ផ្គុំបំណែកបង្ហាញជាក់លាក់ពីទម្រង់ដើមបដិមាព្រះបាទជ័យវរ្ម័នទី៧
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិ នីមួយៗនៅឡើយ ។ ពេលនេះទម្រង់ដើមនៃបដិមាព្រះបាទជ័យវរ្ម័នទី៧បង្ហាញច្បាស់ហើយ ។

ផេកហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាផ្សាយថាទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញពីទម្រង់ដើមបដិមាព្រះបាទជ័យវរ្ម័នទី៧នោះ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោកជាវ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង ។

ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យាការថតស្គែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា ។

ការរកឃើញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំង និងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់ និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន ៕ (កែសម្រួលដោយ ៖ បុប្ផា)












ចែករំលែកព័តមាននេះ