ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាមក​គោក្របី​ខេត្តព្រៃវែង ប្រមូល​ទិញ​​ដល់​ផ្ទះ មាន​ប៉ុន្មាន​យក​ទាំងអស់ (វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លាមក​គោ ឬ​ក្របី វា​ត្រឹមតែ​ជា​កាក​សំណល់​មួយ​ប្រភេទ​ដែល​គេ​អាច​យក​ទៅ​ធ្វើ​ជា​ជីធម្មជាតិ​សម្រាប់​ដាក់​ក្នុង​ស្រែ​ចំការ ឬ​ដាំ​ដំណាំ​ផ្សេង​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាម​ជរ និង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​វិញ គឺ​ពួក​គាត់​អាច​ទាញ​យក​ប្រាក់​ចំណូល​បាន​មួយ​កំរិត​ទៀត​ពី​លាមក​សត្វ​ទាំងនេះ…

ខេត្តព្រៃវែង ៖ លាមក​គោ ឬ​ក្របី វា​ត្រឹមតែ​ជា​កាក​សំណល់​មួយ​ប្រភេទ​ដែល​គេ​អាច​យក​ទៅ​ធ្វើ​ជា​ជីធម្មជាតិ​សម្រាប់​ដាក់​ក្នុង​ស្រែ​ចំការ ឬ​ដាំ​ដំណាំ​ផ្សេង​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាម​ជរ និង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​វិញ គឺ​ពួក​គាត់​អាច​ទាញ​យក​ប្រាក់​ចំណូល​បាន​មួយ​កំរិត​ទៀត​ពី​លាមក​សត្វ​ទាំងនេះ តាម​រយៈ​ការ​លក់​លាមក​សត្វ​គោក្របី​ទៅ​ឱ្យ​ឈ្មួញ​ដែល​មក​ប្រមូល​ទិញ​ដល់​ផ្ទះ​តែ​ម្តង​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច បានឱ្យ​ដឹង​ថា នៅ​ក្នុងភូមិ​-​ឃុំ​របស់​ពួក​គាត់ គឺ​មាន​ឈ្មួញ​មក​ដើរ​ប្រមូល​ទិញ​លាមក​គោក្របី​ដល់​ផ្ទះ និង​ដល់​វា​ស្រែ​តែ​ម្តង ដោយ​លាមក​គោក្របី​ក្នុង​១​បាវ ឬ​១​ទៃ អាច​លក់​បាន​តម្លៃ​៣​ពាន់​រៀល ហើយ​មាន​ប៉ុន្មាន​ក៏​គេ​ទិញ​យក​អស់​ដែរ​។ ដូច្នេះ​ហើយ បច្ចុប្បន្ន​នេះ ពួក​គាត់​មានការ​ងារ​ថ្មី​មួយទៀត បន្ថែម​លើ​ការងារ​ធ្វើស្រែ​ចំការ គឺ​ដើរ​ប្រមូល​កើប​លាមក​គោក្របី ទុក​លក់​ឱ្យ​ឈ្មួញ​។

បើ​តាម​ស្ត្រី​ម្នាក់​ដែល​ជា​ឈ្មួញកណ្តាល ចាំ​ទទួល​ទិញ​លាមក​គោក្របី​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១០ ត្រង់​ចំណុច​កា​រ៉ា​ស់​សាំង​តេ​លា ក្នុងភូមិ​ឩ​ក​ញ៉ា​ឯម ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច បានឱ្យ​ដឹង​ថា គាត់​ប្រមូល​ទិញ​លាមក​គោ​នៅ​ស្រុក​ព្រះស្តេច​នេះ ច្រើន​ខែ​មក​ហើយ ដោយ​ទិញ​ក្នុង​តម្លៃ​៣​ពាន់​រៀល ហើយ​មាន​ប៉ុន្មាន​គាត់​ទិញ​ទាំងអស់​។

បងស្រី​បន្ត​ថា ជា​មធ្យម​ក្នុង​១​ថ្ងៃ គាត់​ប្រមូល​ទិញ​លាមក​គោក្របី​បាន​ប្រមាណ​ជា​៣២០០​ទៅ​៣៥០០​បាវ ហើយ​គាត់​ដឹក​យក​ទៅ​លក់​ចេញ​វិញ នៅ​ឯ​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ដែល​ក្នុង​១​បាវ​គាត់​លក់​ចេញ​បាន​ពី​៥​ពាន់​ទៅ​៦​ពាន់​រៀល ចំណែក​អ្នក​ដែល​មក​ទិញ​លាមក​គោក្របី​ពី​គាត់ គឺ​ប្រជាពលរដ្ឋ និង​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ធ្វើ​ចំការ​ម្រេច​។

ជាមួយ​គ្នា​នេះ​ដែរ បងស្រី​បាន​បញ្ជាក់​ថា មុខរបរ​ប្រមូល​ទិញ​លាមក​គោ​នេះ គឺ​អាច​ចំណេញ​បាន​ច្រើន​ដែរ​ក្នុង​១​ជើង​ៗ ប៉ុន្តែ​១​រយៈ​នេះ​ប្រាក់​ចំណេញ​បាន​ធ្លាក់​ចុះ​វិញ ដោយសារ​តែ​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ច្រើន​ពេក ដោយ​ចាប់​រាប់​ពី​ខេត្តព្រៃវែង រហូត​ដល់​ខេត្ត​មណ្ឌល​គី​រី និង​រតនៈគីរី រថយន្ត​​ដឹក​លាមក​គោ​១​គ្រឿង ត្រូវ​បង់លុយ​អោយ​សមត្ថកិច្ច​នៅ​តាម​ផ្លូវ​ចាប់ពី​១​លាន​ទៅ​១​លាន​៥​សែន​រៀល​ឯណោះ ហើយ​បើ​ថ្ងៃ​ណា​មិនសូវ​មាន​សមត្ថកិច្ច​នៅ​តាម​ផ្លូវ​ទេ ក៏​បង់អស់​៧០​ទៅ​៨០​ម៉ឺន​រៀល​ដែរ​។

បើ​ទោះបីជា ការ​លក់​លាមក​គោក្របី អាច​ផ្តល់​ជា​ប្រាក់​ចំណូល​បាន​ខ្លះ​ៗ​សម្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្តី ប៉ុន្តែ​ក៏​មាន​មតិ​ជា​ច្រើន បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ចំពោះ​ការ​បាត់បង់​លាមក​សត្វ​ទាំង​នេះ និង​ជំនួស​មក​វិញ​ដោយ​ថ្នាំ​ជី​កសិកម្ម​ផ្សេង​ៗ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទិញ​យក​មក​ប្រើប្រាស់​លើ​ការងារ​ស្រែ​ចំការ ដែល​ការ​ប្រើប្រាស់​ជី​កសិកម្ម​ច្រើន វា​បាន​ធ្វើ​ឱ្យ​គុណភាព​ដី​កាន់តែ​ធ្លាក់​ចុះ ការ​ចំណាយ​កាន់តែ​ច្រើន និង​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​សុខភាព​ទាំង​អ្នក​ធ្វើ និង​អ្នក​ទទួល​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ