ខេត្តព្រៃវែង ៖ គណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃ ប្រមាណជិត៤០០នាក់ នាំគ្នាធ្វើការប្រឆាំងតវា៉ការប្រកាសតំណែងចៅអធិការវត្តពន្លៃ ដោយប្រជាពុទ្ធបរិស័ទចោទប្រកាន់ថា ភិក្ខុ សាំង គឹមឃុន អតីតចៅអធិការវត្តពន្លៃនេះ បានចាកចេញចោលវត្តតាំងពីថ្ងៃចូលព្រះវស្សាម្ល៉េះ ។ ព្រមទាំងនាំសង្ឃចេញពីវត្ត៥អង្គទៅគង់នៅក្រៅខេត្ត ដោយទុកវត្តចោលជាង១១ខែ និងបាននាំយកទាំងបរិក្ខារ របស់វត្តទៅអស់គ្មានសល់ទៀតផង ។ 
ទើបពេលនេះគណៈកម្មការអាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទមិនព្រមទទួលយកភិក្ខុ សាំង គឹមឃុន ធ្វើជាចៅអធិការវត្តជាថ្មីទៀតឡើយ ខណៈព្រះអនុគណស្រុកមេសាង ព្រមទាំងព្រះវិន័យធរ លោក ឈុំ ឈា អភិបាលរងស្រុកមេសាង លោក តេត សារី ប្រធានការិយាល័យធម្មការស្រុក និងមន្ត្រីសង្ឃបានមកប្រកាសតែងតាំងព្រះតេជគុណ សាំង គឹមឃុន ជាព្រះចៅអធិការវត្តពន្លៃឡើងវិញ ទើបផ្ទុះអធិករណ៍រហូតដល់កើតហិង្សាយ៉ាងច្រងេងច្រងាងពេញវត្ត ។
 
ពុទ្ធបរិស័ទចូលឆក់យកសេចក្តីសម្រេចតែងតាំងរបស់ព្រះមេគណខេត្តមកហែកចោលនិងដណ្តើមត្រាយកទៅចាក់ចោល ព្រមទាំងមានប្រទាញប្រទង់ស្បង់ចីវរព្រះសង្ឃទៀតផង ដេញមិនឱ្យគង់នៅទេ ។ ការផ្ទុះអធិករណ៍នៅវត្តពន្លៃនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៤ ធ្នូ នៅវត្តពន្លៃ ឃុំអង្គរទ្រេត ស្រុកមេសាង ខេត្តព្រៃវែង ។ លោក វ៉ាន់ យឿន ប្រធានគណៈកម្មការអាចារ្យវត្តពន្លៃបានឲ្យដឹងថា មូលហេតុនាំឲ្យមានអធិករណ៍នេះកើតឡើងដោយសារព្រះតេជគុណ សាំង គឺមឃុន អតីតចៅអធិការវត្តពន្លៃបានចុះចោលវត្ត ព្រមទាំងនាំព្រះសង្ឃ៥អង្គ ចេញពីវត្តកាលពីថ្ងៃទី១៧ មិថុនា ២០១៨ វេលាម៉ោង៨ព្រឹកមុនថ្ងៃចូលព្រះវស្សា១ថ្ងៃ ។

ព្រះតេជគុណបាននាំព្រះសង្ឃទាំង៥អង្គទៅគង់នៅខេត្តឧត្តមានជ័យ ធ្វើឲ្យវត្តពន្លៃគ្មានព្រះសង្ឃគង់នៅសម្រាប់ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានឡើយ ហើយបាននាំយកបរិក្ខារនិងបច្ច័យសម្រាប់កសាងវត្តទៅបាត់ ដោយមានបំណងឲ្យវត្តពន្លៃបរាជិក ទើបគណៈកម្មការគ្រូអាចារ្យវត្តបានទៅនិមន្តព្រះសង្ឃព្រះនាម ឆូយ ដែលមានស្រុកកំណើតនៅក្នុងភូមិពន្លៃ ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យមកគង់នៅចាំព្រះវស្សាវត្តពន្លៃបន្ត ។ 

ក្រោយមកនៅថ្ងៃទី១០ សីហា ២០១៨ បាននិមន្តព្រះអនុគណព្រះនាមបិណ្ឌតោ ហ៊ិន សុខុម និងព្រះគ្រូអនុវិន័យធរ និងលោកអនុប្រធានការិយាល័យធម្មការនិងសាសនាស្រុក បានចាត់តាំងព្រះតេជគុណ ឆូវ គង់នៅជាព្រះចៅអធិការវត្តស្តីទី ដើម្បីគ្រប់គ្រងវត្តបន្ត ។ ចំណែកព្រះតេជគុណ សាំង គឹមឃុន បាននិមន្តចេញពីវត្តរយពេល១១ខែគឺពីខែមិថុនា ២០១៨ លុះមកដល់ថ្ងៃទី១៨ ឧសភា ២០១៩ ទើបនិមន្តត្រឡប់មកវិញ ហើយពេលត្រឡប់មកវិញក៏មិនបានប្រាប់គណៈកម្មការអាចារ្យវត្តដែរ ។ ដូច្នេះប្រជាពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃចំនួន៤០០គ្រួសារ មិនអាចទទួលព្រះតេជគុណ អង្គនេះធ្វើជាចៅអធិការវត្តពន្លៃតទៅទៀតទេ ។

ទាក់ទិនករណីនេះដែរ លោក តេត សារី ប្រធានការិយាយល័យធម្មការនិងសាសនាស្រុកមេសាង បានមានប្រសាសន៍ថា ព្រះតេជគុណ សាំង គឹមឃុន ពិតជាបានចេញពីវត្តពន្លៃទៅគង់នៅខេត្តឧត្តមានជ័យ ពិតប្រាកដមែនដោយបានសុំព្រះអនុគណទៅរៀន ក៏ប៉ុន្តែព្រះសង្ឃ៥អង្គទៀត បាននិមន្តទៅតាមទើបវត្តគ្មានព្រះសង្ឃគង់នៅចាំព្រះវស្សាក្នុងវត្ត ។ ទាក់ទិនករណីនេះដែរព្រះអនុគណស្រុកមេសាងបានមានថេរដីកាថា វិន័យសង្ឃគឺព្រះសង្ឃអង្គណាមានព្រះជន្មចាស់វស្សាជាង គឺធ្វើជាគ្រូចៅអធិការ តែបរិសទ័មិនយល់ព្រមទើបផ្ទុះអធិករណ៍ ខណៈលោក ឈុំ ឈា អភិបាលរងស្រុកមេសាងលួចប្រគល់ត្រាទៅឲ្យព្រះតេជគុណ សាំង គឹមឃុន ទើបផ្ទុះហិង្សាតែម្តង ៕ 







                        
			         
				
ចែករំលែកព័តមាននេះ