ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ចិញ្ចឹម​កន្ធាយ​ទេ​…​ត្រូវ​សិក្សា​ស្វែង​យល់​​ចំណេះដឹង​អ្វីខ្លះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកមាន​បំណង​ចង់​ចិញ្ចឹម​កន្ធាយ​ក៏​ដូច​ជា​ឲ្យ​មានគុណ​ភាពល្អ អ្នក​ត្រូវ​សិក្សា​អំពី​ចំណេះ ដឹង​ជា​មូលដ្ឋាន​សំខាន់ គឺ​បច្ចេកទេស​ជ្រើសរើស​ពូជ វិធី​ថែទាំ ធ្វើ​អាង​ចិញ្ចឹម​កន្ធាយ​ឲ្យ​បាន​សម​ស្រប ។ សត្វ​កន្ធាយ…

រាជធានី​ភ្នំពេញ ៖ អ្នកមាន​បំណង​ចង់​ចិញ្ចឹម​កន្ធាយ​ក៏​ដូច​ជា​ឲ្យ​មានគុណ​ភាពល្អ អ្នក​ត្រូវ​សិក្សា​អំពី​ចំណេះ ដឹង​ជា​មូលដ្ឋាន​សំខាន់ គឺ​បច្ចេកទេស​ជ្រើសរើស​ពូជ វិធី​ថែទាំ ធ្វើ​អាង​ចិញ្ចឹម​កន្ធាយ​ឲ្យ​បាន​សម​ស្រប ។ សត្វ​កន្ធាយ នា​ពេល​បច្ចុប្បន្ន​កំពុង​ពេញ​និយម​សម្រាប់​យក​ទៅ​ធ្វើ​អាហារ​ក្នុង​កម្មវិធី​ជប់លៀង​ផ្សេង​ៗ​ផង​ដែរ ។
លោក ហេង ម៉ា​ទី​ណេ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​វិហារ​សួគ៌​ដ៏​ធំ នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បាន​រៀបរាប់​ពី​ធ្វើ​អាង​ចិញ្ចឹម ។

លោក​រៀបរាប់​ថា អាង​ចិញ្ចឹម​កន្ធាយ​ចាំបាច់​មាន​ផ្ទៃក្រឡា​ជាង​១០​ម៉ែត្រការ៉េ ធ្វើ​អំពី​ឥដ្ឋ​និង​ក្រាល​សុ​ី​ម៉​ង់​ត៍ កម្រិត​ទឹក​មាន​ជម្រៅ​០,៦​ទៅ​១​ម៉ែត្រ ត្រូវ​មាន​លូ​បញ្ចេញ​ទឹក មាត់​បើក​ដោយ​សំណាញ់​ដែក ដើម្បី​រក្សា​កម្រិត​ទឹក​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត ហើយ​មាន​លូ​បង្ហូរទឹក​នៅ​បាត​អាង ។ ជុំវិញ​អាង​គប្បី​ទុក​ចន្លោះ​ដី​ទំនេ មាន​ម្លប់​ត្រជាក់ ហើយ​ធ្វើ​ស្ពាន​សម្រាប់​កន្ធាយ​វារ​ពី​អាង​ទៅ​ដីគោក ។

របៀប​លែង​ពូជ
មុន​ពេល​លែង​ពូជ​ត្រូវ​សំអាត​អាង ត្រូវ​ជ្រើសរើស​កូន​ពូជ​ណា​ដែល​មាំមួន រូបរាង​ស្អាត​ល្អ មិន​មាន​របួស​ឬ​រលាត់​សាច់​ជាដើម ។ កូន​ពូជ​ដែល​ល្អ​បំផុត​គឺ​មាន​ទម្ងន់​ពី​១០០​ក្រាម​ក្នុង​មួយ​ក្បាល​ឡើង​ទៅ គប្បី​លែង​កូន​ពូជ​ទំហំ​ប៉ុន​ៗ​គ្នា ហើយ​លែង​ក្នុង​កំឡុង​ពេល​ចាប់ពី​ខែកុម្ភៈ​ដល់​ខែ​មិ​នា ។ ដង់​សុ​ី​តេ​ចិញ្ចឹម​កូន​ពូជ​មាន​ទម្ងន់​ពី​៥០​ទៅ​១០០​ក្រាម ត្រូវ​លេង​ពី​១០​ទៅ​១៥​ក្បាល​ក្នុង​មួយ​ម៉ែត្រការ៉េ កូន​ពូជ​ទម្ងន់​ប្រមាណ​២០០​ក្រាម​ត្រូវ​លែង​តែ​៤​ទៅ​៧​ក្បាល​ក្នុង​មួយ​ម៉ែត្រការ៉េ ។

ការ​ផ្តល់​ចំណី
ស្នូក​ដាក់​ចំណី​ត្រូវ​ដាក់​នៅ​នឹង​កន្លែង​មួយ ឲ្យ​ស្ថិត​នៅ​លើ​ទឹក​២០​សង្ទីម៉ែត្រ មុន​ពេល​ឲ្យ​កន្ធាយ​សុ​ី ត្រូវ​សម្អាត​ឲ្យ​បាន​ស្អាត ។ ចំណី​ត្រូវ​ល្មម​រង្វះមាត់​របស់​កន្ធាយ​ជា​សំខាន់ ។ ចំណី​កន្ធាយ​មាន​ដូច​ជា ជន្លេន ខ្ច​ង ខ្ចៅ​ជាដើម ។ បរិមាណ​ចំណី​ដែល​ផ្គត់ផ្គង់​រាល់ថ្ងៃ​ឲ្យ​កន្ធាយ គឺ​ប្រមាណ​ពី​៥​ទៅ​៨​ភាគរយ​នៃ​ទម្ងន់​កន្ធាយ​ដែល​មាននៅ​ក្នុង​អាង ។

របៀប​នៃ​ការ​ថែទាំ
ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ ការ​បង្ហូ​ទឹក​និង​បង់សំណាញ់​ចាប់​កុំ​បង្ក​ភាព​ភ័យរន្ធត់​ដល់​កន្ធាយ ។ ទឹក​អាង​ត្រូវ​ស្អាត​ជា​និច្ច​មិន​ត្រូវ​ទុក​ឲ្យ​ស្អុយ​ក្រ​ខ្វក់​ទេ ។ បើ​ចិញ្ចឹម​នៅ​រដូវរងា ត្រូវ​មាន​វិធានការ​ទប់ទល់​និង​ភាព​ត្រជាក់​ដល់​សត្វ​កន្ធាយ ។ ឯការ​ចំណាយ​ទុន​វា​អាស្រ័យ​ទៅ​លើ​អ្នក​ចិញ្ចឹម​តែ​ប៉ុណ្ណោះ ។ បើ​ចិញ្ចឹម​កន្ធាយ​តិច​អស់​តិច បើ​ចិញ្ចឹម​រាប់​មុ​ឺ​ន​ក្បាល​អស់​ទុន​ច្រើន ។ បើ​ចិញ្ចឹម​កន្ធាយ​មួយ​មុ​ឺ​ន​ក្បាល កូន​វា​មួយ​ក្បាល​តម្លៃ​៦​ទៅ​៧​កាក់​ដុល្លារ ពេល​ណា​លោក​អាច​ភ្ញាស់​កូន​កន្ធាយ​បាន​ហើយ មិន​ចាំបាច់​ទិញ​ពី​គេ​ទៀត​ទេ ហើយ​កសិដ្ឋាន​របស់​គាត់​ក៏​បាន​ផ្តល់​កូន​កន្ធាយ តាម​បណ្តា​ខេត្ត​នានា​ដែល​មាន​អ្នក​ចង់​ចិញ្ចឹម​កន្ធាយ​នេះ​ព្រមទាំង​បង្រៀន​វី​ធី​ចិញ្ចឹម​ផង​ដែរ ។

លោក​ថា សត្វ​កន្ធាយ​មួយ​ក្បាល​ក្នុង​មួយ​ឆ្នាំ​វា​សុ​ី​ចំណី​អស់​ប្រហែល​មួយ​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ការ​ចិញ្ចឹម​វា​មិន​អាច​ធំ​ស្មើគ្នា​នោះ​ទេ ខ្លះ​មាន​ទម្ងន់​មួយ​គីឡូក្រាម ខ្លះ​ទៀត​មាន​ទម្ងន់​៦​ទៅ​៧​ខាំ ។ ការ​ចិញ្ចឹម​កន្ធាយ​ឲ្យ​បាន​ជោគជ័យ​នោះ យើង​ត្រូវ​មាន​វិធីសាស្ត្រ​ក្នុង​ពេល​ចិញ្ចឹម គឺ​វិធី​ព្យាបាល​និង​ការពារ បាន​ន័យ​ថា យើង​ដាក់​ថ្នាំ​ការពារ​ជម្ងឺឆ្លង​ក្នុង​រយៈពេល​បី​ខែ​ម្តង ព្រោះ​កន្ធាយ​វា​អាច​ខាំ​គ្នា​របួស​និង​បញ្ហា​ទឹក​នេះឯង ។

លោក ហេង ម៉ា​ទី​ណេ ក៏​បាន​បញ្ជាក់​ថា លោក​បាន​បើក​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ហើយ​បច្ចេកទេស​ការ​ថែទាំ មិន​មាន​ជា​ក្តី​កង្វល់​សម្រាប់​រូប​លោក​ទៀត​ឡើយ ។ ក្តី​កង្វល់​សម្រាប់​លោក​ពេល​នេះ គឺ​ទីផ្សារ​លក់​តែ​ប៉ុណ្ណោះ ។

លោក​ថា ពេល​មុន​មិនសូវ​មាន​អ្នក​ណា​ដឹង​ទេ​ការ​ហូប​កន្ធាយ ប៉ុន្តែ​ឥឡូវ​ស្ទើរតែ​ទាំងអស់​គ្នា​គេ​និយម​ហូប​កន្ធាយ ពេល​ចូល​ហាង​ម្តង​ៗ​តែងតែ​សួរ​រក​កន្ធាយ​នេះឯង ។ នា​ពេល​បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក​ត្រូវ​ដឹក​ទៅ​ឲ្យ​ម៉ូយ​ក្នុង​មួយ​ថ្ងៃ​ពី​២០០​ទៅ​២៥០​គីឡូក្រាម ហើយ​តម្លៃ​ក្នុង​មួយ​គីឡូក្រាម​១០​ដុល្លារ ។ កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​នេះ​កើត​មាន​ជា​បន្តបន្ទាប់ ព្រោះ​ការ​ចិញ្ចឹម​មាន​ដល់​ទៅ​រាប់​មុ​ឺ​ន​ក្បាល​ឯណោះ ។

លោក មាន សុខ​ជា អ្នក​ចិញ្ចឹម​កន្ធាយ​នៅ​ស្វាយ​អ​ន្ទ​របា​ន​និយាយ​ឲ្យ​ដឹង​ថា ដោយសារ​ឃើញ​មិត្តភក្តិ​គេ​ចិញ្ចឹម​កាក់កប លោក​ក៏​សិក្សា​បច្ចេកទេស​ចិញ្ចឹម​ដែរ ។ លោក​ថា​ជាដំបូង លោក​បាន​ទិញ​កូន​កន្ធាយ​ចំនួន​១៥.០០០​ក្បាល​ពី​អាជីវករ​នៅ​ស្រុក​ពញាឮ យក​មក​ប្រលែង​ក្នុង​ស្រះ​ដែល​ទំហំ​ទទឹង​២៥​ម៉ែត្រ បណ្តោយ​៣៥​ម៉ែត្រ​និង​មាន​ជម្រៅ​២​ម៉ែត្រ​កន្លះ ក្នុង​ស្រះ​មួយ​អាច​ដាក់​កូន​កន្ធាយ​៥​ពាន់​ក្បាល ហើយ​នៅ​ជុំវិញ​ស្រះ​ត្រូវ​បាំង​សង្ក​សី​ដើម្បី​កុំ​ឲ្យ​កូន​កន្ធាយ​វារ​ចេញ ។ រីឯ​ទឹក​ដាក់​យ៉ាងតិច​ពី​១​ម៉ែត្រ​ឬ​២​ម៉ែត្រ​កន្លះ​ពី​បាត​ស្រះ ។

ត្រូវ​រក​កំប្លោក​ដាក់​លើ​ផ្ទៃ​ទឹក​ផង ដើម្បី​ឲ្យ​ទឹកថ្លា​ត្រជាក់ កូន​កន្ធាយ​ហែល​តោង​លេង​បាន ។ កូន​កន្ធាយ
​មួយ​ក្បាលមាន​តម្លៃ​ជិត​៤​ពាន់​រៀល គេ​ត្រូវ​តែ​យកចិត្តទុកដាក់​មើលថែ ។ ក្នុង​រយៈពេល​បី​ខែ​ដំបូង ព្រោះ​វា​ទើបតែ​រៀន​សុ​ី​ចំណី​និង​ទើប​បន្សាំ​ង​នៅ​ស្រះ​ថ្មី ។ រយៈពេល​បី​ខែ​នេះ​កូន​កន្ធាយ​សុ​ី​តែ​សាច់​ត្រី​ដែល​គេ​វះ​យក​ឆ្អឹង​ចេញ​មួយ​មុខ​គត់ ។ ប៉ុន្តែ​ក្រោយ​ពី​នោះ​គេ​អាច​លាយ​សាច់​ត្រី​ជាមួយ​និង​កន្ទក់​បុក​ជាមួយ​ត្រកួន​ដើម្បី​ឲ្យ​វា​សុ​ី​បាន​រហូត​ដល់​ធំ ។

លោក​ថា រយៈពេល​១២​ខែ​នៃ​ការ​ចិញ្ចឹម​នេះ ត្រូវ​ផ្លាស់​ទឹក​ឲ្យ​បាន​ទៀងទាត់​ក្នុង​រយៈពេល​មួយ​ខែ​ឬ​ពីរ​ខែ​ម្តង ដើម្បី​កុំ​ឲ្យ​ទឹក​ស្អុយ​និង​មាន​ជាតិពុល​ដែល​អាច​ធ្វើ​ឲ្យ​កូន​កន្ធាយ​មាន​ជំងឺ​ដំបៅ​ខ្នង​ពិបាក​និង​ព្យាបាល ។ ត្រូវ​រៀបចំ​លម្អ​មាត់​ស្រះ ដោយ​ដាំ​បន្លែ​និង​ស្លឹកគ្រៃ​ក្នុង​របាំង​ស័ង្កសី​ផ្នែក​ខាងក្នុង​នៃ​ស្រះ​ទឹក ដើម្បី​ឲ្យ​កន្ធាយ ​ឡើង​ទៅ​ពង​កូន​ឬ​កំ​ដៅ​ថ្ងៃ ។ ត្រូវ​ផ្តល់​ចំណី​ឲ្យ​ទៀងទាត់​គឺ​ក្នុង​មួយ​ថ្ងៃ​ម្តង ហើយ​ផ្តល់​ក្នុង​បរិមាណ​សម​ល្មម​កូន​កន្ធាយ​សុ​ី​អស់​មិន​សល់ ។ ចំណី​ក្នុង​ទក​បង្ក​ឲ្យ​ខូចគុណភាព​ទឹក​តាម​ស្រះ​ចិញ្ចឹម​និ​មួយ​ៗ ។

លោក​បញ្ជក់​ថា បច្ចុប្បន្ន​លោក​មាន​ម៉ូយ​ចាំ​ទិញ​កន្ធាយ​យក​តាម​ហាង​នានា ក្នុង​តម្លៃ​មួយ​គីឡូក្រាម​១០​ដុល្លារ ហើយ​ពេល​នេះ​លោក​លែង​ធ្វើ​ចំណាកស្រុក​ទៀត​ហើយ ដោយសារ​មានមុខ​របរ​ពិតប្រាកដ​ក្នុង​ការ​ចិញ្ចឹម​កន្ធាយ​លក់​ជា​ប្រចាំ ។

លោក ហេង ម៉ា​ទី​ណេ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​វិហារ​សួគ៌​ក៏​បាន​ត្អូញត្អែរ​ផង​ដែរ​ថា ក្នុង​រយះ​ពេល​ចុង​ក្រោយ​នេះ ការ​ចិញ្ចឹម​កន្ធាយ​តាម​បណ្តា​ខេត្ត​នានា មានការ​ថយ​ចុះ​ច្រើន និង​បាក់ទឹកចិត្ត​ដោយសារ​តែ​មានការ​លួច​នាំ​ចូល​កន្ធាយ​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​បា​វិត​ខេត្តស្វាយរៀង​ជា​រៀងរាល់ថ្ងៃ តាម​រថយន្តក្រុង​យក​មក​បោះ​ម៉ូយ​នៅ​រាជធានី​ភ្នំពេញ​មិន​មានការ​ទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​នោះ​ធ្វើ​ឲ្យ​ទីផ្សារ​នៅ​ស្រុក​ខ្មែរ​ជួប​ការ​លំបាក ។

លោក​ថា​មិនមែន​មាន​តែ​កសិដ្ឋាន​របស់​លោក​នោះ​ទេ គឺ​មាន​បងប្អូន​ចិញ្ចឹម​កន្ធាយ តាម​បណ្តា​ខេត្ត​នានា​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ត្រូវ​តែ​ទប់ស្កាត់​ឲ្យ​បានជា​ដាច់ខាត ពិសេស​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​តែ​ម្តង ។ បើ​គ្មាន​ការ​លើក​ទឹក​ដល់​អ្នក​ចិញ្ចឹម​កន្ធាយ​ក្នុងស្រុក​ទេ សុំ​ឲ្យ​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ