គ្រាន់សួរប៉ុណ្ណឹង កូនប្រុសក្តៅចិត្តឡើងទៅដុតផ្ទះចោល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់គ្រាន់តែខឹងរឿងបងប្អូនស្តីបន្ទោសមិនឱ្យប្រើគ្រឿងញៀន ស្រាប់តែខឹងចិត្តដុតផ្ទះខ្លួនឯងឆេះហុយខ្មួលខ្មាញ់ បង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៩ ធ្នូ ស្ថិតនៅចំណុចផ្ទះលេខ ២៦D ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ។

ម្ចាស់ផ្ទះខាងលើ មានឈ្មោះដួង សុម៉ាលី ភេទស្រី អាយុ៦០ឆ្នាំ ។ ជនសង្ស័យដែលជាអ្នកដុតផ្ទះ ត្រូវជាកូន ឈ្មោះ យ៉ាំ សុខលី ភេទប្រុស អាយុ៣៦ឆ្នាំ ជាគ្រូបង្រៀន ស្នាក់នៅកើតហេតុខាងលើ ។ ចំពោះផ្ទះដែលឆេះជាប្រភេទផ្ទះល្វែងមានទំហំ៤គុណ១៥ម៉ែត្រ កំពស់៣ជាន់ ។

បើតាមសម្តីស្ត្រីជាម្ដាយបានអោយដឹងថា មុនពេលកើតហេតុ គាត់មានគ្នា៣នាក់កំពុងក្នុងផ្ទះកូនស្រីរបស់គាត់ម្នាក់ទៀតឈ្មោះ យ៉ាំង សុខចំរើន និងបានស្តីបន្ទោសឱ្យកូនប្រុស (ជនសង្ស័យ)ថា ហេតុអ្វីបានជាឱ្យគេយកគ្រឿងញៀនមកដល់ផ្ទះ?

គ្រាន់តែនិយាយប៉ុណ្ណឹង មួយសន្ទុះក្រោយមក កូនគាត់បានឡើងទៅលើផ្ទះបាត់ ។ បន្ទាប់មក ស្រាប់តែឃើញភ្លើងហុយចេញពីបន្ទប់ជនសង្ស័យនៅជាន់ទី២ឡើងហុយទ្រលោមតែម្តង ។ ភ្លាមៗ ពួកគាត់ភ័យស្លន់ស្លោបានស្រែកហៅអោយអ្នកជិតខាងបាញ់ពន្លត់ និងទំនាក់ទំនងហៅខាងសមត្ថកិច្ចមកឃាត់កូនរបស់គាត់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ១ ព្រមទាំងសុំអន្តរាគមន៍ រថយន្ដពន្លត់អគ្គីភ័យ មកចំនួន៦គ្រឿង ក្នុងនោះមានរថយន្តរបស់ស្នងការរាជធានីភ្នំពេញចំនួន៥គ្រឿង និងរថយន្តជំនួយរបស់ស្រាបៀរ កម្ពុជាចំនួន១គ្រឿង មកធ្វើការបាញ់ពន្លត់ អស់ទាំង៦គ្រឿង ទើបធ្វើអោយភ្លើងរលត់ ជាស្ថាពរនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃដដែល ។

នៅក្នុងហេតុការណ៍ខាងលើ មិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស និងរាល់ដាលដល់ផ្ទះអ្នកដទៃនោះទេ គ្រាន់តែតែខូចខាតសម្ភារបន្ទប់របស់ជនសង្ស័យអស់ទាំងស្រុង ។ ជនសង្ស័យដែរដុតផ្ទះខ្លួនឯង ត្រូវបាន ក្រុមគ្រួសារប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។












ចែករំលែកព័តមាននេះ