បណ្តុះ​តែ​ផ្សិត​លក់​យក​លុយ​ទៅ​ណា​អស់​ងាយ​ហើយ​មាន​ទីផ្សារ​ទៀត


ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ចុងឆ្នាំ​២០១៩​នេះ បើ​ទោះបីជា​ដំណាំ​កសិផល​មួយ​ចំនួន​មានការ​ធ្លាក់​ថ្លៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​ស្ទើរតែ​បោះបង់​ចោល​របរ​របស់​ខ្លួន ដោយឡែក​កសិករ​មួយ​គ្រួសារ ដែល​ប្រកប​របរ​បណ្តុះ​ផ្សិត​លក់ នៅ​តែ​កាក់កប​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ជាទី​គាប់ចិត្ត ដោយ​បន្ត​វេច​ខ្ចប់​បន្ថែម​ទៀត ដើម្បី​ដាក់​បណ្តុះ​លក់​ឱ្យ​ម៉ូយ​នៅ​ក្នុង​ផ្សារ​ប៉ៃលិន​ផង​ដែរ ។

ជាក់ស្តែង​មាន​កសិករ​មួយ​គ្រួសារ​ប្តី​មានឈ្មោះ ទឿ​ង ចិន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ប្រពន្ធ ឈ្មោះ អួន សល់ អាយុ​៤០​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ក្នុងស្រុក​ប​វេ​ល ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​គ្រួសារ​របស់​គាត់​គ្មាន​ដីធ្លី​សម្រាប់​ធ្វើស្រែ​ចម្ការ​នឹង​គេ​នោះ​ទេ មាន​តែ​ជំនាញ​មួយ​មុខ គឺ​បណ្តុះ​ផ្សិត​លក់​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ។

គាត់​បន្ត​ទៀត​ថា បើ​និយាយ​ឱ្យ​ដល់​ទៅ ជំនាញ​បណ្តុះ​ផ្សិត​លក់​នេះ គឺ​គាត់​បាន​រៀនសូត្រ​មក​ពី​ប្រទេស​ថៃ ខណ​:​ពេល​មុន គាត់​និង​គ្រួសារ​ទៅ​ធ្វើការ​ជា​កម្មករ​បណ្តុះ​ផ្សិត​ឱ្យ​ថៅកែ​ថៃ​ម្នាក់ លុះ​បាន​រៀន​ចេះ​ស្ទាត់ជំនាញ​ហើយ ក៏​ត្រឡប់​មក​ចាប់​អាជីព​បណ្តុះ​លក់​ផ្ទាល់ខ្លួន​នៅ​ក្នុង​ក្រុងប៉ៃលិន​តែ​ម្តង ។

គាត់​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ គ្រួសារ​របស់​គាត់​បាន​បណ្តុះ​ផ្សិត​ចង​ព្យួរ​លក់ បាន​ចំនួន​ជាង​១​ម៉ឺន​ថង់​ហើយ ដោយ​ស្រោច​ទឹកជា​ប្រចាំ ព្រឹកល្ងាច​តែ​ម្តង ។ គាត់​អាច​ប្រមូល​ផល​ផ្សិត​បាន ចាប់ពី​២០ ទៅ​៤០​គីឡូក្រាម​ក្នុង​១​ថ្ងៃ ហើយ​ដឹក​ដាក់​ឱ្យ​ម៉ូយ​ដុំ គេ​ទិញ​យក​ទៅ​លក់​ក្នុង​ផ្សារ តម្លៃ​៥០០០​រៀល ក្នុង​១​គីឡូក្រាម ។

គាត់​បញ្ជាក់​ថា បើ​ទោះបីជា​ការ​បណ្តុះ​ផ្សិត​ប្រចាំ​ថ្ងៃនេះ មានការ​កាក់កប​បន្តិច​ក៏​ដោយ ប៉ុន្តែ​គាត់​ក៏​បាន​បន្ត​វេច​ខ្ចប់​ចំនួន​ជាង​៣០០​កញ្ចប់​ទៀត ដោយ​យក​ទៅ​ដុត​ភ្លើង​ចំហុយ​ក្នុង​ឆ្នាំង​រយ​:​ពេល​១​ថ្ងៃ ទើប​អាច​ស្រង់​យក​លក់​ឱ្យ​ម៉ូយ​ទិញ​ទៅ​ដាក់​បណ្តុះ​ខ្លួនឯង តែបើ​គ្មាន​អ្នកទិញ​ទេ គាត់​នឹង​យក​ទៅ​ចង​ព្យួរ​ក្នុង​រោង បណ្តុះ​លក់​ខ្លួនឯង​បន្ថែម​ទៀត​ផង​ដែរ ។

បច្ចុប្បន្ន​នេះ ជីវភាព​គ្រួសារ​របស់​គាត់ មិន​ជំពាក់​បំណុល​គេ អាច​ឱ្យ​កូន​ៗ​របស់​ខ្លួន​ទៅ​រៀន សូត្រ រហូត​ដល់​ថ្នាក់​វិទ្យាល័យ ក៏​ដោយសារ​តែ​មាន​មុខរបរ​បណ្តុះ​ផ្សិត​លក់​ពិតប្រាកដ​នេះឯង គឺ ទទួល​បាន​ប្រាក់​ក្នុង​១​ថ្ងៃ​ៗ យ៉ាងតិច​១០​ទៅ​២០​ម៉ឺន​រៀល​ដែរ ។ ដូច្នេះ សូម​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គ្មា ន​ការងារ ឬ​ដំណាំ​ដាំ​ដុះ​អ្វី អាច​សាកល្បង​បណ្តុះ​ផ្សិត​លក់ ព្រោះ​នៅ​ក្នុង​ផ្សារ​មាន​ប៉ុន្មាន​ក៏​គេ​ទិញ​យក​ទៅ​ធ្វើ​ម្ហូបអាហារ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ