ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ជា ចាន់តូ សំណេះសំណាលជាមួយសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កម្មវិធី​បណ្តុះបណ្តាល NBC-FSI Connect ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​កម្រិត​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កម្មវិធី​បណ្តុះបណ្តាល NBC-FSI Connect ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​កម្រិត​ខ្ពស់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​។ វគ្គ​សិក្សា NBC-FSI Connect ជា​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ (BIS) ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ធនធានមនុស្ស ផ្នែក​ត្រួតពិនិត្យ​ធនាគារ​។

ក្រោម​ការ​ផ្តួចផ្តើម​របស់ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៥​មក ក្នុង​គោលបំណង​ធ្វើ​ឯកទេស​កម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ការ​ប្រែប្រួល​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​និង​និយាម​អន្តរជាតិ និង​សម័យកាល​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នា​ពេល​បច្ចុប្បន្ន​។ រហូត​ដល់​បច្ចុប្បន្ន មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​សរុប​ចំនួន ៣០៣​រូប បាន​ចូលរួម​វគ្គ​សិក្សា NBC-FSI Connect ដែល​ក្នុង​នោះ​សិក្ខាកាម ១១៦​រូប​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​បឋម​, ៤១​រូប​បាន​បញ្ចប់​កម្រិត​មធ្យម និង​៣៦​រូប​បាន​បញ្ចប់​កម្រិត​ខ្ពស់​។

ឯកឧត្តម ទេសាភិបាល បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​-​បុគ្គលិក​ដែល​បញ្ចប់​កម្រិត​ខ្ពស់​នៃ​កម្មវិធី​បណ្តុះបណ្តាល NBC-FSI Connect ដែល​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន និង​សម្រេច​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ​។ ទន្ទឹម​នេះ ឯកឧត្តម ទេសាភិបាល បាន​លើក​ឡើង​ថា ការ​រៀនសូត្រ​ទ្រឹស្តី​គឺជា​ត្រីវិស័យ​មួយ​សម្រាប់​ការ​អនុវត្ត​ការងារ​ជាក់ស្តែង ហើយ​ទ្រឹស្តី​និង​ការ​អនុវត្ត​ជាក់ស្តែង​ត្រូវ​ដើរ​ទន្ទឹម​គ្នា ដើម្បី​អាច​សម្រេច​បានការ​ងារ​ប្រកបដោយ​ប្រសិទ្ធភាព​។ ឯកឧត្តម ទេសាភិបាល ក៏​មាន​មតិ​ផ្តាំផ្ញើ​សិក្ខាកាម​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​រៀត​សូត្រ អភិវឌ្ឍ​ជំនាញ តាម​រយៈ​ការ​ស្វ័​យ​សិក្សា​ស្រាវជ្រាវ ដកស្រង់​និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាមួយ​រៀមច្បង ឬ​តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​ផ្សេង​ៗ ព្រមទាំង​ប្រើប្រាស់​ជំនាញ​នេះ​ឱ្យ​ចំ​ទិស​ដៅ​និង​មាន​ប្រសិទ្ធភាព ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​។

គួរ​រំលេច​ថា នេះ​គឺជា​លើក​ទី​១ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​កម្មវិធី​បណ្តុះបណ្តាល NBC-FSI Connect ដែល​បាន​បញ្ចប់​កម្រិត​ខ្ពស់​ចំនួន​៣៦​រូប ក្នុង​នោះ​ស្នាក់​ការ​កណ្តាល​មាន ២៩​រូប និង​សាខា​រាជធានី​-​ខេត្ត ៧​រូប​។ ធនាគារជាតិ​នៃ​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​ប្រចាំ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​-​បុគ្គលិក​។ ទន្ទឹម​នេះ ធនាគារជាតិ​នៃ​កម្ពុជា គ្រោង​រៀបចំ​ការ​ប្រឡង​ទទួល​ងារ​ជា​អធិការ តាម​រយៈ​ការ​វាយតម្លៃ​ពី​ជំនាញការ​បរទេស ដើម្បី​ធានា​បាន​នូវ​គុណភាព ប្រសិទ្ធភាព និង​តម្លាភាព​ផង​ដែរ​៕ ដោយ​សហការ