ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​បណ្ណាល័យ​៤​ខ្នង បាន​ផ្ដល់​ជូន​ដល់​​វិទ្យាល័យ​ចំនួន​៤​កន្លែង​ក្នុង​ខេត្ត​កំពង់ធំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ជា ចាន់​តូ បាន​មាន​ប្រសាសន៍​ថា បណ្ណាល័យ គឺជា​ឃ្លាំង និង​ជា​ជង្រុក​​សម្រាប់​ផ្ដល់​ឲ្យ​អ្នក​សិក្សា​គ្រប់​រូប​មក​រៀនសូត្រ និង​ទទួលយក​ចំណេះដឹង​បន្ថែម​តាម​រយៈ​ការ​អាន​សៀវភៅ…

រាជធានី​ភ្នំពេញ ៖ លោក ជា ចាន់​តូ បាន​មាន​ប្រសាសន៍​ថា បណ្ណាល័យ គឺជា​ឃ្លាំង និង​ជា​ជង្រុក​​សម្រាប់​ផ្ដល់​ឲ្យ​អ្នក​សិក្សា​គ្រប់​រូប​មក​រៀនសូត្រ និង​ទទួលយក​ចំណេះដឹង​បន្ថែម​តាម​រយៈ​ការ​អាន​សៀវភៅ និង​ការ​ស្រាវជ្រាវ​ក្នុង​ឯកសារ​នានា​ដែល​មាននៅ​ក្នុង​បណ្ណាល័យ​។

ការ​លើក​ឡើង​របស់​លោក ជា ចាន់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ដូចនេះ​ក្នុង​ឱកាស​​ដែលលោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​កាត់​ខ្សែបូសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ណាល័យ​ចំនួន​៤​ខ្នង ជា​អំណោយ​របស់​មូលនិធិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ជូន​ដល់​វិទ្យាល័យ​៤​កន្លែង ស្ថិត​នៅ​ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​។

សូម​បញ្ជាក់​ជូន​ថា វិទ្យាល័យ​៤​ដែល​ទទួល​បាន​អគារ​បណ្ណាល័យ​ពី​មូលនិធិ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​នា​ឱកាស​នោះ​រួម​មាន វិទ្យាល័យ​កំពង់ថ្ម ស្ថិត​នៅ​ស្រុក​ស​ន្ទុ​ក​, វិទ្យាល័យ ហ៊ុន សែន សណ្ដាន់ ស្ថិត​ក្នុងស្រុក​សណ្ដាន់ និង​វិទ្យាល័យ ជា ស៊ី​ម ប្រឡាយ និង​វិទ្យាល័យ ហ៊ុន​សែន​រុងរឿង ស្ថិត​នៅ​ក្នុងស្រុក​ស្ទោង​។

លោក ជា ចាន់​តូ បាន​បញ្ជាក់​ទៀត​ថា អគារ​បណ្ណាល័យ គឺជា​ឃ្លាំង​ប្រាជ្ញា​ដែល​បន្សល់​ពី​អ្នក​ប្រាជ្ញា​ជា​ច្រើន​បាន​ចងក្រង​ឡើង ដើម្បី​អប់រំ​ណែនាំ​មនុស្ស បណ្ដុះ​សតិ​ប្រាជ្ញា​ស្មារតី និង​ចំណេះ​ដឹង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ៗ ជា​ពិសេស​អ្នក​សិក្សា​រៀនសូត្រ​។ ហើយ​ត្រូវការ​អាន​សៀវភៅ​ឲ្យ​ដូច​ជា ការ​ទទួលទាន​អាហារ ទើប​អ្នក​សិក្សា​ទទួល​ជោគជ័យ​។

ក្នុង​ឱកាស​នោះ​ដែរ លោកទេសាភិបាល បាន​រំលឹក​ថា អ្វី​ដែល​បុព្វបុរស​បាន​ចងក្រង​ទុក​ឲ្យ​យើង​នៅ​ពេល​នេះ គឺ​ឆ្លងកាត់​ការ​លំបាក​ច្រើន​រាប់​មិន​អស់​ឡើយ​ក្នុង​គោលដៅ ដើម្បី​ទុកជា​ទុន និង​ជា​សម្បត្តិ​ឲ្យ​យើង​គ្រប់​គ្នា ជា​ពិសេស​សិស្សានុសិស្ស​សិក្សា​មក​ស្រាវជ្រាវ​ទាញ​យកចំណេះ​ទៅ​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​សង្គម​គ្រួសារ​ឲ្យ​មានការ​រីក​ចម្រើន​។

ដូចនេះ​ហើយ​ក្រោយ​ប្រទេស​ជាតិ​មាន​ស្ថេ​រ​ភាព និង​ទទួល​បាន​សុខ​សន្តិភាព​មិន​ត្រឹមតែ​វិស័យ​អប់រំ​ទេ​គ្រប់​វិស័យ ក៏​មានការ​អភិ​វ​ឌ្ឃ​រីក​ចម្រើន​ព្រម​ៗ​គ្នា​ផង​ដែរ​។ ហើយ​ផ្លែ​ផ្លា​សុខ​សន្តិភាព​បាន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​យើង​និង​គ្រប់​តំបន់​ទូ​ទាំង​ប្រទេស​។ ផ្លែផ្កា​ដែល​ទទួល​បាន​ទាំង​អស់នេះ គឺ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​គិតគូ​ប្រកបដោយ​គតិបណ្ឌិត​របស់​រាជ​រា​ដ្ឋា​ភិ​បាល ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឡើយ ព្រោះ​សម្ដេច​តេ​ជោ គឺជា​មេដឹកនាំ​ប្រទេស​ដ៏​ល្អ​ពោរពេញ​ដោយ​សច្ចធម៌ គុណធម៌ ដែល​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ជា ចាន់​តូ បាន​ថ្លែងអំណរគុណ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​ដែល​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា តាម​រយៈ​ការ​កសាង​សាលា​រៀន ក៏​ដូច​ជា​កសាង​បណ្ណាល័យ​ជាដើម និង​ស្នើ​ឲ្យ​គ្រឹះ​មីក្រូ​មួយ​នេះ​បន្តសកម្មភាព​ដ៏​ល្អជា​បន្ត​ទៀត ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​។

សូម​រំលឹក​ថា គិតដល់​ពេល​នេះ មូលនិធិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ បាន​កសាង​អគារ​បណ្ណាល័យ​បាន​ចំនួន​៤១​អគារ​ហើយ ក្នុង​នោះ​នៅ​ក្នុង​ខេត្តកំពង់ធំ ទទួល​បាន​ចំនួន​៧​អគារ​។ ហើយ​រាល់​ការ​អនុវត្ត​គម្រោង​សាងសង់​អគារ​ទាំងអស់​សុទ្ធ​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ​។

សម្រាប់​ជា​ចំណងដៃ​ក្នុង​ឱកាស​ទទួល​បាន​អគារ​ថ្មី​នេះ ឯកឧត្ដម ជា ចាន់​តូ និង​គ្រឹះស្ថាន​មីក្រូ​ប្រា​សាក់ បាន​នាំ​យក​សម្ភារៈ​កីឡា​សៀវភៅ ប៉ិច ក្រណាត់​ស និង​ថវិកា​ឧ​ត្ថ​ម្ភ​ដល់​វិទ្យាល័យ​ទាំង​៤ និង​អ្នកចូលរួម​ផង​ដែរ​៕ ដោយ​សហការ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ