ខេត្តកំពង់ចាម ៖ បណ្ដាភូមិជាច្រើនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រូវបានគេមើលឃើញថា ប្រែក្លាយទៅជាផ្លូវបេតុងស្ទើរ១០០% នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ជាការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាននាព្រឹកថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៩ ។ ជាមួយនោះប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការនាំយកកសិផលមកកាន់ទីផ្សារនៅក្រុងកំពង់ចាម បានដោយរហ័សឆ្លងតាមស្ពានបេតុងកោះប៉ែន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ។
លោកយាយរ័ត្ន សុខន អាយុ៨០ឆ្នាំ រស់នៅភូមិកោះប៉ែន «ក» ឃុំកោះមិត្ត បានមានប្រសាសន៍ឲ្យដឹងថា នៅក្រោយឆ្នាំ១៩៧៩ ផ្លូវតាមមុខផ្ទះរបស់គាត់ជាប្រភេទផ្លូវដី ហើយនៅពេលភ្លៀងធ្លាក់មកម្ដងៗ បែកភក់ ជួនកាលអ្នកជិះកង់ម៉ូតូរអិលដួលក៏មានដែរ។
លោកយាយសុខន មានប្រសាសន៍បន្តថា ពី១ឆ្នាំទៅ១ឆ្នាំ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក៏បានប្រែក្លាយផ្លូវដីទៅជាផ្លូវបេតុងកាត់តាមមុខផ្ទះរបស់គាត់ ដែលមានចម្ងាយរាប់រយម៉ែត្រ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក។
លោកយាយសុខនមានប្រសាសន៍បន្តថា កាលពីមុនប្រសិនបើចង់ធ្វើដំណើរមកក្រុងកំពង់ចាម ត្រូវតែឆ្លងប្រដឹសកោះប៉ែន បានតែនៅក្នុងរដូវប្រាំង តែបើក្នុងរដូវវស្សាត្រូវជិះកាណូត ឬទូកដឆ្លងកាត់ ហើយប្រសិនបើមានសមាជិកក្រុមគ្រួសារណាមួយមានជំងឺត្រូវបញ្ជូនមកក្រុងកំពង់ចាមគឺមានផលវិបាក ដោយចំណាយលុយច្រើនទៅឲ្យកាណូតឈ្នួល។ តែមកដល់សព្វថ្ងៃនេះសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានសាងសង់ស្ពានបេតុងកោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ គឺបានបង្កលក្ខណៈយ៉ាងងាយស្រួលដល់អ្នករស់នៅលើឃុំកោះមិត្ត និងមួយផ្នែកទៀតនៅក្នុងស្រុកកោះសូទិន ឲ្យធ្វើដំណើរមកក្រុងកំពង់ចាមបាន២៤ម៉ោងលើ២៤ម៉ោង ហើយមានផ្លូវបេតុងខ្វាត់ខ្វែងតាមបណ្ដាភូមិជាច្រើន នេះបង្ហាញឲ្យឃើញថាជាការអភិវឌ្ឍរីកចម្រើនរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។
លោកម៉ៅ អ៊ូក ជំទប់ទី២ ឃុំកោះមិត្ត មានប្រសាសន៍ឲ្យដឹងថា នាពេលកន្លងមក ថវិកាក្នុងការអភិវឌ្ឍឃុំដែលថ្នាក់លើបានផ្ដល់ឱ្យក្នុងមួយឆ្នាំមានចំនួនជាង២ម៉ឺនដុល្លារ ហើយការសាងសង់ផ្លូវបេតុង នៅតាមបណ្ដាភូមិមួយចំនួនក្នុងឃុំកោះមិត្ត ត្រូវបានធ្វើឡើងទៅតាមដំណាក់កាលជាមធ្យមក្នុងមួយឆ្នាំបានប្រវែង៣០០ ទៅ៤០០ម៉ែត្រតែប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ