រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ប្រកបដោយជោគជ័យនៅក្នុងមន្ទីរពេទ្យដ៏ល្បីនៅប្រទេសថៃហើយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដំណឹងពីការសម្រាលកូនប្រុសលើកដំបូងរបស់ ឱក សុគន្ធកញ្ញា ត្រូវបានផ្សព្វផ្សាយតាមរយៈអ្នកសិល្បៈរួមទ្រនំ នៅតាមបណ្តាញសង្គមហ្វេសប៊ុក។

បើទោះបីជារូបភាពនៃការសម្រាលកូនប្រុសរបស់ ឱក សុគន្ធកញ្ញា មិនទាន់ត្រូវបានគេបង្ហាញជាសាធារណៈក៏ដោយ ប៉ុន្តែដំណឹងបានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈ និងប្រិយមិត្តគាំទ្ររបស់នាងជាច្រើនបានសម្តែងការអបអរសាទរ។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារថា អបអរសាទរ ក្មួយប្រុស ឆលី អ៊ឹង កូនប្រុសរបស់ប្អូនស្រី ឱក សុគន្ធកញ្ញា និងហ៊ា អ៊ឹង សុខលី បានប្រសូត្រជាស្ថាពរ ដោយសុវត្ថិភាព ទាំងម្តាយ និងកូន នៅថ្ងៃនេះ ថ្ងៃទី១១ ខែវិច្ឆិកា ម៉ោង១កន្លះថ្ងៃត្រង់។

លោកបន្ថែមថា ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំដែលយើងបានស្គាល់គ្នា បងស្គាល់ប្អូនតាំងពីតូច ព្រោះគ្រួសារយើងស្រលាញ់រាប់អានគ្នាតាំងពីឪពុកម្តាយដល់កូនៗ ហើយបងប្រុសម្នាក់នេះ តែងតែបានរួមការងារជាច្រើនជាមួយប្អូន អ្វីដែលបងសរសើរប្អូន គឺភាពក្លាហាន ភាពរឹងមាំ ភាពឆ្លាតវៃ និងអាចបោះជំហានទៅមុខបានគ្រប់ស្ថានការណ៍ និងកាលៈទេសៈ ។ ទាំងនេះហើយដែលធ្វើឱ្យប្អូនទទួលបានជោគជ័យទាំងជីវិតការងារ និងជីវិតគូរ ។

លោកបន្ថែមទៀតថា រយៈពេលជិតមួយឆ្នាំពេញបន្ទាប់ពីប្អូនរៀបមង្គលការហើយមានបុត្រ តែក្នុងកំឡុងមួយឆ្នាំនោះ ប្អូនបានតស៊ូក្នុងការងារថ្មី XFactor Cambodia រដូវកាលទី១ ទោះជាពពោះជិតគ្រប់ខែឆ្លងទន្លេក៏នៅតែពុះពារ អង្គុយលើកៅអីការងាររាល់សប្តាហ៍រាប់ម៉ោង ដោយមិនត្អូញត្អែរ សូម្បីមួយម៉ាត់ ។ នោះហើយដែលបងកាន់តែជឿជាក់ថា ប្អូនពិតជាមនុស្សស្រីដ៏រឹងមាំម្នាក់ ។

ជាការកត់សម្គាល់ បើទោះបីជា ឱក សុគន្ធកញ្ញា ពពោះកាន់តែកៀកថ្ងៃសម្រាលក៏ដោយ ប៉ុន្តែអ្នកនាងនៅតែបំពេញកាតព្វកិច្ចជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធី XFactor ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។ ចំណងដៃកូនប្រុសរបស់នាងនាពេលនេះ ក៏ជាកាដូមួយដ៏មានតម្លៃសម្រាប់រឹតចំណងអាពាហ៍ពិពាហ៍របស់នាង និងស្វាមី ខណៈកូនក្រុមរបស់នាងគឺ ចាន់ សុបញ្ញា ក៏បានលើកពាន XFactor ផងដែរ។

គួរបញ្ជាក់ដែរថា ប្អូនប្រុសថៅកែ ហង្សមាសលោក អ៊ឹង សុខលី បានចូលស្តីដណ្តឹងតារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៨ ហើយបានរៀបមង្គលការយ៉ាងកក្រើកស្រុកខ្មែរ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩៕ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ