន្ត​ដល់​អ្នកបើកបរ​តាម​រយៈ​មុខងារ Apps ជា​ច្រើន​ដូច​ជា​ការ​ស្តាប់​ចម្រៀង​, Podcasts, Audiobooks ដែល​មុខងារ​ទាំង​អស់នេះ​មាននៅ​លើ​រថយន្ត​ស្រាប់តែ​ម្តង ​។
តាម​រយៈ​ការ​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅ​លើ​រថយន្ត Ford នេះ​នឹង​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន Ford និង​អ្នក​អភិវឌ្ឍន៍​កម្មវិធី Mobile Apps អាច​បង្កើត​កម្មវិធី​កម្សាន្ត និង​កម្មវិធី​ផ្សេង​ៗ​ទៀត​បាន​ដើម្បី​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ថ្មី​នៃ​ការ​បើកបរ​សម្រាប់​អតិថិជន ​៕ ដោយសហការ