រាជធានីភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញអ្នកវិនិយោគិនក្នុងស្រុកជាច្រើនចាប់យកការធ្វើអាជីវកម្មផ្តល់សេវាអប់រំគ្រប់កម្រិតមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ផ្អែកលើការរីកចម្រើននេះបានធ្វើឱ្យក្រុមហ៊ុនផ្តល់ការអប់រំខ្លះចំណាយប្រាក់នាំយកកម្មវិធីសិក្សាល្អៗមកបង្ហាត់បង្រៀននៅតាមសាលារបស់ខ្លួន ហើយខ្លះផ្សេងទៀតបង្ហាញមហិច្ឆិតារបស់ខ្លួនបញ្ជូនសិស្ស-និស្សិតទៅបន្តការសិក្សានៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោកថែមទៀត ដើម្បីឱ្យការទទួលបានចំណេះដឹងមានលក្ខណៈស្តង់ដា ពិសេសទទួលបានឱកាសទីផ្សារការងារកាន់តែល្អពេលបញ្ចប់ការសិក្សាត្រលប់មកស្រុកវិញ។

កញ្ញា វិសា សីសុពុំ ជាសិក្សារៀនថ្នាក់ទី១០នៅសាលាឯកជនមួយនៅក្រុងភ្នំពេញបានប្រាប់សារព័ត៌មានកោះសន្តិភាព ថា «នៅពេលរៀនបញ្ចប់ថ្នាក់ទី១២ហើយ ខ្ញុំចង់ទៅបន្តការសិក្សានៅស្រុកគេដែរ។ បច្ចុប្បន្ននេះ គេ (សាលា) មានកម្មវិធីបញ្ជូនសិស្សទៅបន្តការសិក្សានៅក្រៅប្រទេសបាន អិចឹងខ្ញុំចង់ពិភាក្សាជាមួយម៉ាក់ ក្រែងមានឱកាសទៅរៀននៅក្រៅប្រទេស»។ កញ្ញាបានបញ្ជាក់បន្ថែមថា« ប្រទេសដែលជាគោលដៅទៅរៀនបន្តនៅពេលអនាគតរបស់ខ្ញុំ គឺម៉ាកគាត់ចង់ឱ្យទៅរៀននៅប្រទេសអូស្ត្រាលី ព្រោះនៅប្រទេសនេះ គេមានការបង្រៀនរបស់គេល្អ ហើយប្រទេសនោះគឺមានអ្នកទៅបន្តការសិក្សានៅទីនោះវាមានចំនួនច្រើន និងការបង្រៀនរបស់គេមានបច្ចេកទេសខ្ពស់»។
បើតាម វិសា សីសុពុំ បើទោះបីកញ្ញាកំពុងតែរៀននៅត្រឹមថ្នាក់ទី១០តែកញ្ញាបានសង្កេតឃើញកូនខ្មែរជាច្រើនចង់ទៅរៀននៅក្រៅប្រទេសច្រើន អ្នកខ្លះបានសម្រេចក្តីបំណង តែអ្នកខ្លះផ្សេងទៀតគ្មានឱកាសបន្តក្តីស្រម៉ៃរបស់ពួកគាត់នោះ។ កញ្ញាបានសង្កត់ធ្ងន់ថា «បើសិនយើងបានបញ្ចប់ការសិក្សា ឬបានការបញ្ជាក់ការសិក្សាមកពីខាងក្រៅប្រទេស អាចឱ្យយើងមានឱកាសការងារកាន់តែល្អបើប្រៀបធៀបអ្នកបញ្ចប់ការសិក្សានៅក្នុងស្រុក។បំណងប្រាថ្នារបស់ខ្ញុំចង់ធ្វើអ្នកការទូតនៅថ្ងៃអនាគត»។
សម្រាប់កញ្ញា ម៉េងដា អាណា ជាសិស្សរៀននៅថ្នាក់ទី១០ ដែរនោះបានឱ្យដឹងថាកញ្ញាក៏មានបំណងចង់ទៅរៀនបន្តនៅស្រុកគេដែរ ក៏ប៉ុន្តែទាល់តែរៀនចប់ថ្នាក់ទី១២សិន។ ព្រោះកញ្ញាមិនចង់ទៅរៀនទៅក្រៅប្រទេសទាំងយើងកំពុងរៀនត្រឹមថ្នាក់ទី១០បែបនេះទេ ព្រោះវាខាតពេល ។កញ្ញា ដែលមានមហិច្ចតាបន្តការសិក្សានៅបរទេសបានប្រាប់បន្ថែមថា «គោលបំណងរបស់ខ្ញុំគឺចង់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកនៅពេលអនាគត ដោយសារតែខ្ញុំឃើញមិត្តភ័ក្រខ្ញុំជាច្រើនគេបានទៅរៀននៅក្រៅប្រទេសទាំងនោះ ពេលគេត្រលប់មកស្រុកវិញ ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានឱកាសការងារល្អៗធ្វើនៅក្នុងឆាកជីវិតគេ»។ តាមកញ្ញា ម៉េងដា អាណា មុខជំនាញដែលខ្ញុំចង់យកចាប់យកនៅថ្ងៃអនាគតគឺខាងផ្នែកវិជ្ជបណ្ឌិតឬក៏ខាងផ្នែកពាណិជ្ជកម្ម។
លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិកសាលារៀនអន្តរទ្វីបបានមានប្រសាសន៍ក្នុងឱកាសទទួលបានសិទ្ធផ្តាច់មុខបញ្ជូនសិស្សថ្នាក់ទី១០និង១១ទៅបន្តការសិក្សានៅប្រទេស៥៥នៅលើពិភពលោកកាលពីពេលថ្មីៗនេះបានឲ្យដឹងថា «នៅប្រទេសកម្ពុជាសព្វថ្ងៃនេះមានសាលា (ក្រុមហ៊ុន) ចំនួន៣ ដែលទទួលបានសិទ្ធនាំសិស្ស ឬនិស្សិតពីកម្ពុជាទៅបន្តការសិក្សានៅបរទេស ក្នុងនោះមានទៅប្រទេសអូស្ត្រាលី, អង់គ្លេស ប៉ុន្តែការបញ្ជូនទៅមានលក្ខណៈទូទាំងពិភពលោកត្រឹមកម្រិតថ្នាក់ទី១០និងទី១១គឺនៅក្រុមហ៊ុនយើង»។ លោកឧកញ៉ាបានបញ្ជាក់ថា «បច្ចុប្បន្ននេះ ខ្ញុំគិតថាបរិមាណនិងតម្រូវការបស់សិស្សចង់ទៅរៀនបន្តនៅស្រុខក្រៅគឺមានចំនួនច្រើន ហើយក្រុមហ៊ុនយើងធំ អីចឹងយើងមានលទ្ធភាពធ្វើបានច្រើនបើសិស្សមានបំណងចង់រៀននៅក្រៅប្រទេស»។
តាមរយៈការចេញទៅសិក្សានៅក្រៅប្រទេសនេះផងដែរ ភាគច្រើនលើសលុបគឺជាកូនៗដែលមកពីគ្រួសារមានជីវភាពធូរធារព្រោះការចំណាយលើការសិក្សាគឺខ្ពស់ខ្លាំងនៅក្រៅប្រទេស ខណៈសិស្សក្រីក្រមួយចំនួនបានងាកទៅរកការសិក្សានៅក្រៅប្រទេសបង្កើនចំណេះវិជ្ជាតាមរយៈអាហាររូបករណ៍ផ្តល់ដោយស្ថាប័នរដ្ឋនិងបណ្តាមហាវិទ្យាល័យនានាលើសកលលោក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ