គ​.​ម​.​ក ៖ របាយការណ៍​ហិរញ្ញវត្ថុ​ដើរតួ​នាទី​សំខាន់​ជួយ​ម្ចាស់​អាជីវកម្ម​កំណត់​បាន​ភាព​ជោគជ័យ​របស់​ខ្លួន


​រាជធានី​ភ្នំពេញ​៖ អាជីវកម្ម ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម ដែល​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​នៅ​ក្នុង​ដៃ គឺ​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​មិន​ត្រូវ​មើល​រំលង​នោះ​ឡើយ​។ របាយការណ៍​ហិរញ្ញវត្ថុ​សំខាន់​បំផុត​សម្រាប់​អាជីវកម្ម​មិន​ថា​ធុន​ធំ តូច និង​មធ្យម​គឺ របាយការណ៍​លទ្ធផល​, តារាង​តុល្យការ​, របាយការណ៍​មូលធន​ភាគ​ហ៊ុ​និក​, របាយការណ៍​លំហូរ​សាច់ប្រាក់ និង​របាយការណ៍​ប្រាក់​ចំណូល​ទូទៅ​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកជំនាញ​។

ហេតុ​អ្វី​របាយការណ៍​ហិរញ្ញវត្ថុ​ទាំងនេះ​សំខាន់​សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក0x017d7 ប្រាកដ​ណាស់ របាយការណ៍​ហិរញ្ញវត្ថុ​ទាំងនេះ ដើរតួ​យ៉ាង​ចម្បង​ក្នុង​ការ​សម្រេចចិត្ត​, ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​, ការ​កំណត់​ភាព​ជោគជ័យ​, ការ​ប៉ាន់​ប្រមាណ​ភាព​បរាជ័យ​, និង​ប្រាប់​ដល់​មជ្ឈដ្ឋាន​ខាងក្រៅ​អំពី​ព័ត៌មាន​របស់​ក្រុមហ៊ុន​។ នេះ​បើ​តាម​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក )​។

ពាក់ព័ន្ធ​នឹង​របាយការណ៍​ហិរញ្ញវត្ថុ​នេះ លោក ម៉ុ​ក រ៉ា​ឌី អនុប្រធាន​នាយកដ្ឋាន​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ហៅ​កាត់ (​ផ​.​ម​.​ក​) មាន​ប្រសាសន៍​ឱ្យ​ដឹង​កាល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ម្សិលមិញ​ថា ក្រុមហ៊ុន ឬ​សហគ្រាស​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ ពួក​គាត់​មានឱកាស​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ប្រភព​ផ្សេង​ៗ​រួម​នឹង​ប្រភព​ពី​ទីផ្សារ​មូល​ប​ត្រ​។ ​លោក​បាន​លើក​ឡើង​ថា «​បច្ចុប្បន្ន​តាម​ការ​សង្កេត​ឃើញ​ក្រុមហ៊ុន​និង​សហគ្រាស​ដែល​មាន​កាន់​បញ្ជី​ការ​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​មានការ​កើនឡើង​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​៣​ទៅ​៥​ឆ្នាំ​មុន​។​ជាក់ស្តែង​សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​នីមួយ​ៗ​គាត់​ចូល​ចិត្ត​ប្រើ​កម្មវិធី​ជំនួយ​ដល់​ការ​កត់ត្រា​បញ្ជី​ការ​គណនេយ្យ តាម​រយៈ​ការ​ទិញ​កម្មវិធី​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់ អនុញ្ញាត​ឱ្យ​ម្ចាស់​សហគ្រាស​អាច​គ្រប់គ្រង​បាន​ទាំង​ផ្នែក​គណនេយ្យ​,​ទំនិញ​ចេញ​-​ចូល​សម្រាប់​ដំណើរការ​ក្រុមហ៊ុន​ទាំងមូល​។​លើស​ពី​នេះ​នៅ​មាន​ក្រុមហ៊ុន​ខ្លះ​ឈាន​ទៅ​ប្រើ​កម្មវិធី​Cloud Computing​ធ្វើការ​ពិនិត្យ​ទៅ​លើ​បញ្ជី​ការ​របស់​ពួក​គាត់​ថែម​ទៀត​។​អីចឹង​ម្ចាស់​ក្រុមហ៊ុន ទោះបី​គាត់​នៅ​ក្នុង​ឬ​នៅ​ក្រៅ​ក្រុមហ៊ុន​ក៏​គាត់​អាច​មើល​ដឹង​ពី​ដំណើរ​ក្រុមហ៊ុន​»​។

​យោង​តាម​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក ) បាន​គូសបញ្ជាក់​ថា សារៈសំខាន់​នៃ​ការ​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​សម្រាប់​អាជីវកម្ម​គឺ​ផ្តល់​ប្រយោជន៍​ជា​ច្រើន​រួ​មាន ៖១-) តម្លាភាព​ហិរញ្ញវត្ថុ​៖​សូ​ម្បី​តែ​តួលេខ​តូច​បំផុត​នៅ​ក្នុង​តារាង​តុល្យការ ក៏​អាច​មាន​ផល​ប៉ះពាល់​ដ៏​ធំធេង​លើ​អាជីវកម្ម​ដែរ​។ ទ្រព្យ​-​សកម្ម មិន​អាច​មាន​តម្លៃ​ដូច​កាលដែល​ទ្រព្យ​ទាំងនោះ​ត្រូវ​បាន​ទិញ​មក​ជា​លើក​ដំបូង​នោះ​ទេ​។ ភាគរយ​ត្រូវ​បាន​កាត់​ពី​តម្លៃ​របស់​ទ្រព្យសកម្ម​សម្រាប់​ការ​កាត់​រំលស់​។ ក្រុមហ៊ុន​មួយ អាច​រាយការណ៍​ពី​ចំនួន​ជាក់លាក់​ដែល​ជា​ចំណូល​ដែល​រកបាន​។ ប៉ុន្ដែ​តើ​ចំនួន​សាច់ប្រាក់​ជាក់ស្តែង​មាន​ប៉ុន្មាន និង​ចំនួន​ប៉ុន្មាន​ដែល​ជា​គណនី​ត្រូវ​ទទួល ដែល​ត្រូវ​កត់ត្រា​ឱ្យ​បាន​ត្រឹមត្រូវ​។ តួលេខ ដូច​ជា​ប្រាក់​ចំណេញ​មុន​កាត់​ពន្ធ​, ប្រាក់​ចំណេញ​បន្ទាប់​ពី​ពន្ធ​, និង​ប្រាក់​ចំណេញ​ក្រោយ​ការ​កាត់​រំលស់ និង​ពន្ធ គឺជា​តួលេខ​សំខាន់​ៗ​ដែល​ប្រាប់​ភាគ​ហ៊ុ​និក និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​អំពី​រឿងរ៉ាវ​ជា​យ៉ាងច្រើន​អំពី​ក្រុមហ៊ុន​។

ចំណុច​មួយ​ទី ២ គឺ កាត់​បន្ថយ​កំហុសឆ្គង​៖​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​ក៏​មាន​សារៈសំខាន់ ក្នុង​ការ​ស្វែងរក​កំហុសឆ្គង ឬ​កំហុស​ផ្ទៃក្នុង​នៅ​ក្នុង​ដំណើរការ​អាជីវកម្ម​បាន​យ៉ាង​ឆាប់រហ័ស​។ ប្រសិនបើ​សកម្មភាព​ខុសច្បាប់​ណាមួយ​កំពុង​កើតឡើង​នោះ មិន​មាន​វិធី​ល្អ​ប្រសើរ​ណា​ដើម្បី​ស្វែងរក ឬ​ចាប់កំហុស ជាង​ភាព​ខុស​គ្នា​នៃ​តួលេខ​នោះ​ទេ​។ ប្រសិនបើ​កំហុស​ត្រូវ​បាន​ធ្វើ​ឡើង សកម្មភាព​ផ្គូ​ផ្គូ​ង​អាច​នឹង​មាន​ភាព​មិន​ប្រក្រតី ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ក្រុមហ៊ុន​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ផ្គូ​ផ្គូ​ង ឬ​កែតម្រូវ​ចំនួន​លំអៀង​ក្នុង​បញ្ជី​គណនី​របស់​ពួក​គេ និង​ពិនិត្យ​ធាតុ​នីមួយ​ៗ​ដើម្បី​ឱ្យ​ពួក​គេ​អាច​រក​ឃើញ​ថា​នរណា​ម្នាក់​បាន​កែ​ក្លែង ផ្នែក​ណាមួយ​នៃ​អាជីវកម្ម ឬ​ដើម្បី​ស្វែងរក​ថា​មាន​កំហុស​គណនេយ្យ​ណាមួយ​កើត​មាន​ឡើង​ដែរ​ឬទេ​។ ៣-) ងាយស្រួល​វាយតម្លៃ​កាតព្វកិច្ច​ផ្នែក​ពន្ធ​៖​អត្រា​ពន្ធលើប្រាក់ចំណេញ​មាន​កំរិត​ខ្ពស់ នៅ​ពេល​ដែល​ក្រុមហ៊ុន​រកបាន​ប្រាក់​ចំណេញ​ច្រើន ហើយ​អត្រាពន្ធ​ដែល​ពួក​គេ​ត្រូវ​បង់​ក៏​ខ្ពស់​ទៅ​តាម​នោះ​។

ជា​ញឹកញាប់ ម្ចាស់​អាជីវកម្ម បាន​ភ្ញាក់ផ្អើល​ថា​តើ​ពួក​គេ​នៅ​សល់​ប្រាក់​ចំណេញ​តិចតួច​ក្រោយ​ពេល​ដែល​ពួក​គេ​បាន​បង់ពន្ធ​ជូន​រដ្ឋាភិបាល​។ តើ​ពួក​គេ​អាច​កាត់​បន្ថយ​បន្ទុក​ពន្ធ​របស់​ពួក​គេ​ដែរ​ឬទេ? ប្រសិនបើ​អាច ពួក​គេ​នឹង​ត្រូវការ​តួលេខ​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ បើ​មិន​ដូច្នោះ​ទេ ធនធាន​ទាំងអស់​របស់​ពួក​គេ​អាច​នឹង​ត្រូវ​បាន​ប្រើ​អស់ ឬ​ថយ​ចុះ​ក្នុង​ពេល​ដ៏​ខ្លី​។ ផ្ទុយ​ទៅ​វិញ សម្រាប់​រដ្ឋាភិបាល​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​គឺ​មាន​សារៈសំខាន់​ណាស់ ដោយសារ​តែ​ក្រុមហ៊ុន​ជា​ច្រើន បាន​ក្លែងបន្លំ ឬ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​មិន​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការ​បង់ពន្ធ​។

​ប្រភព​ដដែល​បាន​បន្ត​ថា​ចំណុច​សំខាន់​ទី ៤ គឺ កសាង​ការ​ទុកចិត្ត​៖​លើស​ពី​អ្វី​ផ្សេង​ទៀត ការ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​នាំ​ឱ្យ​មានការ​ទុកចិត្ត​នៅ​ក្នុង​ក្រុមហ៊ុន​។ វិនិយោគិន​ត្រូវការ​ព័ត៌មាន​ដើម្បី​ដឹង​ថា​ក្រុមហ៊ុន​កំពុង​ដំណើរការ​បាន​ល្អ ហើយ​ពួក​គេ​អាច​ដាក់​ប្រាក់​ដែល​ពួក​គេ​ខំរ​កមក​យ៉ាង​លំបាកទៅ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​។ វា​ល្អ​ណាស់​ប្រសិនបើ​តារាង​តុល្យការ​បង្ហាញ​ពី​ប្រាក់​ចំណេញ​។ ប៉ុន្តែ​មាន​ពេល​ខ្លះ តារាង​តុល្យការ​របស់​ក្រុមហ៊ុន​ជា​ច្រើន​បាន​បង្ហាញ​ពី​ប្រាក់​ចំណេញ តែ​ក្រោយមក ត្រូវ​បាន​រក​ឃើញ​ថា​ការ​ពិត​ពួក​គេ​កំពុង​លាក់បាំង​ការ​ខាតបង់​ទៅ​វិញ​។ ៥-) កែ​លម្អ​វដ្ត​នៃ​ការ​ទូទាត់​៖​ដើម្បី​បង្កើន​ប្រសិទ្ធភាព​វដ្ត​នៃ​គណនី​ត្រូវ​សង និង​គណនី​ត្រូវ​ទទួល ភាព​ត្រឹមត្រូវ​នៃ​របាយការណ៍​ហិរញ្ញ​-​វត្ថុ​ដើរតួ​នាទី​យ៉ាង​សំខាន់​។ ការ​ទូទាត់​ផ្សេង​ៗ​រួម​មាន ប្រាក់ខែ និង​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​បង់ (​បញ្ជី​-​បើកប្រាក់​បៀវត្ស​), ភាគលាភ​ដែល​ត្រូវ​បង់​ឱ្យ​ភាគ​ហ៊ុ​និក​, សារពើ​ភ័​ណ្ឌ​ដែល​ត្រូវ​គ្រប់គ្រង និង​ម្ចាស់បំណុល​ដែល​ត្រូវ​សង​ប្រាក់​។ អ្វី​ៗ​ទាំង​អស់នេះ​មិន​អាច​ធ្វើ​បាន​ទេ លុះត្រាតែ​តួលេខ​ត្រឹមត្រូវ និង​មាន​តាម​លំដាប់លំដោយ​។ ប្រសិនបើ​ប្រាក់​កម្ចី​ហួស​កាលកំណត់ ក្រុមហ៊ុន​ត្រូវ​ដឹង​ថា​តើ​ការ​ប្រាក់​ត្រូវ​បង់ ឬ​ទទួល​មាន​ចំនួន​ប៉ុន្មាន​។ ការ​គណនា​បែប​គណិតសាស្ត្រ​អាច​ធ្វើ​ត្រូវ​បាន លុះត្រាតែ​មាន​តួលេខ​ត្រឹមត្រូវ​។

អ្នកជំនាញ​បាន​បន្ថែម​ឲ្យ​ដឹង​បន្ត​ថា ចំណុច​ទី ៦-) ធ្វើការ​សម្រេចចិត្ត​, រៀបចំ​ផែនការ​, និង​ការ​ព្យាករ​បាន​កាន់តែ​ប្រសើរ​។​ការ​វិភាគ​របាយ​ការ​ណ៏​ហិរញ្ញវត្ថុ គឺ​មាន​សារៈសំខាន់​ណាស់​នៅ​ពេល​ដែល​ធ្វើការ​សម្រេចចិត្ត​។ អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ នឹង​ពិនិត្យ​មើល​តម្លៃ​នៃ​ទ្រព្យសកម្ម​ដែល​ក្រុមហ៊ុន​កំពុង​មាន ឬ​កាន់កាប់ ហើយ​សម្រេច​ថា​តើ​ក្រុមហ៊ុន​អាច​ទិញ​បាន​ច្រើន​ជាង​នេះ​ដែរ​ឬទេ​។ នៅ​ពេល​តម្លៃ​ទ្រព្យសកម្ម​ត្រូវ​បាន​រំលស់​ច្រើន​ពេក សំណួរ​នឹង​កើតឡើង​ថា​តើ​ពួក​គេ​ត្រូវការ​លក់​ទ្រព្យសកម្ម​នោះ​ចោល​ឬ​យ៉ាងណា​។ នៅ​ពេល​ក្រុមហ៊ុន​ត្រូវការ​ដើមទុន​បន្ថែម​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន គណនេយ្យករ​នឹង​ពិនិត្យ​មើល​បំណុល​នៅ​ក្នុង​តារាង​តុល្យការ​, មូលធន​ភាគ​ហ៊ុ​និក និង​ប្រាក់​កម្ចី​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​ខ្ចី ហើយ​ធ្វើការ​សម្រេចចិត្ត​ថា​តើ​ប្រភេទ​ហិរញ្ញ​ប្ប​-​ទាន​ណា​ដែល​សាក​សម ឬ​ដែល​ក្រុមហ៊ុន​មាន​លទ្ធភាព​ទទួលយក​។ ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ត្រូវ​បង់​ភាគលាភ ប្រធាន​ហិរញ្ញវត្ថុ​នឹង​ពិនិត្យ​ទៅ​លើ​ប្រាក់​ចំណេញ​ដែល​ក្រុមហ៊ុន​រកបាន​, បំណុល​ដែល​ក្រុមហ៊ុន​ត្រូវ​បង់​, ចំនួន ប្រាក់​ដែល​ត្រូវ​លៃ​ទុក​សម្រាប់​ជា​ទុនបំរុង​ផ្សេង​ៗ, និង​ត្រូវ​សម្រេចចិត្ត​ថា​តើ​ត្រូវ​បង់​ភាគលាភ​ចំនួន​ប៉ុន្មាន​សម្រាប់​ភាគ​ហ៊ុ​និក​។

គ​.​ម​.​ក សង្កត់ធ្ងន់​ថា «​របាយការណ៍​ហិរញ្ញវត្ថុ​បាន​ជួយ​បើក​បង្អួច​សម្រាប់​ការ​ធ្វើការ​សម្រេចចិត្ត និង​ការ​ធ្វើ​ផែនការ​យុទ្ធ​-​សាស្ត្រ​។ របាយការណ៍​មូលធន​បង្វិល​, របាយការណ៍​បម្រែបម្រួល​ស្ថានភាព​ហិរញ្ញវត្ថុ​, គណនី​ពាណិជ្ជកម្ម ត្រូវ​តែ​ពិនិត្យ​មើល​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ការ​វាយតម្លៃ​ថា​តើ ក្រុមហ៊ុន​កំពុង​រក​ប្រាក់​ចំណូល​បាន​ប៉ុន្មាន​, ត្រូវការ​ប្រាក់​ប៉ុន្មាន​ទៀត​, ទុនបម្រុង​ដែល​ពួក​គេ​ត្រូវ​លៃ​ទុក​, និង​របៀប​ដែល​ពួក​គេ​ស្នើ​សុំ​បង្កើន​ការ​លក់ និង​បង្កើន​ហិរញ្ញប្បទាន​»​។

ជា​រួម​ចំណុច​សំខាន់​ៗ​ខាងលើ បាន​សង្កត់ធ្ងន់​ពី​ហេតុផល​ដែល ក្រុមហ៊ុន​ត្រូវ​តែ​ខិតខំ​រក្សា​ភាព​ត្រឹមត្រូវ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​។ ការ​អនុលោម​តាម IFRS ឬ GAAP ឬ​ស្តង់ដារ​គណនេយ្យ​ដែល​អាច​អនុវត្ត​បាន​ដើម្បី​បង្កើត​របាយការណ៍ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ធានា​ថា​ក្រុមហ៊ុន​នឹង​បង្ហាញ​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ពិតប្រាកដ​របស់​អាជីវកម្ម​ខ្លួន​ដល់​គណៈ​គ្រប់គ្រង​ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ