ក្រសួង​ការងារ​ ៖ អត្រា​មានការ​ងារ​ធ្វើ​មាន​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​បន្ទាប់​ពី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​វិស័យ​ការងារ


រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា​បន្ទាប់​ពី​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធ​សស្ត្រ​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣​មក​ឃើញ​ថា​វិស័យ​ការងារ​បាន​បន្ត​រីក​ចម្រើន ហើយ​អត្រា​មានការ​ងារ​ធ្វើ​មាន​កម្រិត​ខ្ពស់​៩៩,៣% ក្នុង​ចំណោម​កំលាំង​ពលកម្ម​ប្រមាណ​១០​លាន​នាក់​។

​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ពិការ​ងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៩​នៅ​កោះ​ពេជ្រ​ថ្មី​ៗ​នេះ លោក​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​បន្ទាប់​ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ត្រូវ​បាន​ប្រសូត​ឡើង ជាមួយនឹង​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ហើយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញ​នៅ​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣ ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ខាងលើ វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បន្ត​រីក​ចម្រើន​និង​បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​តាម​រយៈ​បង្កើត​បានការ​ងារ​ថ្មី​ៗ​ដែល​មានគុណ​ភាព​កាន់តែ​ល្អ កិច្ច​គាំពារ​សង្គម​កាន់តែ​ទូលំទូលាយ​និង​កា​រវិ​វ​ឌ្ឍ​ជំនាញ​ជំនាញ​សមត្ថភាព​កាន់តែ​ខ្ពស់​ឡើង​។

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​ជាក់ស្តែង​អត្រា​មានការ​ងារ​ធ្វើ​មាន​កម្រិត​ខ្ពស់​៩៩,៣% ក្នុង​ចំណោម​កំលាំង​ពលកម្ម​ប្រមាណ​១០​លាន​នាក់​។ គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រ​ព​ន្ធ័​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រមាណ​ជាង​១​ម៉ឺន​កន្លែង​ដែល​ក្នុង​នោះ​មានកំ​លាំង​ពលកម្ម​ជាង​១,៤​លាន​នាក់​, សហគ្រាស​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ប្រមាណ​ជិត​៦​សែន ដែល​មាន​កម្មករ​និ​យោ​ជិ​ក​ជាង​២,៤​លាន​នាក់​,​វិស័យ​កសិកម្ម ជាង​៤​លាន​នាក់​,​ពលករ​ដែល​កំពុង​ធ្វើ​នៅ​ក្រៅប្រទេស​មាន​ប្រមាណ​១,២​លាន​នាក់​និង​មន្ត្រី​សាធារណៈ​ប្រមាណ​៥​សែន​នាក់​»​។ ​លោក​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ​ក្រសួង​ការងារ​បាន​ធ្វើ​ទំនើប​កម្ម​ប្រ​ព​ន្ធ័​អប់រំ​បណ្តុះបណ្តាល​ប​ច្ចេ​ទេស​វិជ្ជាជីវៈ​តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ហើយ​និយោជក​ក៏​អាច​រើស​កំលាំង​ពលកម្ម​បាន​ភ្លាម​ៗ​ដោយ​ងាយស្រួល​នៅ​នឹង​កន្លែង​ឬ​នៅ​ពេលវេលា​និង​ទីកន្លែង​ណា​ក៏​បាន​។

​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ស្រប​ពេល​ស្ថានភាព​សេដ្ឋកិច្ចជាតិ​កំពុង​មាន​កំណើន​ខ្ពស់​ដូច​កម្ពុជា​ភាព​គ្មាន​ការងារ​ធ្វើ​មិន​បណ្តាល​មក​ពី​ខ្វះ​ការងារ​នោះ​ទេ តែ​វា​កើតឡើង​ដោយសារ​តែ​ការ​ខក​ឱកាស​និង​ភាព​មិន​ស៊ីសង្វាក់​គ្នា​នៅ​ក្នុង​ព័ត៌មាន​ទីផ្សារ​ការងារ​។​ការ​ខក​ឱកាស​ដោយសារ​អ្នក​ស្វែងរក​ការងារ​ធ្វើ​និង​និយោជក​មិន​អាច​ជួប​គ្នា​ឬ​មិន​អាច​ទទួល​បាន​ព័ត៌មាន​ពេញលេញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទាន់​ពេលវេលា​។

​ចំណែក​ភាព​មិន​ស៊ីគ្នា​កើតឡើង​ដោយសារ​ជំនាញ​អ្នក​ស្វែងរក​ការងារ​ធ្វើ​ខុស​គ្នា​ទៅ​និង​ជំនាញ​ដែល​និយោជក​ត្រូវការ​កំលាំង​ពលកម្ម​។ ​លោក​បាន​បញ្ជាក់​ថា «​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​ឆ្នាំ​កន្លង​មក​ទីភ្នាក់ងារ​ជាតិ​និង​មុខរបរ​និង​ការងារ​បាន​បង្កើត​ការ​ប្រមូលផ្តុំ​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ពី​ឱកាស​ការងារ​ប្រមាណ​ជិត​១​សែន​កន្លែង ព្រមទាំង​បាន​ផ្តល់​ព័ត៌មាន​អំពី​ការ​អប់រំ​បណ្តុះបណ្តាល និង​ចុះ​ឈ្មោះ​អ្នក​ស្វែងរក​ការងារ​ធ្វើ​ជាង​១,៦​ម៉ឺន​នាក់ ហើយ​ក្លាយជា​មូលដ្ឋាន​ទិន្នន័យ​ធំ​មួយ​នៅ​កម្ពុជា​»៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ