សហរដ្ឋអាមេរិក-ចិន ៖ កាលពីយប់ថៃ្ងទី១២ធ្នូប្រភពជិតដិតនឹងការចរចារាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលយកការផ្អាកពន្ធគយមួយចំនួន លើបណ្ដាផលិតផលចិននិងកាត់បន្ថយពន្ធឯទៀតៗ ប្រសិនបើក្រុងប៉េកាំងសន្យាទិញបណ្ដាផលិតផលកសិកម្មអាមេរិកក្នុងឆ្នាំ២០២០។
ប្រភពដដែលនោះគូសបញ្ជាក់ថា ក្រុងវ៉ាស៊ិនតោននឹងពន្យារពេលការយកពន្ធគយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ធ្នូទៅ មានទឹកប្រាក់១៦០ពាន់លានដុល្លារ លើបណ្ដាផលិតផលចិនបន្ថែមទៀត។ ជាថ្នូរវិញចិនសន្យាទិញបណ្ដាផលិតផលកសិកម្មអាមេរិកក្នុងឆ្នាំ២០២០មានទឹកប្រាក់៥០ពាន់លានដុល្លារ ដែលមានការកើនទ្វេដងនៃការទិញរបស់ចិនក្នុងឆ្នាំ២០១៧។
សេតវិមាននៅពុំទាន់ធ្វើការប្រកាសជាផ្លូវការនៅឡើយ ដែលនាំឲ្យមានសំនួរថាកិច្ចព្រមព្រៀងនោះពិតជាយល់ព្រមដោយភាគីទាំង២មែនឬយ៉ាងណា។
ប៉ុន្ទែបណ្ដាមនុស្សដែលធ្វើការចរចាថ្លែងកាលពីថ្ងៃទី១២ធ្នូថា អ្នកចរចាអាមេរិកបានស្នើនាពេលថ្មីៗនះដល់អ្នកចរចាចិន ពីការកាត់បន្ថយមួយរហូតដល់៥០%នៃពន្ធគយដែលមានជាធរមានរួចហើយ ក្នុងទឹកប្រាក់៣៧៥ពាន់លានដុល្លារនៃបណ្ដាផលិតផលនាំចួលពីចិន និងលើការពន្យារពេលការយកពន្ធគយបន្ថែមដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ធ្នូទៅ ព្រោះប៉ុនប៉ងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ហៅកិច្ចព្រមព្រៀងដំណាក់កាលទី១។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ដែលមានចាប់តាំងពី១៧ខែមកហើយ ធ្វើឲ្យប៉ះពាល់ដល់កំណើននិងការវិនិយោគរបស់បណ្ដាសហគ្រាសលើពិភពលោកទាំងមូល៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ