អាកាសធាតុ​ត្រជាក់​គ្របដណ្តប់​ទីរួម ខេត្ត​​មណ្ឌលគិរី​ប្រមាណ​១​ខែ​មក​ហើយ (​វី​ដេ​អូ​)


ខេត្តមណ្ឌលគិរី ៖ អាកាសធាតុ​ត្រជាក់​បាន​គ្របដណ្តប់​ទីរួមខេត្ត​មណ្ឌលគិរី​អស់​រយៈពេល​ប្រមាណ​​១​ខែ​មកនេះ ពោល​គឺ​ចាប់តាំងពី​អំឡុង​ដើមខែ​វិច្ឆិកា​មក ដែល​តាម​ចំណាំ​របស់​អ្នកស្រុក​អាច​និយាយ​បាន​ថា ឈាន​ដល់​រដូវរងារ ហើយ​ភាព​ត្រជាក់​នេះ​ផង​ដែរ ក៏​លាយឡំ​ជាមួយ​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង ប៉ុន្តែ​ទោះជា​យ៉ាងណា​ឥទ្ធិពល​នៃ​បំរែបំរួល​អាកាសធាតុ​នេះ មិន​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ខេត្តមណ្ឌលគិរី​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​បរិយាកាស​បែប​នេះ ពិតជា​អំណោយ​ផល​សម្រាប់ ដំណើរ​កម្សាន្ត​របស់​អ្នកទេសចរ​ជា​ខ្លាំង​។

ខេត្តមណ្ឌលគិរី​ដែល​ល្បី​ថា ជា​ខេត្ត​នៃ​ភាគ​ឥ​សាន្ត​ដែល​មាន​អាកាសធាតុ​ត្រជាក់​ជាងគេ​នោះ បរិយាកាស​ត្រជាក់​នេះ គឺ​ផ្ដើម​ពី​ខែវិច្ឆិកា អូស​បន្លាយ​ទៅ​ដល់​ចុង​ខែមករា ហើយ​ក្នុង​អំឡុង​ខែធ្នូ អាកាសធាតុ​នឹង​ធ្លាក់​ចុះ​ទាប​ជាងគេ​។ បើ​យើង​ពិនិត្យ​លើ​ឧបករណ៍​ស្ទង់​សីតុណ្ហភាព និង​ស្ថាន​ភាព​ជាក់ស្ដែង​មួយ​រយៈ​នេះ​ឃើញ​ថា កម្រិត​សីតុណ្ហភាព​ក្នុង​ពេល​ព្រឹក និង​យប់ បាន​ធ្លាក់​ចុះ​ក្នុង​ចន្លោះ​១៨​ទៅ​២៣​អង្សា ហើយ​សម្រាប់​នៅ​ពេល​ថ្ងៃត្រង់ សីតុណ្ហភាព​មិន​ឡើង​ដល់​៣០​អង្សា​ទេ ទូទៅ​ស្ថិត​ក្នុង​រង្វង់​២៦​ទៅ​២៨​អង្សា​ប៉ុណ្ណោះ ម្ដងម្កាល​ក៏​មាន​ផ្សែង​អ័ព្ទ​គ្រប់​ដណ្ដប់​តំបន់​មួយ​ចំនួន​ផង​ដែរ​ក្នុង​ខេត្ត ។

តាម​ការ​សង្កេត​ជាក់ស្ដែង​ឃើញ​ថា ប្រជាពលរដ្ឋ​ទូទៅ​មិន​ថា ចាស់ មិន​ថា​ក្មេង ចាប់ផ្ដើម​ប្រើប្រាស់​សម្លៀក​បំពាក់​ក្រាស់​ៗ ដើម្បី​ស្លៀកពាក់​កាត់​បន្ថយ​ភាព​ត្រជាក់ ហើយ​អាកាសធាតុ​បែប​នេះ ក៏​បាន​ធ្វើ​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មេង​តូច​ៗ​ជួប​ប្រទះ​ជាមួយនឹង​អាកា​រៈ​ផ្ដាសាយ​ផង​ដែរ ។ ចំណែកឯ​សីតុណ្ហភាព​វិញ គេ​សង្កេត​ឃើញ​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ស្រុក​អូរ​រាំង និង​ស្រុក​ពេ​ជ្រា​ដា គឺ​មាន​ភាព​ត្រជាក់​ខ្លាំង​ជាង​បណ្តា​ស្រុក​ផ្សេង​ៗ​ទៀត​។

សូម​បញ្ជាក់​ថា សម្រាប់​ខេត្តមណ្ឌលគិរី ទោះបីជា​មិន​មាន​រង​សម្ពាធ​ណាមួយ​ពី​បញ្ហា​អាកាសធាតុ​ក្ដី ប៉ុន្តែ​ខេត្តមណ្ឌលគិរី​នៅ​តែ​មាន​ភាព​ត្រជាក់​ប្លែក​ខុស​ពី​ខេត្ត​ផ្សេង​ៗ​ក្នុង​ភូមិភាគ​ឥ​សាន្ត ដោយសារ​តែ​ខេត្ត​នេះ​មាន​កម្ពស់​ខ្ពស់​ជាង​នីវ៉ូទឹក​សមុទ្រ​ជិត​មួយ​ពាន់​ម៉ែត្រ ហើយ​លក្ខណៈ​បែប​នេះ​គឺ​វា​បង្ក​ឲ្យ​មាន​សំណើម និង​ភាព​ត្រជាក់ ។

ជាមួយ​គ្នា​នេះ​ដែរ ពាក់ព័ន្ធ​នឹង​សុខភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ភ្ញៀវ​ទេសចរណ៍ ពុំ​មាន​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ​។ តែ​សម្រាប់​អ្នក​ដើរ​លេង គួរ​ត្រៀម​សម្លៀក​បំពាក់​ក្រាស់​ឲ្យ​បាន​ច្រើន ចៀសវាង​កើត​គ្រុនផ្តាសាយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ