ម្យ៉ាងដែរ សួនបន្លែជាលក្ខណៈគ្រួសារដាំលើដំបូលផ្ទះគ្មានជាតិគីមី
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ដោយសារគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់គ្រួសាមួយបានបង្កើតសួនបន្លែគ្រួសារ លើដំបូលផ្ទះនៃជាន់ទី៣ អាចបេះទទួលទានបានរាល់ថ្ងៃ ដោយមិនបាច់ទិញពីផ្សារឡើយ មិនតែប៉ុណ្ណោះគ្មានជាតិគីមីទៀតផង។

សួនបន្លែគ្រួសារមួយកន្លែងនេះស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតជារបស់គ្រួសារអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអរញ្ញ ខេត្តស្រះកែវ ។ ទីតាំងសួនបន្លែខាងលើនេះមានទំហំទទឹង៥ម៉ែត្រ និងបណ្តាយ១៦ម៉ែត្រ ។

ទីតាំងសួនបន្លែខាងលើនេះមិនត្រឹមតែមានបន្លែចម្រុះ និងជីគ្រប់មុខនោះទេ សួនមួយនេះថែមទាំងមានដំណាំហូបផ្លែដូចជាត្របែក, ក្រូចឆ្មារ, ដើមទំពាំងបាយជូរ និងដើមជម្ពូ ដែលកំពុងចេញផ្លែផ្កាយ៉ាងល្អថែមទៀត។

ពេលចុះទៅដល់ទីតាំងសួនបន្លែ និងជួបផ្ទាល់ជាមួយលោកប៊ុនលី អាយុប្រហែល៥០ឆ្នាំ ជាម្ចាស់សួនបន្លែខាងលើបានប្រាប់ពីវិធីដាំដុះជាលក្ខណៈគ្រួសានេះថា មិនមានអ្វីដែលពិបាកទេ សំខាន់ឲ្យតែយើងព្យាយាម ។ បុរសជាម្ចាស់សួនបន្តថាបន្លែនិងជីគ្រប់មុខក៏ដូចជាដំណាំហូបផ្លែទាំងនេះមិនមានកាប្រើប្រាស់ជីគីមីឡើយ ប៉ុន្តែដីដែលត្រូវដាំគឺផ្សំទៅដោយជីធម្មជាតិដូចជាអាចម៌គោ, ស្លឹកឈើ និងធាតុផ្សំផ្សេងៗមួយចំនួនទៀត ។

បុរសជាម្ចាស់សួនបន្លែបានបន្តទៀតថា បន្លែនិងជីសម្រាប់ដាំស្លជាលក្ខណៈគ្រួសានេះមានហូបគ្រប់គ្រាន់ដោយមិនចាំបាច់ទិញពីផ្សារឡើយ ហើយពេលខ្លះទទួលទានមិនអស់អាចបេះឲ្យមិត្តភក្តិទទួលទានទៀតផង៕ (កែសម្រួលដោយ ៖ ធីតា)











ចែករំលែកព័តមាននេះ