ខេត្តកំពង់ឆ្នាំង ៖ សាលាបឋមសិក្សាគីរីសុវណ្ណវង្ស គឺជាសាលាមួយដែលទទួលបានជ័យលាភីពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់រយៈពេល៣ឆ្នាំជាប់គ្នានេះ ដែលជាសាលាល្អ មាននាយកល្អ លោកគ្រូល្អ បរិស្ថានល្អ ហើយចុងក្រោយនៅទទួលបានមេដាយប្រាក់ជាសាលាមេត្រី បរិស្ថានថា្នកជាតិ ពីក្រសួងបរិដ្ឋានផងដែរ សាលានេះមានទីតាំងស្ថិតនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មីស្រុករលាប្អៀរ ។

លោក គិត ច័ន្ទសីហា នាយកសាលាបឋមសិក្សាគីរីសុវណ្ណវង្ស បានប្រាប់ភ្នាក់ងារយើងនៅព្រឹកថ្ងៃទី ២៣ ធ្នូ នេះថា សាលាបឋមសិក្សារបស់លោក បានទទួលពានរង្វាន់សម្ដេចតេជោជាបន្តបន្ទាប់ និងចុងក្រោយ នេះ បានទទួលមេដាយប្រាក់ពីក្រសួងបរិស្ថានផងដែរ ។

លោកនាយកសាលាបានបញ្ជាក់ថា កាលនៅឆ្នាំ២០១៧សាលារបស់លោកបានទទួលពានរង្វាន់សម្ដេចតេជោចំណាត់ថ្នាក់លេខ២ ក្នុងចំណោមសាលាបឋមសិក្សាជាង១២០០សាលាទូទាំងប្រទេស ។ នៅឆ្នាំ ២០១៨ សាលារបស់លោកក៏ទទួលបានពានរង្វាន់សម្ដេចតេជោដូចគ្នាដែរ គឺទទួលបានចំណាត់ថ្នាក់លេខ ១ថា ជាសាលាល្អ នាយកល្អ គ្រូល្អ និងបរិស្ថានល្អ ។

នៅចុងឆ្នាំ២០១៩នេះ សាលារបស់លោកបានទទួលមេដាយប្រាក់ សាលាមេត្រីបរិស្ថានថ្នាក់ជាតិ ២០១៩ គឺជាសាលាគ្មានសំរាម គ្មានថង់ផ្លាស្ទិក និងមានបរិស្ថានល្អផងដែរ ។ លោកនាយកសាលាបឋមសិក្សា គីរីសុវណ្ណវង្ស ក៏បានបញ្ជាក់ដែរថា៖ ការទទួលបានជោគជ័យនេះ គឺដោយសារតែមានកិច្ចសហ ការល្អពីអាជ្ញាធរមូលដ្ឋានពីមាតាបិតា ពីសហគមន៍មូលដ្ឋាន ដែលបានជួយជ្រោមជ្រែង ក្នុងរយៈកាលកន្លងមក ជាពិសេស គឺទទួលបានការណែនាំរបស់ក្រសួងនិងមន្ទីរអប់រំយុវជននិងកីឡាផងដែរ ។

យ៉ាងនេះក្តី លោកនាយកសាលាក៏បានបញ្ជាក់ដែរថា សាលាបឋមសិក្សានៅមានកង្វះខាត គឺត្រូវការអគារពីរជាន់មាន១២បន្ទប់ សម្រាប់ជាសេចក្តីត្រូវការដូចជាបន្ទប់រៀន បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈបន្ទប់ប្រជុំ និងបន្ទប់ការិយាល័យ ជាដើមផងដែរ ។ ក្រៅពីនោះ នៅខ្វះខាតរបងសាលាចំនួន៣ជ្រុង គឺផ្នែកនៅសងខាងសាលា នៅខាងក្រោយ ព្រោះបច្ចុប្បន្ន សាលាមានរបងតែពីខាងមុខតែប៉ុណ្ណោះ។

ហេតុនេះហើយ លោកសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងបរិស្ថាន សូមមេត្តាជួយឧបត្ថម្ភនូវការខ្វះខាតខាងលើនេះ ដោយដីក្តីអនុគ្រោះផងចុះ ។ លោកនាយកសាលាគីរីសុវណ្ណវង្សបានឲ្យដឹងទៀតថា សាលាមានអគារសិក្សាចំនួន៦អាគារ ក្នុងនោះ១អគារ ជារបស់ជំនួយសប្បុរសជន, ៣អគារជាជំនួយរបស់សហគមន៍មូលដ្ឋានមាតាបិតាសិស្ស និង និង២អគារទៀតជារបស់ក្រសួងអប់រំយុវជននិងកីឡា ។ អគារទាំ៦ខ្នងចែកចេញជា១៩បន្ទប់ សង់លើផ្ទៃដីចំនួន២៧,៩១ ម៉ែត្រ
ការ៉េ ៕


ចែករំលែកព័តមាននេះ