ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់សំយ៉ា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះចុះជួយទាន់ពេល កើតឡើងនៅព្រឹកថ្ងៃទី០៦ធ្នូ ស្ថិតនៅភូមិរោលជ្រូក ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2019/12/c9a0f88fabe1a743252745d53972dae6.jpg)
លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ រឹម វ៉ាន់ឈីន ភេទប្រុស អាយុ៣៧ឆ្នាំ និងមានប្រពន្ធឈ្មោះ ខុន ស្រីតូច អាយុ៣៣ឆ្នាំ ។ នៅមុនពេលកើត ប្រពន្ធម្ចាស់ផ្ទះបានដុតភ្លើងអាំងត្រីនៅនឹងសំយ៉ាបផ្ទះ ដែលធ្វើអំពីដែកមានបណ្តោយ៣ម៉ែត្រ និងទទឹង២,៥០ម៉ែត្រ តភ្ជាប់នឹងផ្ទះបាយខាងក្រៅ (ជាទីតាំងទុកសម្រាប់អាំងត្រីនិងដាំបាយ)ដោយគ្មានជញ្ជាំងនោះទេ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2019/12/258377b118fa08f0e96e8f5b9f930e4d.jpg)
លោកបន្តថា ក្រោយពីដាក់អាំងត្រីលើចង្ក្រានហើយក៏ទុកចោល ដោយរវល់ទៅលក់ឥវ៉ាន់នៅខាងមុខផ្ទះ ស្របពេលមានខ្យល់បោក ធ្វើឲ្យផ្កាភ្លើងហើរទៅប៉ះសម្ភារចាស់ៗ បង្កទៅជាអគ្គិតែម្តង ហើយធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជួយអន្តរាគមន៍ពន្លត់ បានទាន់ពេលវេលាទប់ស្កាត់មិនឲ្យភ្លើងឆាបឆេះដល់ផ្ទះធំ តែឆេះសម្ភារខោអាវចាស់ៗ សៀវភៅចាស់ៗ គ្រែឈើនិងរទេះអូសឥវ៉ាន់១ រួមទាំងសម្ភារៈផ្សេងៗបន្តិចបន្តួចប៉ុណ្ណោះ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2019/12/6de64873e9864590afadaec5626cd751.jpg)
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ សូមមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះ ការប្រើប្រាស់ភ្លើងចង្ក្រានដុតអុស ឬធ្យូង ក៏ដូចជាការប្រើប្រាស់ចង្ក្រានហ្គាសផងដែរ ព្រោះថារដូវនេះ គឺជារដូវប្រាំងមានខ្យល់ ដែលជាកត្តាងាយស្រួលបំផុត ចំពោះអគ្គភីភ័យកើតឡើងណាស់ ។
ចែករំលែកព័តមាននេះ