ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​ពួកម៉ាក បង្ហាញ​ជា​ផ្លូវ​ការ​ហើយ ​! ជា​កម្មវិធី​ផ្ញើ​សារ​ខ្មែរ​ដំបូង​គេ​បំផុតនាំ​មក​ជូន​ដោយ​ក្តី​ស្រលាញ់​ពី ​សែ​ល​កាត

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 14 ខែកុម្ភៈ ឆ្នាំ 2021 នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នា​រាត្រី​នៃ​ទិវា​ក្តី​ស្រឡាញ់ ក្រុមហ៊ុន​សែ​ល​កាត បាន​ប្រកាស​ឱ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 14 ខែកុម្ភៈ ឆ្នាំ 2021 នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នា​រាត្រី​នៃ​ទិវា​ក្តី​ស្រឡាញ់ ក្រុមហ៊ុន​សែ​ល​កាត បាន​ប្រកាស​ឱ្យ​ដឹង នូវ​ការ​នាំ​យក​កម្មវិធី​ផ្ញើ​សារ​បង្កើត​ឡើង​ដោយ​ខ្មែរ​ផ្ទាល់ ដែល​មានឈ្មោះ​ថា “​ពួក ម៉ាក (Pouk Mak)”​។

Pouk Mak កំពុង​ត្រូវ​បាន​ដាក់​លក់​ជាស​កល​នៅ​លើ​ហាង iOS និង Android App ដែល​ត្រូវ​បាន​ចេញ​ប្រើប្រាស់​ជា​ផ្លូវការ​សម្រាប់​អ្នក​គ្រប់​គ្នា នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃនេះ​ហើយ គឺ​សម្រាប់​ផ្ញើ​សារ ខ​លតា​ម​វី​ដេ​អូ និង​តេ​ជា​សំឡេង ចែករំលែក​ឯកសារ និង​អាច​ប្រើប្រាស់​នូវ​មុខងារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

លក្ខណៈ​ពិសេស​របស់​កម្មវិធី​រួម​មាន ការ​ផ្ញើ​សារ​ជា​ក្រុម ការ​ទទួល​បាន​នូវ​ព័ត៌មាន​បែប​ចម្រុះ និង​ការ​ផ្ញើ​ស្ទីក​គ័​រ​ប្លែក​ៗ រួម​ជាមួយនឹង​ការ​ការពារ​សុវត្ថិភាព ដោយ​ការ​អ៊ិ​ន​គ្រីប​ទាំងស្រុង និង​រក្សា​ទុក​ទិន្នន័យ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​តែ​ម្តង​។

សេវាកម្ម App ឥត​គិតថ្លៃ​នេះ ត្រូវ​បាន​បង្ហាញ​ជាមួយនឹង​ការ​រៀបចំ​ពិធី​អបអរសាទរ​ដ៏​អធិកអធម​បំផុត នៅ​ការិយាល័យ​កណ្តាល​សែ​ល​កាត ក្នុង​រាជធានី​ភ្នំពេញ ដោយ​ការ​ផ្សាយ​ឆ្លងកាត់​ផ្ទាល់​ទៅ​កាន់​ខេត្តសៀមរាប ដែលស្ថិតក្នុងខេត្តសៀមរាប ដោយ​ក្នុង​នោះ ក៏​មាន​រៀបចំ​នូវ​ពិធី​បង្ហោះគោម​ចំនួន 5000 ទៀត​ផង​។

លោក អៀន វ៉ា​ត​សុ​ន (Ian Watson) ដែល​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​ថ្លែង​អោយ​ដឹង​ថា Pouk Mak គឺជា​កម្មវិធី​មាន​កម្រិត​ដូច​គ្នា​នឹង​កម្មវិធី​ផ្ញើ​សារ​លំដាប់​ពិភពលោក ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្លែក​ពី​គេ ពោល​គឺ​បងប្អូន​ខ្មែរ​ទាំងអស់ អាច​ផ្ញើ​សារ​ជា​ភាសា​ខ្លួនឯង​ផ្ទាល់ ហើយ​ថែម​ទាំង​មាន​ផ្តល់​នូវ​ការ​ធានា​ថា ទិន្នន័យ​របស់​អ្នក​គឺ​មាន​សុវត្ថិភាព​បំផុត និង​មិន​ត្រូវ​បាន​ចែកចាយ​ទៅ​កាន់​ក្រៅប្រទេស​នោះ​ឡើយ​។

លោក វ៉ា​ត​សុ​ន បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ «​ក្រុមហ៊ុន​សែ​ល​កាត និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប តែង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ចំពោះ​តួនាទី​របស់​ពួក​យើង ក្នុង​ការ​ដឹកនាំ​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា និង​ដើម្បី​ធានា​ថា​មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ទីកន្លែង អាច​ទទួល​បាន​នូវ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្មី​ៗ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ទំនាក់ទំនង និង​រក្សា​ភាព​ជិត​ស្និទ្ធ​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​»​។

លោក​ក៏​បាន​បន្ត​ថា​៖ «​តាម​រយៈ Pouk Mak នេះ យើង​កំពុង​ជួយ​ជម្រុញ​អក្ខរកម្ម និង​សមត្ថភាព​ឌី​ជី​ថ​ល នៅ​គ្រប់​ឃុំ និង​ខេត្ត ក្រុង ទូ​ទាំង​ប្រទេស​កម្ពុជា ជូន​ដល់​ពលរដ្ឋ​គ្រប់​វ័យ ចាប់តាំងពី​កុមារ​រហូត​ដល់​មនុស្ស​ចាស់ ពោល​គឺ​ផ្តល់​ជូន​ពួក​គេ​នូវ​សមត្ថភាព ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​ទំនាក់ទំនង ដែល​ឆាប់រហ័ស និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ជាមួយនឹង​ភាសា​របស់​ពួក​គេ​ផ្ទាល់​តែ​ម្តង​»​។

«​សព្វ​ថ្ងៃនេះ កម្មវិធី​ផ្ញើ​សារ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ភាគច្រើន នៅ​មិន​ទាន់​អាច​គាំទ្រ​ភាសា​ខ្មែរ​បាន​ទាំងស្រុង​នៅឡើយ​ទេ ម្ល៉ោះហើយ​ក្នុង​នាម​ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត ដែល​មានកម្ម​សិទ្ធិ​ជា​ជនជាតិ​ខ្មែរ ១០០ ភាគរយ តែ​មួយ​គត់ សែ​ល​កាត​ពិតជា​មាន​មោទនភាព​បំផុត ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​នេះ​»​។

«​គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ គឺ​សុទ្ធសឹងតែ​ជា​របស់​ខ្មែរ​ផ្ទាល់ ដោយ​រាប់​ចាប់តាំងពី​ការ​ដាក់​ឈ្មោះ ភាសា​ប្រើប្រាស់ ហើយ​ជាក់ស្តែង​នោះ គឺ​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ បាន​អភិវឌ្ឍ គ្រប់គ្រង​សេវាកម្ម និង​ផ្តល់​ការ​ការពារ​ទិន្នន័យ​ដោយ​ផ្ទាល់​»​។

ដូច​គ្នា​ទៅ​នឹង​ផលិតផល និង​សេវាកម្ម​ទាំងអស់ របស់​សែ​ល​កាត Pouk Mak មាន​ភ្ជាប់​មក​ជាមួយ​ដោយ​ការ ផ្តល់​ជូន​ទិន្នន័យ​ឥត​គិតថ្លៃ​ចំនួន 2GB ក្នុង​មួយ​ខែ ជូន​ដល់​អតិថិជន​ទាំងអស់​របស់​សែ​ល​កាត ដែល​ប្រើប្រាស់​កម្មវិធី​នេះ សរ​បញ្ជាក់​ឱ្យ​ឃើញ​ថា​សែ​ល​កាត គឺ​តែងតែ​គិតគូរ និង​តបស្នង​ជូន​ដល់​សហគមន៍​វិញ​ជា​និច្ច​។

លោក វ៉ា​ត​សុ​ន បាន​មាន​ប្រសាសន៍​ថា​៖ «​ស្រប​ពេល​ដែល​យើង​ចាប់ផ្តើម​ដំណើរការ ដាក់​ឱ្យ​ប្រើប្រាស់ Pouk Mak ជូន​ដល់​ពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ពួក​យើង​ក៏​ចង់​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​បន្ថែម ដល់​អតិថិជន​របស់​យើង​ផង​ដែរ​»​។

«​ទិន្នន័យ​ឥត​គិតថ្លៃ​នេះ នឹង​ជួយ​ជា ប្រយោជន៍​ដ៏​សំខាន់​សម្រាប់​អតិថិជន ស្រប​ពេល​ដែល​ពួក​គាត់​បាន​បណ្តុះ​ទម្លាប់​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត និង​បណ្តាញ​សង្គម​កាន់តែ​ច្រើន​ឡើង​ៗ នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​»​។

«​ក្រោម​ការ​ចង្អុលបង្ហាញ​របស់​អ្នកឧកញ៉ា គិត ម៉េ​ង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​នោះ គឺថា​កម្មវិធី Pouk Mak នឹង​ជួយ​ពួក​យើង​ក្នុង​ការ​ដឹកនាំ​ការ​ផ្លាស់​ប្តូរ​ពី​ការ​តេ និង​ការ​ផ្ញើ​សារ​តាម​ទម្លាប់​ចាស់​របស់​អ្នក​ប្រើប្រាស់ ទៅ​កាន់ការ​ហៅ​ទូរស័ព្ទ និង​ការ​ផ្ញើ​សារ​ជជែក​កំសាន្ត ដោយ​ឥត​គិតថ្លៃ ដោយ​ពុំ​ចាំបាច់​បារម្ភ ពី​ប្រភេទ​ស៊ី​មកា​ត​ដែល​ពួក​គេ​ប្រើប្រាស់​នោះ​ឡើយ​»​។

លោក វ៉ា​ត​សុ​ន បាន​បន្ថែម​ថា ការ​ប្រើប្រាស់​បណ្តាញ និង​កម្មវិធី​ដូច​ជា Pouk Mak ជាដើម គឺជា​កត្តា​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​សែ​ល​កាត ក្នុង​ការ​បង្កើត និង​បំពេញ​នូវ​ជីវិត​ទាន់សម័យ​បែប​ឌី​ជី​ថ​ល​របស់​មនុស្ស​គ្រប់​គ្នា ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​យើង កំពុង​ត្រៀមខ្លួន​សម្រាប់​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​បន្ទាប់ (Next Industrial Revolution)​។

«​យើង​ត្រូវ​ប្រាកដ​ថា​កម្ពុជា នឹង​មិន​ខកខាន​នូវ​ឱកាស​ដ៏​ល្អ​បែប​នេះ ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រទេស​ដ៏​លេចធ្លោ​មួយ​នៅ​ក្នុង​តំបន់​លើ​ផ្នែក​នវានុវត្តន៍ និង​អក្ខរកម្ម​ឌី​ជី​ថ​ល ដោយ​ក្នុង​នោះ សមត្ថភាព​ដែល​អាច​ទ្រទ្រង់​បាន គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ចាប់​យក​ឱកាស​ទាំងនេះ​»​។

«​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដ៏​វិសេស​បំផុត​មួយ ដែល​ពួក​យើង​បាន​បើក​ដំណើរការ​ដាក់​ឱ្យ​ប្រើប្រាស់​សេវាកម្ម Pouk Mak ទន្ទឹម​គ្នា​នឹង​ការ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់ ដើម្បី​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​នាម​ជា​ប្រតិបត្តិ​ករ​ដែល​ទទួល​បាន​នូវ​ទំនុកចិត្ត​ខ្ពស់ និង​តែងតែ​នៅ​គាំទ្រ​អតិថិជន និង​ប្រទេស​ជាតិ​ជាប់​ជា​និច្ច មិន​ថា​ជា​ពេលវេលា​ដ៏​អំណោយផល ឬ​លំបាក​នោះ​ឡើយ សែ​ល​កាត គឺ​នៅ​រួមសុខទុក្ខ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ជា​និច្ច​»​។

សូម​ជម្រាប​ជូន​ថា លោក​អ្នក​អាច​ទាញ​យក​កម្មវិធី Pouk Mak មក​ប្រើប្រាស់​បាន នៅ​លើ​ប្រព័ន្ធ iOS (App Store) និង Android (Play Store)​។ សម្រាប់​ការ​ប្រើប្រាស់​រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍​នីមួយ​ៗ អតិថិជន​សែ​ល​កាត នឹង​ទទួល​បាន​ទិន្នន័យ​បន្ថែម 500MB ដោយ​ឥត​គិតថ្លៃ ក្នុង​ពេល​ពួក​គេ​ធ្វើការ​តេ​ចេញ​ជា​សំឡេង ឬ​តាម​វី​ដេ​អូ​។

សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ អាច​ជាវ​ស៊ី​ម​សែ​ល​កាត​បាន​យ៉ាង​ងាយស្រួល​បំផុត តាម​រយៈ​កម្មវិធី​ដឹក​ជញ្ជូន​ដល់​គេហដ្ឋាន ដោយ​ក្នុង​នោះ​រួម​មាន Wing Mall, NAHM 24 និង Smile Shop​។ Pouk Mak អាច​ប្រើប្រាស់​បាន​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទាំង​នៅ​លើ App store និង​Play store (​ថ្ងៃ​ទី ១៥ ខែ​កុ​ម្ភះ​) អម​ដោយ​កម្មវិធី​សម្ភោ​ធ​ពេញលេញ នៃ​ព្រឹត្តិការណ៍​ដើម្បី​ចែករំលែក​ដល់​ក្រុម​គ្រួសារ និស្សិត និង​អាជីវកម្ម​ខ្នាត​តូច​៕ ដោយ​សហការ