ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីបានបើកម៉ូតូបុកទៅនឹងដើមឈើ ហើយធ្លាក់ប្រឡាយទឹក បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលអាជ្ញាធរបានអះអាងថា សង្ស័យជនរងគ្រោះស្រវឹងស្រា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនោះបានកើតឡើង នៅម៉ោង១១និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមប្រភពពីមន្ត្រីនគរបាលស្រុកបានប្រាប់ថា ជនរងគ្រោះខាងលើឈ្មោះ ស៊ឹម ធី អាយុ២០ឆ្នាំ មានស្រុកកំណើត រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ បច្ចុប្បន្ននេះ រស់នៅជាមួយប្រពន្ធ នៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូម៉ាក HON DA.C125.ពណ៌ខ្មៅ ពាក់ស្លាកលេខ ឃ.២៨៩០.ក.ច.១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែនទៅបុកជាមួយនឹងដើមឈើ ហើយធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យស្លាប់តែម្ដង។ ហើយចំពោះមូលហេតុ គឺសង្ស័យបណ្ដាលមកពី ស្រវឹងស្រា ហើយបើកបរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ