ឆេះរោងស្តុកថ្នាំបូរាណខ្មែរនៅខណ្ឌសែនសុខ


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រោង​ស្តុក​ថ្នាំបុរាណ​ខ្មែរ​ប្រក់​ស័ង្កសី​មួយ​កន្លែង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ​នេះ ត្រង់​ចំណុច​ផ្ទះ​លក់​ឱសថ​បុរាណ​ខ្មែរ​មួយ​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​សាកសួរ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ជាន់​ទី​១ នៃ​រោង​ប្រក់​ស័ង្កសី​ដែល​ជា​រោង​ស្តុក​ថ្នាំបុរាណ​ខ្មែរ​ខាងលើ ។ មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​សំបកឈើ និង​ស្លឹកឈើ​ស្ងួត​ៗ ដែល​គេ​ស្តុក​ទុក​ក្នុង​រោង​ប្រក់​ស័ង្កសី​ខាងលើ ដើម្បី​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ ធ្វើការ​នាំ​គ្នា​ជួយ​ទាញ​ទុយោ​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ និង​ទាក់ទង​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន រួម​ជាមួយនឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឱ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​។

បន្ទាប់​មក​ក៏​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​ធ្វើការ​បាញ់​ពន្លត់ ។ ប៉ុន្តែ​ដោយសារ​តែ​នៅ​ខាងក្នុង​រោង​ប្រក់​ស័ង្កសី​កើតហេតុ​ខាងលើ សុទ្ធសឹងតែ​ជា​សំបកឈើ និង​ស្លឹកឈើ​ជា​ច្រើន ធ្វើ​ឲ្យ​ភ្លើង​ឆេះ និង​មាន​រងើក​ងំ​ខ្លាំង​ទើប​កម្លាំង​ជំនាញ​ពិបាក​ក្នុង​ការ​បាញ់​ទឹក​ពន្លត់​ឲ្យ​បាន​ទាន់​ពេលវេលា ។ រហូត​អស់​រយៈពេល​ប្រមាណ​១​ម៉ោង​កន្លះ បន្ទាប់​ពី​ធ្វើការ​បាញ់​ទឹក​ពន្លត់ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​រលត់​នៅ​ម៉ោង​១១​យប់ ថ្ងៃ​ដដែល ។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ គឺ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ទឹក​ចំនួន​៩​គ្រឿង ដោយ​ក្នុង​នោះ​ប្រើប្រាស់​រថយន្ត​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ជាតិ​ភ្នំពេញ​ចំនួន​២​គ្រឿង​បាញ់​ទឹក​អស់​ចំនួន​៥​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​៤​គ្រឿង បាញ់​អស់ទាំង​៤​គ្រឿង ។ មិន​បណ្ដាល​ឲ្យ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​នោះ​ទេ គឺ​ខូចខាត​តែ​រោង​ប្រក់​ស័ង្កសី​ដែល​មាន​ទំហំ​៤,៥​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ និង​ថ្នាំបុរាណ​ខ្មែរ​ដែល​ស្តុក​នៅ​ខាងក្នុង គឺ​ឆេះ​ខូ​ត​ខាត​ស្ទើរ​ទាំងស្រុង ។

ចំពោះ​មូលហេតុ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ជាន់​ទី​១ នៃ​រោង​ខាងលើ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ