ជាធម្មតាអញ្ចាញធ្មេញ គឺមានពណ៌ផ្កាឈូក។ ដូច្នេះប្រសិនបើវាប្រែពណ៌ផ្សេងពីនេះនោះអាចបណ្ដាលមកពីបញ្ហាមិនប្រក្រតីមួយចំនួនហើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតនៃបញ្ហាអញ្ចាញធ្មេញឡើងពណ៌ស ៖
១. ជំងឺរលាកអញ្ចាញធ្មេញ ៖ អញ្ចាញធ្មេញតែងត្រូវប៉ះពាល់ផ្ទាល់ទៅនឹងបាក់តេរី! នេះហើយជាមូលហេតុដែលការអនុវត្តអនាម័យមាត់ធ្មេញឱ្យបានត្រឹមត្រូវទៀងទាត់ គឺសំខាន់ណាស់។ ការឆ្លងមេរោគលើអញ្ចាញធ្មេញជាអ្វីដែលទន្តពេទ្យហៅថាជំងឺរលាកអញ្ចាញធ្មេញ។ ជំងឺនេះជាអ្វីដែលអាចបណ្ដាលឱ្យអញ្ចាញធ្មេញឡើងពណ៌សដោយសារការខើចអញ្ចាញ ហើយយូរទៅវានឹងបង្កផលប៉ះពាល់ដល់ធ្មេញ ជាលិកា និងឆ្អឹងនៃមាត់។
២. ការឆ្លងមេរោគផ្សិត ៖ ការឆ្លងមេរោគផ្សិតលើអញ្ចាញ ឬហៅថា oral candidiasis អាចនឹងបណ្ដាលឱ្យអញ្ចាញប្រែជាមានពណ៌សខុសធម្មតា។ ម្យ៉ាងវិញទៀតរោគផ្សិតនេះក៏ជះឥទ្ធិពលលើផ្ទៃខាងលើនៃអណ្ដាតផងដែរ។
៣. ជំងឺ Leukoplakia ៖ អ្នកជក់បារីមែន? ដូច្នេះប្រសិនបើថ្ងៃណាមួយអ្នកសម្គាល់ឃើញអញ្ចាញធ្មេញស្រាប់តែឡើងពណ៌ស នោះអាចមានន័យថាអ្នកកំពុងកើតជំងឺ Leukoplakia ហើយ។ ធម្មតាជំងឺនេះបង្កការរលាកជាលិកាក្នុងមាត់ដោយសារទម្លាប់រស់នៅគ្មានសុខភាពល្អដូចជាការជក់បារីនេះឯង។
៤. ពងបែកលើអញ្ចាញធ្មេញ ៖ ដំបៅពងបែកលើអញ្ចាញមិនត្រឹមតែធ្វើឱ្យអញ្ចាញមើលទៅមានពណ៌សៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការឈឺចាប់ទៀតផង។
៥. មហារីកមាត់ ៖ អញ្ចាញធ្មេញប្រែជាមានពណ៌សក៏អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរផងដែរ។ ឧទាហរណ៍ជំងឺមហារីកមាត់។ ជំងឺមហារីប្រភេទនេះងាយនឹងរីករាលដាលណាស់ ហើយជះឥទ្ធិពលយ៉ាងឆាប់រហ័សលើផ្នែកផ្សេងៗទៀតនៃមាត់ធ្មេញ។ ដូច្នេះដើម្បីជាការប្រសើរ ប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញាខុសប្រក្រតីណាមួយលេចឡើងក្នុងមាត់ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយទន្តពេទ្យ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ