រាជធានីភ្នំពេញ ៖ សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រម្ពុជា បានបង្ហាញនូវការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ដោយក្នុងឱកាសបុណ្យអុំទូកនេះ សហភាពអឺរ៉ុបបានឧបត្ថម្ភសម្ភារៈដល់ទូកចែវនារី មកពីខេត្តកំពង់ឆ្នាំ ដើម្បីជំរុញទឹកចិត្តដល់នារីអោយមានភាពក្លាហានក្នុងការប្រណាំងទូកនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បានអោយដឹងថា នៅក្នុងបរិបទនេះ សហភាពអឺរ៉ុប មានមោទនភាពឧបត្ថម្ភទូកចែវនារី «ព្រះពៃស្រពណ៍» មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលជាការឧបត្ថម្ភពីរឆ្នាំជាប់គ្នាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ការឧបត្ថម្ភរបស់សហភាពអឺរ៉ុប រួមមានការឧបត្ថម្ភជាសម្ភារៈ ការជួសជុលទូក និងឯកសណ្ឋានសម្លៀកបំពាក់ ព្រមទាំងការចំណាយលើម្ហូបអាហារ និងចំណាយផ្សេងៗ នៅក្នុងអំឡុងពេលហាត់សម និងអំឡុងពេលការចូលរួមព្រះរាជពិធីបុណ្យអុំទូក ។
លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប្រចាំព្រះរាណាចក្រកម្ពុជា មានប្រសាសន៍ថា ជាផ្នែកមួយនៃកិច្ចសហការអភិវឌ្ឍន៍របស់សហភាពអឺរ៉ុប ជាមួយប្រទេសកម្ពុជា សហភាពអឺរ៉ុប ក៏មានបំណងលើកកម្ពស់ទាំងកេរតំណែលវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ទាំងសមភាពយេនឌ័រ ។
លោកស្រីបន្តថា ការឧបត្ថម្ភនៅឆ្នាំនេះ គឺដើម្បីជួយជំរុញបន្ថែមទៀតលើកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រប្រពៃណីវប្បធម៌ដ៏សំខាន់នេះរបស់ប្រទេសកម្ពុជា ដែលទាក់ទាញប្រជាជនរាប់លាននាក់មករាជធានីភ្នំពេញ ព្រមទាំងដើម្បីជួយលើកទឹកចិត្តនារីកម្ពុជានៅមូលដ្ឋាន (ភាគច្រើនជាកសិករ) ឱ្យពួកគាត់ជួយលើកកម្ពស់សមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជាផងដែរ។ហើយអាវយឺតដែលពួកគាត់ពាក់ក្នុងការចូលរួមព្រះរាជពិធីបុណ្យអុំទូកនេះ នឹងជួយជំរុញបុព្វហេតុសមភាពយេនឌ័រ ថែមទៀត ដោយមានសារសរសេរថា «សហភាពអឺរ៉ុប ដើម្បីភាពស្មើគ្នា» និងសារសរសេរថា «និយាយថា ទេ ចំពោះ អំពើហិង្សាលើស្ត្រី» ។
លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី មានប្រសាសន៍ថា លោកសប្បាយចិត្តណាស់ដែលឃើញសហភាពអឺរ៉ុបឧបត្ថម្ភទូកចែវនារី «ព្រះពៃស្រពណ៍» ក្នុងរយៈពេលពីរឆ្នាំមកនេះ។ ស្ត្រីនៅមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ជាការសំខាន់ដែលត្រូវផ្សព្វផ្សាយការយល់ដឹងថែមទៀតអំពីបញ្ហានេះ ហើយយើងសូមឱ្យបន្តកិច្ចសហការនេះថែមទៀត ។
សហភាពអឺរ៉ុប គឺជាដៃគូមួយក្នុងចំណោមដៃគូអភិវឌ្ឍន៍ធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយគិតពីជំនួយហិរញ្ញ ប្បទាន និងថវិកាឧបត្ថម្ភគម្រោង។ សហភាពអឺរ៉ុប គាំទ្រគម្រោងនានា ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរបស់ប្រជាជនកម្ពុជា។ គម្រោងនានាដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ចាប់ពីវិស័យនេសាទ អប់រំ កសិកម្ម ការប្រែប្រួលអាកាសធាតុ ជំនួយពាក់ព័ន្ធនឹងពាណិជ្ជកម្ម រហូតដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិមនុស្ស កំពុងតែផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់លាននាក់ ។
គួរបញ្ជាក់ថា ដោយគិតតែជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍វិញ ជារៀងរាល់ឆ្នាំ សហភាពអឺរ៉ុប ចូលរួមចំណែកថវិកាប្រហែលជា ៧៥ លានអឺរ៉ូ ដើម្បីគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា(ឆ្នាំ២០១៨ សហភាពអឺរ៉ុប បានផ្តល់ថវិកាជំនួយឥតសំណង ចំនួន ៨៣.៥ លានដុល្លារ) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ