ខេត្តព្រះសីហនុ ៖ សណ្តាប់ធ្នាប់ផ្លូវជាតិលេខ៤ចំណុចប្រជុំជនផ្សារវាលរេញ នៅតែជាចំណុចក្តៅរបស់អាជ្ញាធរ ទោះបីជាបច្ចុប្បន្ននេះសណ្តាប់ធ្នាប់នៅប្រជុំជននោះមានភាពល្អប្រសើរយ៉ាងណាក៏ដោយ ។
លោក សួន គឹមសំ អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈដែលបានដឹកនាំកំលាំងចុះរៀបចំនៅព្រឹកថ្ងៃទី២៤ ធ្នូនេះបានអោយដឹងថា នៅចំណុចនេះទោះបីជាប្រចាំថ្ងៃមានកំលាំងប្រការរៀបចំក៏ដោយ តែយ៉ាងណាត្រូវតែចុះពង្រឹងបន្ថែមទៀត ដើម្បីរក្សាស្ថានភាពអោយនៅមានសណ្តាប់ធ្នាប់ល្អ ចៀសវាងការកើតឡើងវិញ ដូចសភាពពីមុន ទាំងការលក់ដូរ ទាំងការចតគ្មានសណ្តាប់ធ្នាប់ដែលនាំអោយពិបាកក្នុងការចុះរៀបចំសារថ្មី ។
ពាក់ព័ន្ធនឹងការចុះរៀបចំសណ្តាប់ធ្នាប់នេះ នៅតាមផ្លូវជាតិលេខ៤ ក្នុងទឹកដីស្រុកព្រៃនប់ មានទីតាំងចំនួន២ ដែលអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ នោះគឺប្រជុំជនផ្សារស្មាច់ដែងឃុំរាមជាប់ព្រលានយន្តហោះកងកេង និងប្រជុំជនផ្សារវាលរេញក្នុងឃុំវាលរេញ ដែលគិតមកត្រឹមពេលនេះ ផ្សារវាលរេញឃើញអនុវត្តន៍មានប្រសិទ្ធិភាពល្អប្រសើរ ចំណែកនៅផ្សារស្មាច់ដែង នៅមិនទាន់បានស្មើនឹងវាលរេញឡើយ ។
តែទោះជាយ៉ាងណា អាជ្ញាធរនៅតែអះអាងថានឹងមិនដកដៃក្នុងការរៀបចំសណ្តាប់ធ្នាប់នៅប្រជុំជនផ្សារស្មាច់ដែងនេះឡើយ ស្របពេលដែលជាប្រចាំកំលាំងកំពុងប្រចាំការចុះរៀបរាលថ្ងៃ តែយ៉ាងណាអាជ្ញាធរក៍នៅតែបន្តអំពាវនាវដល់អាជីវករ ម្ចាស់រថយន្ត រ៉ឺម៉កម៉ូតូ សូមចូលរួមសហការជាមួយអាជ្ញាធរ ដើមផលប្រយោជន៍រួមទាំងអស់គ្នា ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ