រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនប្រក្រតីបានដើរចេញបាត់ពីផ្ទះ គ្មានដំណឹងសូន្យ មិនដឹងថាទៅណានោះទេ ធ្វើឱ្យក្រុមគ្រួសារភិតភ័យ កាន់រូបថតដើរប្តឹង សូមឲ្យសមត្ថកិច្ចគ្រប់ឃុំ-សង្កាត់ និងប្រជាពលរដ្ឋមេត្តាជួយអន្តរាគមន៍ផង ក្រោយពីបាត់ពីផ្ទះកាលពីម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីដែលបាត់ខ្លួនគ្មានដំណឹងខាងលើមានឈ្មោះ ផៃ ស្រីនាង ហៅអ៊ូក អាយុ២៩ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ។
បើតាមបងស្រីឈ្មោះផៃ សុខរី អាយុ៣៤ឆ្នាំ ជាកម្មការនីរោងចក្រ ដែលគាត់កាត់សក់ដូចមនុស្សប្រុស បានកាន់រូបថតប្អូនស្រីទៅប្តឹង និងស្នើសុំឲ្យនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងៃទី០៧ ខែធ្នូ នេះឲ្យដឹងទាំងទាំងភ្នែកថា ប្អូនស្រីរបស់គាត់ មានសតិមិនប្រក្រតី រស់នៅសព្វថ្ងៃស្ថិតក្រោមការមើលថែពីក្រុមគ្រួសារ ស្រាប់តែនៅម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០៧ ខែធ្នូនេះ ពេលនាងក្រោកពីដំណេកនឹកស្មានថា នាងទៅបត់ជើង បែរជាបើកទ្វារដើរចេញទៅបាត់ ។
ប្រភពដដែលបន្តថា លុះពេលចាំយូរពេក មិនឃើញប្អូនស្រីចូលសម្រាកវិញ រូបគាត់ក៏តាមរកមើល ស្រាប់តែបាត់នាងឈឹងតែម្តង ទើបឆោឡោដើរស្វែងរកទាំងយប់ តែមិនឃើញនោះទេ។ លុះភ្លឺឡើង ក្រុមគ្រួសារដើរស្វែងរកនៅតែមិនឃើញ ទើបកាន់រូបថត ដើរបង្ហាញជាសាធារណៈ ប្តឹងទៅសមត្ថកិច្ចឃុំ-សង្កាត់ ទទូចស្នើសុំឲ្យជួយឃាត់ទុកឲ្យក្រុមគ្រួសារគាត់ផង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ