ខេត្តព្រះសីហនុ ៖ បណ្ដាញក្រុមចាប់ជំរិតទារប្រាក់ និងជួញដូរអាវុធខុសច្បាប់ មានជនជាតិខ្មែរនិងចិន ត្រូវបាននគរបាលតាមប្រមាញ់បាន៧នាក់ទៀត ដកហូតកាំភ្លើងវែង ខ្លី៥ដើម និងគ្រាប់ជាង២០០គ្រាប់ ។ ការបង្ក្រាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមការឡោមព័ទ្ធអស់ជាច្រើនម៉ោង ជុំវិញកាស៊ីណូអេចអុឹម ។
បើតាមលោកឧត្តមសេនីយ៍ស្នងការបានថ្លែងប្រាប់សារព័ត៌មានថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបនៅថ្ងៃទី១៣ទី១៤ ធ្នូ ដោយកម្លាំងជំនាញតាមចាប់ក្រុមជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់រួចមកហើយមាន(ជនជាតិខ្មែរ៤នាក់ ជនជាតិចិន៣នាក់ ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាង កាំភ្លើងវែង១ដើម ព្រមទាំងកាំភ្លើងខ្លី៤ដើម និងគ្រាប់រំសេវមួយចំនួនទៀត ។ ទាក់ទិននឹងការបង្ក្រាបចុងក្រោយនេះលោកស្នងការមិនទាន់ឱ្យដឹងលទ្ធផលបែបណាទេ គ្រាន់តែឱ្យដឹងថា ការចាប់ខ្លួនខ្មែរ-ចិន៧នាក់នេះគឺជាបក្សពួកតែមួយជាមួយជន៧នាក់ដែលបានចាប់ខ្លួនមុននេះ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃទី១៧ ធ្នូថា ប្រតិបត្តិការក្តៅគគុកមួយ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោក គួច ចំរើន អភិបាលខេត្ត កម្លាំងសមត្ថកិច្ចយើងបានដុតដៃដុតជើង បង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ ចរាចរអាវុធខុសច្បាប់ និងគ្រឿងញៀនហើយនិងអ្នកចរាចរទិញដូរយកអាវុធមកលក់ ដោយជនជាតិចិនមួយក្រុម ។ លោកថា នេះជាការងារមួយដែលយើងបង្ក្រាបលើបណ្តាញក្រុមជនសង្គមងងឹត ជារូបភាពទ្រង់ទ្រាយធំគួរសម ដែលយើងមិនធ្លាប់ជួប ព្រោះជាបណ្តាញជនងងឹតដែលកំពុងលួចលាក់ជួញដូរអាវុធសម្រាប់បទឧក្រឹដ្ឋ ។
លោកស្នងការនគរបាលខេត្តថ្លែងសំដៅលើការស្រាវជ្រាវករណី ចាប់បង្ខាំងមនុស្សខុសច្បាប់ផ្តល់ទីតាំងប្រព្រឹត្តិបទឧក្រិដ្ឋ និងនាំចូលសន្និធិអាវុធដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ច ។ ជាក់ស្តែងការបង្ក្រាបកាលពីថ្ងៃទី៦ ធ្នូ វេលាម៉ោង៦និង៣០នាទីល្ងាចកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌខេត្តបានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ការផ្តល់ទីតាំងប្រព្រឹត្តិបទឧក្រិដ្ឋ និងនាំចូលអាវុធដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ច នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម កាំភ្លើងវែង១ដើម(M16)គ្រាប់កាំភ្លើងនិងគ្រឿងញៀនមួយចំនួនធំ ។
ករណីមុននេះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបន្តកិច្ចប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតជាលទ្ធផលនៅថ្ងៃទី១៣-១៤ ខែធ្នូ កម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់ ក្នុងនោះជនជាតិខ្មែរ៤នាក់ ជនជាតិចិន៣នាក់ (ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាងកាំភ្លើង៥ ដើម (កាំភ្លើងវែង១ដើម កាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត ។
ជនសង្ស័យទាំង៧នាក់៖ ១-ឈ្មោះ នី ច័ន្ទសុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនច្បាស់លាស់ មានទីលំនៅបច្ចុប្បន្ន បុរី១០០ខ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ZUO HAI PING ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដលិខិតឆ្លងដែន(គ្មាន)ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ WANG QIAOLING ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ G50635289 មានទីលំនៅ ផ្ទះលេខ១៦C ផ្លូវលេខ១០៩K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។៤-ឈ្មោះ WANG HAITAO ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EF5732652 មានទីលំនៅផ្ទះលេខ១៦C ផ្លូវលេខ១០៩K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៥-ឈ្មោះ ប៊ិន ចាន់ដារ៉ាសិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ៦អា ផ្លូវលេខ៤៦២ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ៦-ឈ្មោះ ទេព សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនច្បាស់លាស់ ។ ផ្ទះ០១E1E2E2 ផ្លូវលេខ០៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៧-ឈ្មោះ អ៊ុម ភូរី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២៩ ផ្លូវលេខ៥០៦ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបានមានកាំភ្លើងវែង១ដើម (ម៉ាកAK47 មានលេខសម្គាល់១៤៤៩៩៦) កាំភ្លើងខ្លី៤ដើម ម៉ាកGLOCK17 មួយដើម ពណ៌ខ្មៅ មានលេខ BEPP708 ម៉ាក GLOCK19 មួយដើម ពណ៌ខ្មៅ មានលេខ TSW352 ម៉ាក GLOCK19 KILLER មួយដើម ពណ៌ខ្មៅ មានលេខ VSLG1931 និងម៉ាកK59 មួយដើម ពណ៌ខ្មៅ មានលេខ 3907 បង់កាំភ្លើងប្រភេទ១៥គ្រាប់ចំនួន៤បង់ បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ) គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់ គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់ រឺស័របង់កាំភ្លើងចំនួន២(ថ្មីមិនទាន់ហែកប្រើ តួកាំភ្លើងម៉ាកGLOCK មួយគ្រឿង បន្លាស់កាំភ្លើងមួយចំនួន(សម្រាប់កែច្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជា
អូតូរ៉ាស់ហ្វាល់) និងម៉ាសុីនស្វាន១គ្រឿងនិងគ្រឿងបន្លាស់១ប្រអប់ ។
ករណីទាំងនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបាននិងកំពុងកសាសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕