វាមានរយៈពេល ១០ ឆ្នាំហើយចាប់តាំងពីរថយន្ត Rolls-Royce Ghost ត្រូវបានផលិតឡើងជាម៉ូដែលទាបជាងគេក្នុងត្រកូល Rolls-Royce។ ចាប់តាំងពីពេលនោះមកវាបានក្លាយជាយានមួយដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន ខណៈពេលដែលវាក៏ទាក់ទាញអតិថិជនក្មេងៗឱ្យនិយមរថយន្តប្រណិតដែរ។ ជាការពិតណាស់ វាគឺជាផលិតផលសំខាន់សម្រាប់ Rolls-Royce។
ឆ្នាំក្រោយរូបរាងរបស់ Rolls-Royce Ghost បច្ចុប្បន្ន នឹងត្រូវជំនួសវិញដោយរូបរាងថ្មី ដែលបានទាក់ទាញចិត្តរបស់អ្នកស្រឡាញ់រថយន្ត និង អ្នកយកព័ត៌មាន រហូតទាល់តែបែកធ្លាយរូបរថយន្តតាមរយៈការលួចថត។ រថយន្តដែលគេថតបាននោះ គឺជារថយន្តផលិតសាកល្បង។
បើប្រៀបធៀបទៅនឹងការមើលឃើញពីមុនរបស់យើង រថយន្ត Rolls-Royce ជំនាន់ថ្មីនេះ ដែលត្រូវបានគេលួចថតបាន លេចរាងមកច្បាស់ជាងមុន បើទោះបីជាមានស្កុតបិតបាំងយ៉ាងក្រាស់ប៉ុនណាក៏ដោយ។ ការផលិតអំពូល LED នៅផ្នែកខាងមុខនិងខាងក្រោយ ក៏ត្រូវបានបំពាក់ផងដែរ ដែលមើលទៅមានរាងស្តើងជាងម៉ូឌែលជំនាន់ចុងក្រោយ ហើយប្រហោងចូលខ្យល់ខាងមុខ ក៏មានទំហំធំជាងមុនដែរ។ ការរចនានេះធ្វើឡើងជាទ្រង់ទ្រាយធំ តែគេនៅតែអាចមើលស្គាល់ថាជារថយន្ត Rolls-Royce Ghost។
តែគេមិនមានរូបថតថ្មីនៃផ្ទៃខាងក្នុង ដែលត្រូវចែករំលែកនោះទេ។ តែបើតាមរូបថតបានពីមុនៗ យើងបានឃើញថាផ្នែកខាងក្នុងរបស់វាស្រដៀងទៅនឹងរថយន្ត Rolls-Royce Phantom និង Rolls-Royce Cullinan។ ជាលទ្ធផល Ghost នឹងមានបច្ចេកវិទ្យាជឿនលឿនជាងមុននៅផ្នែកខាង រួមទាំងការបង្ហាញកម្មវិធីបញ្ជាឌីជីថលពេញលេញ និងអេក្រង់ធំទូលាយសម្រាប់ប្រព័ន្ធ Infotainment ។
សម្រាប់រថយន្ត Ghost ជំនាន់ថ្មីនេះ នឹងផលិតដោយគ្រោងឆ្អឹងអាលុយមីញ៉ូមប្រភេទស្រាលជាងជំនាន់បច្ចុប្បន្ន។ ម៉ាស៊ីនដែលនឹងបំពាក់លើរថយន្តនេះ អាចដូចគ្នាទៅនឹងម៉ាស៊ីនរបស់ជំនាន់បច្ចុប្បន្ន 6.6-liter V12 ឬក៏អាចប្រភេទ 6.75-liter Twin-Turbo V12 ដែលមាននៅលើ Phantom បច្ចុប្បន្ន។
នៅក្នុងរថយន្ត Ghost បច្ចុប្បន្ន គេប្រើប្រាស់ម៉ាស៊ីន V12 ដែលអាចផលិតកម្លាំងបាន ៥៦៣សេះ។ ចំពោះរថយន្តនឹងចេញពេលខាងមុខនេះវិញ គឺអាចបង្កើនកម្លាំង រួមជាមួយនឹងប្រព័ន្ធ All-Wheel Drive។ របាយការណ៍ក៏បានលើកឡើងថា វានឹងប្រើប្រាស់ប្រព័ន្ធអគ្គិសនី ៤៨វ៉ុលដើម្បីអនុញ្ញាតឱ្យប្រព័ន្ធការពារការក្រឡាប់ និង ប្រព័ន្ធចង្កូតកង់ទាំង៤ កាន់តែមានភាពប្រសើរឡើងទាំងពេលបើកយឺតនិងបើកលឿន៕
ចែករំលែកព័តមាននេះ