រាជធានីភ្នំពេញ ៖ ទីតាំងភ្នាល់បាល់តាមអនឡាញមួយកន្លែងត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបដោយឃាត់ខ្លួនអ្នកមើលការ(ភ្នាក់ងារស៊ីសង)សរុបចំនួន៤នាក់ ព្រមទាំងដកហូតបានសម្ភារៈគ្រឿងអេឡិចត្រូនិច ដែលជាមធ្យោបាយប្រព្រឹត្តល្បែងស៊ីសងមួយចំនួនធំ។
ការបង្ក្រាបល្បែងស៊ីសងខាងលើនេះធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៣៦៨ ផ្លូវលេខ២៤៥ ក្រុមទី៣៣ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដឹកនាំ ដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោករៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៤នាក់ខាងលើដែលត្រូវឃាត់ខ្លួន រួមមាន១-ឈ្មោះ ង៉ឹង សារុណ ភេទប្រុស អាយុ៣០ឆ្នាំ ជាបុគ្គលិកណេតA366 ស្នាក់នៅផ្ទះជួលផ្លូវលំ បូរីរុងរឿង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (ជាភ្នាក់ងារស៊ីសង) ២-ឈ្មោះ លី ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលិកណេត A366 ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ៣-ឈ្មោះ ងួន ថាញ់ ភេទប្រុស អាយុ២៨ឆ្នាំជាបុគ្គលិក ណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) និង៤-ឈ្មោះ ងួន ចាន់ថា ភេទប្រុស អាយុ២៣ឆ្នាំជាបុគ្គលិកណេត A366 ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងភ្នាល់បាលតាមអនឡាញនេះ បានដំណើរការជាយូរមកហើយ ជ្រកក្រោមស្លាកអ៊ីនធើរណេត។ ដោយមានការប្រតិកម្មពីប្រជាពលរដ្ឋ ទើបអាជ្ញាធរចុះបង្ក្រាបតែម្តង ។
តាមសមត្ថកិច្ចអោយដឹងទៀតថា មនុស្សចំនួន៤នាក់ខាងលើដែលជាបុគ្គលិកណេតត្រូវបានឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងរួមមាន ម៉ូនីទ័រចំនួន២០គ្រឿង, CPU ចំនួន១៥គ្រឿង, ឃីប៊តចំនួន១៥, ម៉ៅចំនួន១គ្រឿង, ម៉ាស៊ីនព្រីនបុងបាល់ចំនួន៣គ្រឿង, ម៉ាស៊ីនព្រីនឯកសារចំនួន២គ្រឿង, ក្បាលកាម៉េរ៉ាសុវត្ថិភាពមួយគ្រឿង, ប្រាក់ចំនួន៦,៩៦៨,៥០០រៀល, ប្រាក់ចំនួន២៦៧៥ដុល្លារ, វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្មរបស់ឈ្មោះ នាក់ គន្ធា មួយសន្លឹក, ម៉ូតូចំនួន១គ្រឿងម៉ាក Yamaha Mio ពណ៌ទឹកប៊ិចចាស់លាយទឹកប្រាក់ អត់ស្លាកលេខ និងឯកសារបុងចាក់បាល់ស៊ីសងមួយចំនួន។
បច្ចុប្បន្នទីតាំងប្រព្រឹត្តបទល្មើសខាងលើត្រូវបានសមត្ថកិច្ចបានផ្លុំបេជាបណ្តោះអាសន្ន ចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីចាត់ការតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ