ការ​សាងសង់​សំណង់​អគារ​នៅ​រក្សា​បាន​សញ្ញា​ល្អ​ខណៈ​ការ​នាំ​ចូល​ដែក​កើនឡើង​យ៉ាង​កំ​ហុ​ក


​រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​សំណង់​អគារ​តូច​ធំ​គិត​មក​ដល់​ចុងឆ្នាំ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​មើលឃើញ​ថា​ការ​សាងសង់​នូវ​តែ​រក្សា​បាន​សញ្ញា​មួយ​ល្អ ខណៈ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​មួយ​ថា​កម្ពុជា​នាំ​ចូល​ដែល​សំណង់​ក្នុង​ឆ្នាំ​២០១៩​នេះ​បាន​កើនឡើង​យ៉ាង​កំ​ហុ​ក​បើ​ប្រៀបធៀប​នឹង​រយៈពេល​មុន​ៗ​។

​ជាក់ស្តែង ធនាគារពិភពលោក​ថ្មី​ៗ​នេះ​ក៏​បាន​ចេញ​របាយការណ៍​ដោយ​បាន​បង្ហាញ​ថា វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​មិន​ទាន់​មាន​ភាព​នឿយណាយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​ទេ​។ ជា​លទ្ធផល ការ​នាំ​ចូល​ដែក​សំណង់​បាន​ស្ទុះ​ឡើង​យ៉ាង​គំហុក ដល់​ទៅ​៦៣,៥​ភាគរយ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ពី ២៧,៧​ភាគរយ ក្នុង​ឆ្នាំ​២០១៨​។ ​លោក វ៉ា វិ​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩​វិ​ច្ចិ​កា​ម្សិលមិញ​ថា ការ​សាងសង់​ជា​ទូទៅ​មក​ដល់​ចុងឆ្នាំ​២០១៩​គ្មាន​សញ្ញា​ណាមួយ​ថា​ការ​សាងសង់​មាន​លក្ខណៈ​ថមថយ​នោះ​ទេ ព្រោះ​ការ​សាងសង់​ផ្នែក​ទៅ​លើ​គម្រោង​ចាស់​និង​គម្រោង​ថ្មី​ៗ​មួយ​ចំនួន​ផ្សេង​ទៀត​។

​លោក​បាន​បន្ត​ថា «​បើ​នៅ​តាម​ក្រុង​កំពង់សោម​យើង​បានដឹង​ទាំងអស់​គ្នា​ថា​មាន​គម្រោង​ខ្លះ​បាន​ផ្អាក​សាងសង់​មួយ​រយៈ​សិន​។ ប៉ុន្តែ​បើ​នៅ​ក្រុងភ្នំពេញ​គម្រោង​សាងសង់​ផ្សេង​ៗ​មិន​មានការ​កាត់​បន្ថយ​ឬ​ផ្អាក​ការ​សាងសង់​អ្វី​នោះ​ទេ មាន​តែ​ដំណើរ​ឆ្ពោះទៅ​មុខ​និង​រីក​ចម្រើន​បន្ថែម​។​ជាក់ស្តែង​បើ​យើង​នៅ​តាម​បុរី​មួយ​ចំនួន​នៅ​ជាយក្រុង​ភ្នំពេញ​ដូច​នៅ​ទំនប់​កប់​ស្រូវ ខាង​គួរ​ស្រូវ​គឺ​មានការ​រីក​ចម្រើន​»​។ ​បើ​តាម​អ្នកជំនាញ​រូប​នេះ ទន្ទឹម​ការ​សាងសង់​បន្ត​រក្សា​បាន​សន្ទុះ​ល្អ សម្រាប់​ការ​កសាង​សង់​ខុន​ដូ​ទាំង​នៅ​ក្រុងភ្នំពេញ​និង​នៅ​ខណ្ឌទួលគោក​ក៏​ដូច​ជា​តំបន់​នៃ​ផ្លូវ​៦០​ម៉ែត្រ​និង​ផ្លូវ​បឹង​ទំពុន​ឃើញ​ថា​ការ​សាងសង់​នៅ​មាន​សកម្មភាព​ដូច​ដើម ហើយ​តម្រូវការ​ទិញ ជួល​នៅ​តាម​ផ្នែក​នីមួយ​ៗ​គឺ​មាន​លក្ខណៈ​ដូច​គ្នា​។ ​

លោក វ៉ា​វី​រៈ បាន​មាន​ប្រសាសន៍​ថា​« ការ​សាងសង់​ផ្នែក​ទៅ​លើ​តម្រូវការ​។ កាលណា​មាន​សំណង់ ដែក​និង​សី​ម៉​ង់​ត៍​គឺ​បម្រើ​ង​ដល់​វិស័យ​សំណង់​អីចឹង ការ​នាំ​ចូល​ដែក​ឬ​សី​ម៉​ង់​ត៍វា​អាច​មាន​ទំហំ​សម​មាត្រ​គ្នា ហើយ​ម្យ៉ាងទៀត​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើន​ល្អ ។​ដូចនេះ​បញ្ជាក់​ថា​វិស័យ​អចលនទ្រព្យ​និង​សេដ្ឋកិច្ច​នៅ​តែ​ល្អ​ទាំង​នៅ​ពេល​បច្ចុបន្ន​និង​អនាគត​»​។ ​ចំណែក​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អ​ច​ន​វត្ថុកម្ពុជា មាន​ប្រសាសន៍​ថា​គម្រោង​សាងសង់​ដូច​គ្មាន​ការ​ថមថយ​ទេ វា​នៅ​សកម្មភាព​ដដែល ពួក​គេ​នៅ​តែ​បន្ត​ដំណើរការ​សាងសង់​ទៅ​មុខ​។ ការ​សាងសង់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​មាន​សន្ទុះ​ដូច​កាលពីដើម​ឆ្នាំ​។​វា​មិន​មាន​សន្ទុះ​ជា​ខ្លាំងក្លា​ណាស់ណា​ទេ​។

លោក​បាន​លើក​ឡើង​ថា «​មក​ដល់​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩​នេះ ខ្ញុំ​អត់​ទាន់​ឃើញ​ថា​មាន​គម្រោង​ថ្មី​ៗ​ទេ​បើក​ការ​សាងសង់ មាន​តែ​គម្រោង​ចាស់​ៗ​គេ​បន្ត​ធ្វើ​ការងារ​ពួក​គេ​ដូច​ដើម​»​។
ពាក់ព័ន្ធ​ការ​សាងសង់​សំណង់​អគារ​តូច​ធំ​ទៅ​ទូ​ទាំង​ប្រទេស ពិសេស​នៅ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ចេញ​លិខិត​មួយ​តម្រូវ​ឱ្យ​ម្ចាស់​សំណង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ​នៅ​ក្រុងភ្នំពេញ​(Gold Tower 42) ផ្អាក​ការ​សាងសង់​ជា​បណ្តោះអាសន្ន​និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​៖ ១)- ត្រូវ​រុះរើ​ចេញ​កន្ត្រក​យោង​សម្ភារៈ ដែល​នៅ​ជាប់​តាម​បណ្តោយ​ផ្លូវ​សាធារណៈ​, ២)- ត្រូវ​រក​ក្រុមហ៊ុន​ឯកទេស​ផ្នែក​សុវត្ថិភាព​ការដ្ឋាន មក​ធ្វើការ​វាយតម្លៃ និង​បញ្ជាក់​អំពី​សុវត្ថិភាព​ការដ្ឋាន​របស់​លោក ដែល​បាន​ចុះបញ្ជី​ពី​ក្រសួង​រៀបចំ​ដែនដី នគ​រូបី​យ​កម្ម​និង​សំណង់ និង​៣ ការដ្ឋាន​អាច​បន្ត​ការ​សាងសង់​បាន​លុះត្រាតែ​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ហើយ​ក្នុង​ករណី​នេះ​បើ​មិន​អនុត្ត​តាម​លិខិត​នេះ​ទេ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ជា​ធរមាន​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ