ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​ស្លឹកគ្រៃ​ត្រូវការ​ដើមទុន​តិច​តែ​មាន​ទីផ្សារ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​បាន​និយាយ​ថា ប្រជាជន​កម្ពុជា​បាន​មើល​រំលង​មុខរបរ​តូច​មួយ​ដែល​ត្រូវការ​ដើមទុន ដើម្បី​ធ្វើការ​ដាំ​ដុះ ប៉ុន្តែ​ស្រួល​រក​ទីផ្សារ ។ នោះ គឺ​ការ​ដាំ​ស្លឹកគ្រៃ​លក់ ។…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​បាន​និយាយ​ថា ប្រជាជន​កម្ពុជា​បាន​មើល​រំលង​មុខរបរ​តូច​មួយ​ដែល​ត្រូវការ​ដើមទុន ដើម្បី​ធ្វើការ​ដាំ​ដុះ ប៉ុន្តែ​ស្រួល​រក​ទីផ្សារ ។ នោះ គឺ​ការ​ដាំ​ស្លឹកគ្រៃ​លក់ ។

អ្នកស្រី តុង ចាន់​ឃាង នាយក​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ហៅ​កាត់​ថា អង្គការ​សេ​ដាក់ (CEDAC) បាន​ឲ្យ​ដឹង​ថា ប​ន្លៃ​ស្លឹកគ្រៃ​នេះ​បាន​មាន​ទីផ្សារ​ខ្ពស់ ហើយ​ត្រូវ​បាន​អាជីវករ​នាំ​យក​ពី​ទីក្រុង​ភ្នំពេញ​ទៅ​លក់​នៅ​តាម​ផ្សារ​បណ្តា​ខេត្ត​ចំនួន​ទៅ​វិញ ។ ស្លឹកគ្រៃ​ដែល​មាន​លក់​នៅ​ទីផ្សារ​ភ្នំពេញ​មួយ​ចំនួន​ត្រូវ​បាន​គេ​នាំ​យក​ពី​ប្រទេស​ជិតខាង និង​មួយ​ចំនួន​ទៀត​របស់​កសិករ​នៅ​ជិត​ភ្នំពេញ​បាន​ដាំ ។

ពោល គឺ​ប្រជា​កសិករ​ដែល​នៅ​ក្បែរ​ប្រភព​ទឹក​ដូច​ជា នៅ​ខាង​កោះដាច់ ខ្សាច់កណ្តាល ។​ល​។ អ្នកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា តាម​សិក្សា​បន្លែ​ស្លឹកគ្រៃ​ដែល​នាំ​យក​ពី​ភ្នំពេញ​ទៅ​លក់​នៅ​បណ្តា​ផ្សារ​នីមួយ​ៗ​មាន​ចំនួន​១០០ ឬ​២០០ គីឡូក្រាម​ទៅ​តាម​ផ្សារ​តូច​ធំ ។ អ្នកស្រី​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទីផ្សារ​មាន​តម្រូវការ​ប​ន្លៃ​ស្លឹកគ្រៃ អី​ញ្ចឹ​ង​បាន​យើង​នាំ​កសិករ​ដាំ ដើម្បី​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ​នោះ ។ ប៉ុន្តែ​ប​ន្លៃ​ស្លឹកគ្រៃ​នេះ​តម្រូវការ​ឲ្យ​មានការ​រៀបចំ​សម្អាត​បាន​ត្រឹមត្រូវ​មុន​នឹង​យក​មក​លក់​ទីផ្សា​» ។

អ្នកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា ស្លឹកគ្រៃ​ចាប់ពី​ដាំ​រហូត​ដល់​៦ ឬ​៧​ខែ ទើប​ទទួលផល ដោយ​បច្ចុប្បន្ន​នេះ​ក្នុង​១​គីឡូ​តម្លៃ​លក់​បោះ​ដុំ​បាន​ចំនួន​១​ពាន់​រៀល ។ ដូច្នេះ​បើ​ត្រូវ​ដឹក​ទៅ​កាន់​ទីផ្សារ​ភ្នំពេញ ត្រូវ​មាន​ចំនួន​ច្រើន​ទៅ​លក់​ទើប​ទទួល​បាន​ប្រាក់​ច្រើន ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកស្រី​ក៏​បាន​លើក​កង្វល់​ថា កសិករ​ក៏​មានការ​ពិបាក​ក្នុង​ការ​យក​បន្លែ​ស្លឹកគ្រៃ​ទៅ​លក់​ទៅ​ទីផ្សារ ដោយសារ​ទីផ្សារ​នៅ​ឆ្ងាយ​ពី​កន្លែង​ដាំ ព្រោះថា បើ​ដឹក​យក​ទៅ​លក់​នឹង​ត្រូវការ​សា​ហ៊ុយ​ច្រើន ហើយ​យក​ផលិតផល​តិច​នោះ​មិន​ចំណេញ​ទេ ។ ប៉ុន្តែ​បើ​កសិករ​មាន​ទីតាំង​ដាំ​នៅ​ជិត​ផ្សារ គឺ​ល្អ​ព្រោះថា ទីផ្សារ​ជិត​តម្លៃ​ខ្ពស់​នោះ​កសិករ និង​ចំណេញ ។

អ្នកស្រី​បន្ថែម​ថា បន្លែ​ស្លឹកគ្រៃ​មិនសូវ​ទាមទារ​ការ​ថែម​ទាំង​ដូច​ដំណាំ​ផ្សេង​នោះ​ទេ ។ ហើយ ប្រជា​កសិករ​មួយ​ចំនួន​បាន​ចាប់អារម្មណ៍​ដាំ​បន្លែ​ស្លឹកគ្រៃ​នេះ តែ​ប្រជា​កសិករ​មួយ​ភាគ​ធំ​មានការ​ពិបាក​ដោយសារ​ខ្វះ​ទឹក ដើម្បី​ស្រោច ។ ស្លឹក​ត្រូវការ​ទឹក ដូច្នេះ​បើ​មិន​មានទឹក​ស្រោច ពិសេស​នោះ​នៅ​ខែប្រាំង​គ្មាន​ទឹក​ស្រោច​ទេវា​នឹង​ត្រូវ​ខូច​អស់ ។

អ្នកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា ខាង​អង្គការ​សេ​ដាក់​បាន​ធ្វើការ​បណ្តុះបណ្តាល​ដល់​ប្រជា​កសិករ ស្ថិត​ក្នុង​ការ​សាកល្បង​តែ​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ទាំង​បច្ចេកទេស​ដាំ​ដុះ ដើម្បី​នាំ​ចូល​ទីផ្សារ​ទទួល​បាន​តម្លៃ​ខ្ពស់​ផង​ដែរ​ព្រោះថា ទីផ្សារ​ស្លឹកគ្រៃ​ក៏​មានការ​ប្រកួតប្រជែង​ផង​ដែរ ។ អ្នកស្រី​បញ្ជាក់​ថា «​ប្រសិនបើ​យើង​ដាំ​មិន​តាម​ស្តង់ដា​ទីផ្សារ​ទេ​នឹង​ពិបាក​ទទួល​ការ​យក​ទិញ ព្រោះ​ត្រូវ​ប្រកួតប្រជែង​នឹង​ស្លឹកគ្រៃ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែល​មាន​ដើម​សវែង​ល្អ ។

បញ្ហា​បច្ចេកទេស​ដាំ​ស្លឹកគ្រៃ​នេះ​ដែរ​ក៏​ទាមទារ​ឲ្យ​យើង​ពង្រឹង​បច្ចេកទេស​ដាំ​ដុះ ដើម្បី​ទទួល​បាន​គុណភាព​ល្អ ។ លើស​ពី​នេះ​ត្រូវ​ចេះ​រៀប​វេច​ខ្ចប់​យក​ទៅ​លក់​ក្នុង​ទីផ្សារ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ