ខេត្តប៉ៃលិន ៖ តារាចម្រៀងនាយ ចឺម បានជួបហេតុការណ៍ដ៏អាក្រក់មួយ ដោយត្រូវបុរសម្នាក់វាយប្រហារបណ្តាលឱ្យបែកក្បាល និងរបួសដៃទាំង២ ក្នុងពេលដែលតារាចម្រៀងរូបនេះ បានចេញទៅច្រៀងក្នុងពិធីខួបកំណើតមួយនៅឯខេត្តប៉ៃលិន កាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងមូលហេតុច្បាស់លាស់ថា តើហិង្សាដែលបានកើតឡើងទៅលើនាយចឺម នាពេលនេះដោយសារអ្វីឡើយ ខណៈពេលដែលភាគីទាំងសងខាងកំពុងដោះស្រាយគ្នាតាមផ្លូវច្បាប់ ក្រោយហេតុការណ៍ដែលបានកើតឡើង ។
ប្រតិកម្មនាយក្រូចជាឪពុកមា
យោងតាមវីដេអូឃ្លីបបកស្រាយពីតារាកំប្លែងនាយក្រូច ដែលត្រូវជាឪពុកមាបង្កើតរបស់នាយចឺម បានអះអាងថា រហូតមកទល់ពេលនេះ លោកនៅមិនទាន់បានដឹងពីហេតុការណ៍ច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោកដឹងត្រឹមថា នាយចឺមបានរងបួសបែកក្បាល និងខូចខាតទូរស័ព្ទដៃមួយគ្រឿងទាំងស្រុង ។ នាយក្រូចបញ្ជាក់ថា តាមពិតរូបលោកនិងនាយ ចឺម ត្រូវចូលរួមច្រៀងក្នុងកម្មវិធីខួបកំណើតកូនប្រុសសម្លាញ់របស់លោក ដែលមានការរាប់អានគ្នា រួមទាំងនាយចឺមផងដែរ ប៉ុន្តែគ្រានោះ ជាអកុសល លោកមិនបានទៅចូលរួមកម្មវិធីឲ្យទាន់ពេលឡើយ ដោយសាររថយន្តខូចពាក់កណ្តាលផ្លូវ ។
លោកថា ដោយសាររថយន្តខូចពាក់កណ្តាលផ្លូវនោះ ទើបលោកសម្រេចឲ្យគេស្ទូចរថយន្តមកធ្វើនៅឯខេត្តបាត់ដំបង ហើយលោកមិនអាចទៅចូលរួមនៅក្នុងកម្មវិធីនោះឡើយ ដោយឲ្យនាយ ចឺម ទៅចូលរួមតែម្នាក់ឯង រួមជាមួយអ្នកបើកបររបស់នាយចឺមម្នាក់ទៀត ។ នាយក្រូចបានអះអាងបន្ថែមទៀតថា នៅយប់កើតហេតុនោះ លោកក៏ជាប់រវល់ច្រៀងកម្មវិធីគេមួយផងដែរ ប៉ុន្តែច្រៀងមិនបានប៉ុន្មានផង ក៏មានអ្នកទូរស័ព្ទមកសួររឿងនាយចឺម ត្រូវគេវ៉ៃ ជាបន្តបន្ទាប់ ក្នុងពេលដែលលោកពុំបានដឹងរឿងនេះដូចគ្នា ។ លោកបន្តថា ក្រោយពេលដឹងរឿងលោកក៏បានព្យាយាមទាក់ទងសួរនាំនាយ ចឺម តែខលមិនចូល ហើយពេល
ខលចូលក៏ពិបាកនិយាយគ្នា ដោយសារកន្លែងនាយចឺម ស្នាក់នៅទំនងជាខ្សោយសេវា ។
បើតាមនាយក្រូច ពេលបានសួរនាំបន្តិចបន្តួចនោះ នាយចឺមគ្រាន់តែបានបញ្ជាក់ថា រូបគេត្រូវបានគេវាយបែកក្បាល និងបែកទូរស័ព្ទមួយ ក្រៅពីនោះលោកមិនបានដឹងទៀតឡើយ ដោយសារទូរស័ព្ទពិបាកទាក់ទងខ្លាំងពេក ។ យ៉ាងណា បើតាមការបញ្ជាក់ពីនាយ ក្រូច ជាឪពុកមានាយចឺម ត្រូវបានបុរសម្នាក់វាយបែកក្បាល នៅមុខហាងម៉ាស្សាមួយនាខេត្តប៉ៃលិន ដោយពេលនោះ នាយចឺមមានការភ័យខ្លាចខ្លាំង ក៏បានរត់ចូលហាងនោះ ដើម្បីស្រែកឲ្យគេជួយ ។
លោកបន្តថា បន្ទាប់ពីមានការស្រែកឲ្យគេជួយនោះ ទើបបុរសបង្កហេតុបានរត់គេចខ្លួនចូលទៅក្នុងទឹកដីថៃ ប៉ុន្តែដោយសារសមត្ថកិច្ចជំនាញ ទើបនាំខ្លួនជនបង្កនោះមកពីទឹកដីថៃវិញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ លោកបញ្ជាក់ថា រហូតដល់ថ្ងៃបន្ទាប់ ក្រោយកើតហេតុនាយ ចឺម នៅបន្តស្នាក់នៅឯខេត្តប៉ៃលិន ដើម្បីរង់ចាំការកោះហៅពីសមត្ថកិច្ច ដើម្បីដោះស្រាយជាមួយជនបង្កតាមផ្លូវច្បាប់ ខណៈពេលដែលរហូតមកទល់ពេលនេះ លោកក៏មិនបានដឹងនៅឡើយទេថា សមត្ថកិច្ចនឹងដោះស្រាយដោយវិធីណា ។
បើតាមនាយក្រូច ពេលនេះក្រុមគ្រួសាររបស់លោករួមនឹងម្តាយនាយ ចឺម កំពុងយំសោក និងព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលបានដឹងពីរឿងរ៉ាវដែលបានកើតឡើងទៅលើនាយចឺម នាពេលនេះ ដោយសារតាំងពីតូចរហូតមកទល់ពេលនេះម្តាយនាយ ចឺម មិនដែលបានវាយដំ និងប្រើពាក្យសម្តីធ្ងន់លើកូននោះឡើយ ។
នាយចឺម មានឈ្មោះពិត សុខ មេសា អាយុ២២ឆ្នាំ នៅភូមិកោះត្រាច ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។រហូតមកទល់ពេលនេះនាយក្រូច ដែលជាឪពុកមានាយចឺម នៅតែអះអាងថា រឿងរ៉ាវដែលថា ក្មួយលោកទៅញ៉ែសង្សារគេ ឬយ៉ាងណា គឺមិនទាន់ច្បាស់ទេ មិនដឹងខាងស្រី ឬខាងណា ឆាតរកគេមុន តែនាយចឺម ប្រាកដជា មានភស្តុតាងនៅក្នុងគណនីហ្វេសប៊ុករបស់គេ បើទោះបីជាពេលនេះ ទូរស័ព្ទនាយ ចឺម បែកខ្ទេចក៏ដោយ ។ ដូច្នេះលោក មិនទាន់បន្ទោសក្មួយរបស់លោកនោះទេ មានតែអាណិតដែលលោកមិនអាចជួយក្មួយបាន ។
នាយក្រូច ពិតជាមានការសោកស្តាយយ៉ាងខ្លាំង នៅពេលដឹងដំណឹងថា ក្មួយរបស់លោក បានជួបរឿងអាក្រក់បែបនេះ ទាំងដែលកន្លងមកក្រុមគ្រួសារ និងបងប្អូន ស្រលាញ់បីបាច់ មិនដែលប្រើអំពើហិង្សាលើរូបគេ សូម្បីតែបន្តិច ។ ជាពិសេសថ្ងៃនេះ នាយចឺម ក៏បានរៀបចំសំណុំរឿង ព្រោះថារឿងនេះ មិនទាន់ចប់ដោយងាយស្រួលនោះឡើយ ។
យ៉ាងណាមិញ ក៏មានប្រភពព័ត៌មានខ្លះបានឲ្យដឹងថា នាយចឺម បានទារថ្លៃសំណងជំងឺចិត្ត៣ម៉ឺនដុល្លារ ជាមួយនឹងស្នាមរបួស និងប៉ះពាល់ផ្លូវចិត្តខ្លាំង ព្រោះជាលើកទី១ហើយដែលមានគេមកវាយប្រហារយ៉ាងធ្ងន់ធ្ងរបែបនេះ ខណៈខ្លួនជាតារាចម្រៀងល្បីមួយរូប ។ ប៉ុន្តែតាមព័ត៌មានថា ខាងអ្នកបង្ក ព្រមសង១ម៉ឺនដុល្លារ តែនាយចឺម មិនព្រម ដូច្នេះរឿងនេះនិងបន្តទៅតាមនីតិវិធីច្បាប់ ។
តាមប្រភពព័ត៌មានពីខេត្តប៉ៃលិន
នាយចឺមឈ្មោះពិត សុខ មេសា ពិតជាបានរងរបួសបែកក្បាលនិងរបួសដៃទាំង២ដែលទំនងជាបានលើកដៃរងការវាយប្រហារដោយព្រនង់ឈើ១ដើម ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នាយចឺមត្រូវបានគេជួលទៅច្រៀងក្នុងពិធីខួបកំណើតនៅភូមិផ្សារព្រំជាប់ព្រំដែនថៃ លុះចប់កម្មវិធីក៏ចូលទៅដេកក្នុងផ្ទះសំណាក់មួយកន្លែងដែលមានទីតាំងនៅក្បែរបុរីម្កុដពេជ្រ ។
តាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការបានឱ្យដឹងថា មូលហេតុមានការវាយប្រហារមកលើនាយចឺមនោះ ដោយសារតែនាយចឺមបានឆាតទាក់ទងស្នេហាជាមួយនារីម្នាក់ តែប្រភពនេះមិនបានឱ្យដឹងថានាយចឺមបានស្គាល់អាក់ខោននារីរូបនេះដោយវិធីណានោះទេ ។ ប្រភពព័ត៌មានដដែលថា ការឆាតទាក់ទងស្នេហានោះប៉ះចំយុវជនជាសង្សារនារីរូបនោះ ព្រោះពួកគេប្រើអាក់ខោន(Account) មួយលេងបាន២នាក់ទើបមានការក្លែងជាមនុស្សស្រីឆាតតបនាយចឺមវិញ រហូតធ្វើឱ្យនាយចឺមស្មានតែស្រីមែន ក៏បើករថយន្តម្នាក់ឯង ទៅដល់កន្លែងណាត់ជួបក៏ប៉ះចំយុវជនជាសង្សារ ក៏មានការប្រតាយប្រតប់គ្នារហូតជនដៃដល់ ទាញបានកំណាត់ឈើវាយសំពងមកលើតែម្តង ។
ចំពោះព័ត៌មានដែលចោទនាយចឺមថា បើករថយន្តទៅជួបស្រីស្នេហ៍គេនោះហើយត្រូវគេវាយរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១៨ ធ្នូ ស្ថិតនៅចំណុចមុខបុរីម្កុដពេជ្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ចំណែកជនសង្ស័យជាយុវជនដៃដល់ឈ្មោះ ង៉ែត លីទី អាយុ២២ឆ្នាំ ជាបុគ្គលិកកាស៊ីណូ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ទោះបីជាបែបណាទៀតក្តី ការរៀបរាប់ពីហេតុការណ៍កើតឡើងនេះ ដឹងតាមរយៈឪពុករបស់ជនដៃដល់ តែមិនអាចរកការបំភ្លឺពីនាយចឺមបានទេ ម្សិលមិញនេះ ។
តាមហ្វេសប៊ុកមួយ ដែលបានបង្ហោះនៅព្រឹកថ្ងៃទី១៩ ធ្នូនេះបានបង្ហាញថា បុរសដែលជាអ្នកវាយតារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ នាយចឺមយ៉ាងចាស់ដៃនោះ ជាអតីតកីឡាករបាល់ទាត់ក្លិបបឹងកេត ជាខ្សែប្រយុទ្ធ ។ ក្រោយលើកពានជាមួយបឹងកេតនៅចុងឆ្នាំ២០១៦ គាត់ក៏ចាកចេញទៅស្រុកកំណើត បន្ទាប់មកក៏លេចមុខកីឡាករខ្សែប្រយុទ្ធរូបនេះទៅធ្វើតេស្តនៅថៃ ហើយជាប់តេស្តលេងឱ្យក្លិបChanthaburi នៅលីគទី៤ផងដែរ ។
ព័ត៌មានចុងក្រោយ
ត្រឹមវេលាម៉ោង៦ល្ងាច ព័ត៌មានដែលបានទទួលឱ្យដឹងថា អំពើហិង្សានេះ បានផ្ទុះឡើង គឺក្រោមហេតុផលប្រចណ្ឌពីសំណាក់ជនដៃដល់ ដែលបានចោទប្រកាន់នាយចឺមថា បានលួចមានទំនាក់ទំនងស្នេហា ដោយការឆាតតាមទូរស័ព្ទឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកជាមួយនារីជាសង្សាររបស់ខ្លួន ទើបមានករណីហិង្សាមកលើនាយចឺម បណ្ដាលឲ្យរងរបួសក្បាលហូរឈាមនិងដៃទាំង២ ។ ចំណែកនាយចឺមមិនអាចទាក់ទងសួរនាំបាននោះទេ ខណៈទូរស័ព្ទរបស់នាយចឺមនិងជនដៃដល់ត្រូវបានសមត្ថកិច្ចដកហូត ខណៈសំណុំរឿងនេះ ត្រូវបានបញ្ជូនដល់ស្នងការដ្ឋានខេត្តចាត់ការបន្ត ។
បើចាប់អារម្មណ៍មកលើប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានផ្តល់សម្ភាសន៍ដល់កាសែតក្នុងស្រុកមួយថា បច្ចុប្បន្នភាគីរងគ្រោះ(ចឺម) និងជនបង្កកំពុងដោះស្រាយគ្នាតាមផ្លូវច្បាប់នៅឯខេត្តប៉ៃលិន ជុំវិញការទាមទារសំណងជំងឺចិត្តលើបណ្ដឹងដែលជនរូបនោះបានប្រើហិង្សាមកលើនាយ ចឺម ។
លោក ហេង ឡុង បានបញ្ជាក់ថា ជាព័ត៌មានបឋមដំបូង គឺនាយ ចឺម បានទាមទារសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារ តែភាគីបង្កសុំសងត្រឹម១ម៉ឺនដុល្លារប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមកទៀត ក៏ស្រាប់តែមានវប្បធម៌នៃការជ្រែកខ្លួនចូលអន្តរាគមន៍ ដើម្បីជួយដល់ជនបង្ក ទើបសំណងបានធ្លាក់មកនៅត្រឹមតែ៥០០ដុល្លារវិញ ដែលករណីនេះ គឺទាំងលោក និងនាយ ចឺម គឺមិនអាចទទួលយកបានឡើយ ។
លោក ហេង ឡុង បានបន្ថែមថា លោក និងនាយ ចឺម ព្រឹកនេះបានឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ចំពោះរឿងនេះ ហើយលោកក៏មិនអាចឈរនៅស្ងៀមឲ្យជនបង្ករួចខ្លួនដែរ ព្រោះនេះជាករណីហិង្សាដោយចេតនាប៉ុនប៉ងមនុស្សឃាតដែលគេចមិនផុតពីការទទួលទោស(ជាប់គុក)តាមច្បាប់នោះឡើយ ។
លោកថា ទោះបីជានាយ ចឺម មិនសុំឲ្យលោកផ្តល់មេធាវី ឬលូកដៃក្នុងរឿងនេះក្តី តែលោកនឹងមិននៅស្ងៀមទេ ។ ចំណែកបុគ្គលដែលចេញមុខជួយអន្តរាគមន៍ខាងជនបង្ក ត្រូវតែដកខ្លួនឲ្យហើយទៅ កុំទុកពេលឲ្យលោកស៊ើបដឹងច្បាស់ថា ចេញមកពីប្រភពណាឲ្យសោះ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ