ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែល​មក​ពី​មូលហេតុ​ទាំងនេះហើយ​ ដែល​ធ្វើ​ឧស្សាហ៍​វិលមុខ​

4 ឆ្នាំ មុន

អាកា​រៈ​វិលមុខ​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ផ្សេង​ៗ​ពី​គ្នា គឺ​មិនមែន​ដោយសារ​តែ​ជំងឺ​នោះ​ឡើយ​ជួនកាល​ទម្លាប់​មួយ​ចំនួន​ក៏​បង្ក​បញ្ហា​នេះ​ផង​ដែរ​។​ថា​តើ​មូលហេតុ​អ្វីខ្លះ​អាច​បណ្ដាល​ឱ្យ​កើត​មាន​អាកា​រៈ​បែប​នេះ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​នៃ​អាកា​រៈ​វិលមុខ ៖ ១. កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ៖ ពេល​ខ្លះ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នៃ​អាកា​រៈ​វិលមុខ…

អាកា​រៈ​វិលមុខ​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ផ្សេង​ៗ​ពី​គ្នា គឺ​មិនមែន​ដោយសារ​តែ​ជំងឺ​នោះ​ឡើយ​ជួនកាល​ទម្លាប់​មួយ​ចំនួន​ក៏​បង្ក​បញ្ហា​នេះ​ផង​ដែរ​។​ថា​តើ​មូលហេតុ​អ្វីខ្លះ​អាច​បណ្ដាល​ឱ្យ​កើត​មាន​អាកា​រៈ​បែប​នេះ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ទូទៅ​បំផុត​នៃ​អាកា​រៈ​វិលមុខ ៖

១. កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ៖ ពេល​ខ្លះ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នៃ​អាកា​រៈ​វិលមុខ គឺ​ទទួល​ទាន​ទឹក ១ កែវ​។ នោះ​ក៏​ព្រោះតែ​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​អាច​កាត់​បន្ថយ​បរិមាណ​ឈាម​ដែល​ធ្វើ​ឱ្យ​ខួរក្បាល​ទទួល​បាន​អុក​ស៊ី​សែន​តិច​ជាង​ធម្មតា​បង្ក​អាកា​រៈ​វិលមុខ​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ពិសេស​នៅ​ពេល​ឈឺ​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​វិលមុខ​ទោះបីជា​បាន​ទទួលទាន​ទឹក ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ហើយ​នោះ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

២. ថប់​បារម្ភ ៖ មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​បញ្ហា​ថប់​បារម្ភ គឺ​វិលមុខ​។ សាកល្បង​ដកដង្ហើម​ចេញចូល​មួយ​ៗ​ជ្រៅ​ៗ​និង​សម្រាក​បន្តិច​។ ប្រសិនបើ​អាកា​រៈ​នៅ​តែ​មិន​ធូរស្បើយ​សោះ​នោះ​អ្នក​គួរ​ស្វែងរក​ជំនួយ​ហើយ​។

៣. ប្រតិកម្ម​អា​ឡែក​ស៊ី ៖ អា​ឡែក​ស៊ី​អាច​បង្ក​ការ​រលាក​ហើយ​ជះ​ឥទ្ធិពល​ដល់​សម្ពាធ​ឈាម​ដែល​នឹង​នាំ​ឱ្យ​មាន​បញ្ហា​វិលមុខ​។ ចូរ​បញ្ឈប់​ការ​ទទួលទាន​អាហារ​មួយ​ចំនួន ឬ​នៅ​ឆ្ងាយ​ពី​សត្វ និង​ផ្កា​ដែល​អ្នក​ប្រតិកម្ម​ជាមួយ​។

៤. ភាព​ចាស់​នៃ​វ័យ ៖ មនុស្ស​វ័យ​លើស​ពី ៥០ ឆ្នាំ​ចាប់ផ្ដើម​មាន​ភាព​ប្រែប្រួល​ផ្នែក​ខាងក្នុង​នៃ​ត្រចៀក​។ ភាព​ប្រែប្រួល​នេះ​អាច​បណ្ដាល​ឱ្យ​វិលមុខ​នៅ​ពេល​ក្រោកឈរ​ក្រោយ​ពេល​គេង​ខុស​ទីតាំង​។ ដូច្នេះ​ចូរ​ព្យាយាម​ងើបឡើង​យឺត​ៗ​។ កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អាកា​រៈ​នេះ​កើត​មាន​ទៀងទាត់​។

៥. ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ៖ ប្រសិនបើ​អ្នក​រំលង​ម៉ោង​អាហារ​ញឹកញាប់ ឬ​កំពុង​កើត​ជំងឺ​ទឹកនោមផ្អែម​នោះ​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រហែលជា​អាច​ថយ​ចុះ​ទាប​ខុសធម្មតា​ហើយ​។ បន្ទាប់​មក​រាង​កាយ​និង​ខួរក្បាល​បាត់បង់​នូវ​ថាមពល ឬ​ទទួល​បាន​ថាមពល​មិន​គ្រប់គ្រាន់​ដែល​បណ្ដាល​ឱ្យ​កើត​មាន​អាកា​រៈ​វិលមុខ​។ ប្រសិនបើ​ក្រោយ​ទទួលទាន​អាហារ​គ្រប់គ្រាន់​ហើយ​អាកា​រៈ​វិលមុខ​នៅ​តែ​មិន​បាត់​ទៅ​វិញ​សោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

៦. ផល​ប៉ះពាល់​នៃ​ថ្នាំ​មួយ​ចំនួន ៖ ថ្នាំ​មួយ​ចំនួន​អាច​បង្ក​ឱ្យ​កើត​មាន​អាកា​រៈ​វិលមុខ ពិសេស​ប្រភេទ​ថ្នាំ​ដែល​បញ្ចុះ​ជាតិ​ទឹក​ពី​ក្នុង​រាង​កាយ ឬ​ថ្នាំ​បញ្ចុះ​ទឹកនោម​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ជួប​ប្រទះ​អាកា​រៈ​វិលមុខ​ក្រោយ​ប្រើប្រាស់​ថ្នាំ​ណាមួយ​។

៧. សម្ពាធ​ឈាម​ចុះ​ទាប ៖ ករណី​ភាគច្រើន​នៃ​អាកា​រៈ​វិលមុខ គឺ​បណ្ដាល​មក​ពី​បញ្ហា​សម្ពាធ​ឈាម​ចុះ​ទាប​។ ដូច្នេះ​អ្នក​មិន​គួរ​ប្រហែស​ចំពោះ​អាកា​រៈ​នេះ​ឡើយ​ប្រសិនបើ​វា​កើតឡើង​ញឹកញាប់​។ ចូរ​ធ្វើការ​ពិនិត្យ​សម្ពាធ​ឈាម​ឱ្យ​បាន​ត្រឹមត្រូវ​។

៨. គាំងបេះដូង និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល ៖ ប្រសិនបើ​អាកា​រៈ​វិលមុខ​មាន​អម​មក​ជាមួយ​នូវ​អាកា​រៈ​ឈឺទ្រូង ភាព​ខ្លី​នៃ​ដង្ហើម ចង្អោរ​ចង់​ក្អួត និង​ឈឺដៃ​នោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​បញ្ហា​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ឬ​គាំងបេះដូង​ហើយ​។ ចូរ​ប្រញាប់​ទាក់ទង​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ