ខេត្តប៉ៃលិន ៖ ឈានចូលមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ក្រោមកិច្ចសហការរវាងក្រុមគ្រូពេទ្យឯកទេសភ្នែក របស់អង្គការ Samaritan’s Purse និងមន្ទីរពេទ្យបង្អែកខេត្ត ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យក «ការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន» ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ«យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដោយមានវិធានការ និងទិសដៅ សំខាន់ៗ រួមមាន៖ ទី១. ការពង្រីកការគ្របដណ្តប់សុខភាពជាសកល, ទី២. ការពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន, ទី៣. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, និង ទី៤. ការទប់ស្កាត់ជំងឺមិនឆ្លង និងជំងឺឆ្លង។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ផងដែរថា៖ កិច្ចសហការរវាងមន្ទីរសុខាភិបាលខេត្ត និងអង្គការ ដៃគូសហការនានា ដូចជា FHF, ECF និង Samaritan’s Purse ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកមានជីវភាពក្រីក្រខ្វះខាត និងអ្នកដែលមិនមានលទ្ធភាពចំណាយលើការព្យាបាលជំងឺភ្នែក ។
ដូច្នេះចំពោះប្រជាពលរដ្ឋ ដែលទទួលបានការព្យាបាល ហើយបានមើលឃើញឡើងវិញ គឺមិនត្រឹមតែជាការទទួលបានសុខភាពភ្នែកល្អប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងការទទួលបាននូវឱកាស ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត និងចូលរួមក្នុងសង្គម ប្រកបដោយភាពសកម្មឡើងវិញផងដែរ ។
លោកជំទាវ បាន ស្រីមុំ បានកោតសរសើ រនិងវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភគាំទ្រ និងកិច្ចសហការល្អ រវាងក្រុមគ្រូពេទ្យឯកទេសភ្នែក របស់អង្គការ Samaritan’s Purse ជាមួយមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការផ្តល់ សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ព្រមទាំងបានចូលរួម សម្រាលការលំបាកផ្នែកជីវភាពរបស់ពួកគាត់ តាមរយៈការឧបត្ថម្ភការធ្វើដំណើរ កន្លែងស្នាក់នៅ និងអាហារ ក្នុងអំឡុងពេលទទួលការព្យាបាល។ កិច្ចសហការនេះគឺជាការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន អង្គការ Samaritan’s Purse បានសហការ រៀបចំសកម្មភាព ពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានធ្វើការពិនិត្យ ភ្នែកចំនួន៨១៩នាក់ ស្រី ៥០៧នាក់, វះកាត់ភ្នែកចំនួន៤៤៦នាក់ ក្នុងនោះវះបាយភ្នែកចំនួន៣៧៧នាក់ស្រី២៤៣នាក់ និងវះកន្ទុយថ្លែនចំនួន ៦៤នាក់ ស្រី៤៨នាក់ ព្រមទាំងវះភ្នែកផ្សេងៗបានចំនួន៥នាក់ ស្រី៣នាក់ ផងដែរ៕













ចែករំលែកព័តមាននេះ