រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងសេរីរវាងកម្ពុជានិងបណ្ដាប្រទេសសហភាពអឺរ៉ុប អាស៊ី រួមមានប្រទេសធំៗចំនួន៥ មានដូចជា ប្រទេស រុស្ស៊ី អាមេនៀ កាហ្សាក់ស្ថានកៀស៊ីស៊ីស្ថាន និងប្រទេសបេឡារុស គ្រោងនឹងបញ្ចប់និងអាចដំណើរការធ្វើពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ ២០២០ខាងមុខនេះ ដែលអាចបង្កើនទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសទាំងនោះ ។
យោងតាមប្រសាសន៍លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះត្រូវចរចាម្ដងមួយប្រទេសៗ ហើយពេលនេះកម្ពុជាបានបញ្ចប់អស់ចំនួនបួនប្រទេសហើយ នៅសល់តែមួយប្រទេសទៀតប៉ុណ្ណោះដែលត្រូវចរចា នោះគឺប្រទេសកាហ្សាក់ស្ថាន ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «សម្រាប់កិច្ចចរចាជាមួយបេឡារុស យើងក៏សង្ឃឹមថានឹងជោគជ័យដែរ ដោយសារតែប្រទេសរុស្ស៊ីបានជំរុញអោយកាហ្សាក់ស្ថានបង្កើតកិច្ចព្រមព្រៀងជាមួយកម្ពុជាផងដែរ ដូច្នេះយើងមើលឃើញថាមិនមានអ្វីជាឧបសគ្គនោះទេ អញ្ចឹងនៅឆ្នាំក្រោយកិច្ចចរចានេះ នឹងចប់ ហើយអាចចាប់ផ្ដើមធ្វើពាណិជ្ជកម្មរួបគ្នាបានហើយ » ។ លោកបានបន្តថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចាប់ផ្ដើមអនុវត្តន៍ជាមួយបណ្ដាប្រទេសទាំង៥ក្នុងតំបន់អឺរ៉ុប អាស៊ី កម្ពុជានឹងអាចនាំចេញទៅកាន់ប្រទេសទាំងនោះ បានកាន់តែច្រើនដែលអាចធ្វើអោយទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសបានកាន់តែច្រើនផងដែរ ជាពិសេសទំនិញដែលមានតម្លៃថ្លៃផងដែរ ។
លោកប៉ាន សូរស័ក្ដិ បានបញ្ជាក់ឲ្យដឹងផងដែរថា «ទំនិញដែលជាតម្រូវការចាំបាច់របស់ប្រទេសទាំងនោះ រួមមានអាវរវាងក្រាស់ៗ ដែល ទំនិញជាទំនិញមានតម្លៃខ្ពស់សម្រាប់ទីផ្សារប្រទេសទាំងនោះ »។ លោកបានបន្ថែមថាក្រៅពីពាណិជ្ជកម្មសេរី ជាមួយប្រទេសក្នុងតំបន់ អឺរ៉ុប អាស៊ី កម្ពុជាក៏បាននិងកំពុងចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ ដោយអ្នកបច្ចេកទេស និងប្រតិភូកម្ពុជា ក៏បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ចរចានូវកិច្ចព្រមព្រៀងនេះ ដើម្បីអោយកម្ពុជា អាចនាំចេញទំនិញបានកាន់តែច្រើនទៅកាន់ប្រទេសទាំងនោះ ។ សម្រាប់ពាណិជ្ជកម្មសេរី ជាមួយប្រទេសក្នុងតំបន់អឺរ៉ុបអាស៊ី កម្ពុជានឹងអាចនាំចេញនូវទំនិញសក្ដានុជាច្រើនទៀត ក្នុងវិស័យវាយនភ័ណ្ឌ និងផលិតផលកសិកម្មជាច្រើនទៀតទៅតាមតម្រូវការជាក់ស្ដែងនៃប្រទេសទាំងនោះ ។
បើតាមលោក Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់ អាស៊ាន និង អាស៊ីបូព៌ា បានអោយដឹងថា កម្ពុជានឹងទទួលបានទីផ្សារកាន់តែធំ នៅពេលដែលការចរចាបានបញ្ចប់ជាមួយនឹងបណ្ដាប្រទេសទាំងនោះ ហើយផលិតផលកម្ពុជានឹងត្រូវបានចែកចាយលើបណ្ដាប្រទេសធំៗលើពិភពលោក ដូចជារុស្ស៊ី និងប្រទេស៤ផ្សេងទៀតក្នុងតំបន់អឺរ៉ុប អាស៊ី ដូច្នេះវាជាឱកាសម្រាប់កម្ពុជាក្នុងការបន្ថែមការផលិតរបស់ខ្លួនដើម្បីផ្គត់ផ្គង់លើទីផ្សារធំៗលើពិភពលោក ។ លោកបានបន្តថា កម្ពុជាត្រូវត្រៀមខ្លួន ក្នុងការទទួលយកនូវអ្វីថ្មីសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅពេលខាងមុខ ហើយកម្ពុជាក៏ត្រូវពង្រឹងនូវគុណភាពការផលិតរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អាស៊ាន ដែលប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន គេក៏បានអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសក្នុងតំបន់អឺរ៉ុប អាស៊ីនេះដែរ ។
លោកវ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់សម្លៀកបំពាក់និងស្បែកជើងកម្ពុជា ធ្លាប់បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងនេះនឹងអាចទាញវិនិយោគិនក្នុងវិស័យវាយនភ័ណ្ឌ មកវិនិយោគនៅកម្ពុជា និងផលិតនូវសម្ភារៈដែលជាតម្រូវការរបស់ប្រទេសក្នុងតំបន់អឺរ៉ុបអាស៊ី សម្រាប់នាំចេញទៅកាន់ទីផ្សារទាំងនោះ ៕
ចែករំលែកព័តមាននេះ